ជាតិ
សេដ្ឋកិច្ច
EUយកពន្ធអង្ករ៖ កម្ពុជាបាត់បង់ជិត ៥០លានដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតស្រូវធ្លាក់ថ្លៃ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម (កណ្តាល) ថ្លែងក្នុងសន្និសីទកាសែត
× ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ចាប់ផ្ដើមគិតពន្ធលើអង្ករកម្ពុជា ចាប់ពីថ្ងៃទី១៨ខែមករានេះតទៅសម្រាប់រយៈពេលបីឆ្នាំទៅមុខ។ នៅឆ្នាំដំបូង EU គិតពន្ធប្រហែល ២០០ដុល្លារក្នុងអង្ករមួយតោន និងឆ្នាំទីពីរ ១៧០ ឆ្នាំទី៣ ១៤០។
កម្ពុជានាំអង្ករ ២៦,៩ម៉ឺនតោនទៅទីផ្សារ EU នៅឆ្នាំ២០១៨ ។ បើឈរលើតួលេខនាំចេញនេះ អាចប៉ាន់ស្មានថា ការគិតពន្ធនេះ មានតម្លៃសរុបប្រហែល ៥០លានដុល្លារអាមេរិក។ តែការគិតពន្ធធ្វើឡើងចំពោះអង្ករ មិនទាំងអស់នោះទេ ដែលអង្ករប្រភេទខ្លះមិនជាប់ពន្ធ។
ដូចនេះការយកពន្ធនេះមានតម្លៃក្រោម ៥០លានដុល្លារ។ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម ក្នុងសន្និសីទកាសែតជុំវិញករណី EU យកពន្ធអង្ករកម្ពុជា នៅថ្ងៃទី១៨ខែមករានេះ បានលើកឡើងដូច្នេះថា៖«ការយកពន្ធនេះប្រហែល ៥០លានដុល្លារ តែមិនជាប់ពន្ធទាំងអស់នោះទេ ដូចនេះតម្លៃពន្ធអាចក្រោម ៥០លានដុល្លាបន្តិច»។
សូមស្ដាប់ប្រសាសន៍លោក សុខ សុភ័ក្ត្រ ខាងក្រោម៖
ឈរលើការគិតពន្ធនេះ អង្ករកម្ពុជាត្រូវលក់នៅទីផ្សារ EU ថ្លៃជាងសព្វដង ដែលពិបាកប្រកួតប្រជែងជាមួយគេ។ ប៉ុន្តែកម្ពុជាអាចលក់អង្ករនៅទីផ្សារមួយនេះក្នុងតម្លៃប្រហាក់ប្រហែលដដែល ឬគ្រាន់លើសបន្តិច លុះត្រាមានការបញ្ចុះតម្លៃដើមផលិត និងបន្ធូរបន្ធយការយកពន្ធក្នុងស្រុក។
ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាល អះអាងថា កំពុងដាក់ចេញវិធានការកាត់បន្ថយការចំណាយរបស់ពាណិជ្ជករ ដើម្បីឲ្យការផលិតក្នុងស្រុក ហើយជាក់ស្ដែងគឺអង្ករនេះឯង អាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
បើមិនទាន់និយាយពីអន្តរាគមន៍របស់រដ្ឋាភិបាលឲ្យថ្លៃដើមទាប ឬមានន័យថាថ្លៃដើមផលិតដូចកន្លងមក តើការយកពន្ធនេះប៉ះពាល់ថ្លៃស្រូវរបស់កសិករកម្រិតណា?
បើថ្លៃដើមនៅខ្ពស់ អ្នកនាំចេញអង្ករ នឹងទិញស្រូវពីកសិករទាបជាងមុន ដើម្បីអាចនាំចេញក្នុងតម្លៃអាចប្រកួតប្រជែងនឹងគេបាន។ ដូចនេះការយកពន្ធនេះ នឹងធ្វើឲ្យថ្លៃស្រូវរបស់កសិករចុះថោកជាងមុនពី ៣០០រៀល ទៅ ៤០០រៀលក្នុង១គីឡូក្រាម។ នេះបើតាមលោក សុខ សុភ័ក្ត្រ។
ប៉ុន្តែរដ្ឋាភិបាលនឹងព្យាយាមមិនឲ្យតម្លៃស្រូវកសិករចុះថោកដូចនេះទេ។ រដ្ឋាភិបាលនឹងជួយបន្ថយថ្លៃដើមផលិត ថ្លៃពន្ធគយ ជាដើម ដើម្បីឲ្យអ្នកនាំចេញ នៅតែអាចទិញស្រូវកសិករក្នុងតម្លៃសមរម្យ។ និយាយឲ្យចំ គឺការដាក់ពន្ធរបស់ EU នេះ រដ្ឋាភិបាលនឹងព្យាយាមរ៉ាប់រងបន្ទុកនេះ មិនឲ្យធ្លាក់លើកសិករ ទាំងស្រុងនោះទេ។
គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានប្រកាសថាដាក់ចេញយុទ្ធនាការណ៍ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាអាចរស់ក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ទោះគ្មានការអនុគ្រោះពន្ធពីគេក៏ដោយ តាមរយៈកាត់បន្ថយថ្លៃដើមផលិត សម្រួលមិនឲ្យមានស្ថាប័នឈរជើងច្រើនតាមព្រំដែនជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com