ជាតិ
រដ្ឋាភិបាល ដកហូត​ឯកសារ​មិន​ប្រក្រតី​ជាង​៣​ម៉ឺន​ក្បាល​ពី​ជនបរទេស និង​បណ្ដេញ​ជន​ខុសច្បាប់​ជាង​៣​ពាន់​នាក់​
21, Jan 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​ដកហូត​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ពី​ជនបរទេស ជាង​៣​ម៉ឺន​ឯកសារ ដែល​ស្មើ​៩០​ភាគរយ នៃ​ចំនួន​ជនបរទេស ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ។ ចំណែក​ជនបរទេស​ខុសច្បាប់ ដែល​រដ្ឋាភិបាល​បណ្ដេញ​ចេញ​នោះ មាន​ចំនួន​ជាង​៣០០០​នាក់​។​


 
​ឯកសារ​ដែល​សមត្ថកិច្ច​ប្រមូលបាន​ពី​ជនបរទេស ប្រមាណ​ជាង​៣​ម៉ឺន​ក្បាល​នោះ រួមមាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្ដ​សញ្ញាណ​ប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែន​ជាដើម​។

ឯកសារ​ទាំងនេះ គឺ​ដកហូត​បាន​ពី​ជនបរទេស​១០​សញ្ញា​តិ ប៉ុន្តែ​ក្នុងនោះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ ពោលគឺ​៩០​ភាគរយ​។ នេះ​បើតាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ការទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​។​
 
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ថែមថា រដ្ឋាភិបាល បានផ្ដល់​ពេលវេលា​៦​ខែ​ទៀត ឲ្យ​ក្រសួងមហាផ្ទៃ បន្ត​យុទ្ធនា​ការដកហូត​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់កាប់​ដោយ​ជនបរទេស ដើម្បី​បញ្ចប់​បញ្ហា​ខុសច្បាប់​នេះ ឲ្យ​រួចរាល់​ជា​ស្ថាពរ​នាពេលខាងមុខ​។ កាលពី​ខែសីហា ឆ្នាំ​២០១៧ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ស្ដីពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​។ 
 
​ងាក​មក​បញ្ហា​ជន​អន្តោ​ប្រវេ​សន្ត​ខុសច្បាប់​វិញ អាជ្ញាធរ​កម្ពុជា បាន​បង្ក្រាប​និង​បណ្ដេញចេញ​ជាង​៣០០០​នាក់ កាលពី​ឆ្នាំ​២០១៨ ដែល​ភាគច្រើន​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ដូចជា​ការចាប់​ជំរិត និង​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (​ប្រព័ន្ធ​ទូរ​គម​នា​គម៍​) ,​ល្បែង​តាម​អន​ឡាញ និង​រស់នៅ​ខុសច្បាប់ ដោយ​ផុត​កាលបរិច្ឆេទ​កំណត់​ជាដើម​។ គិត​តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ កម្ពុជា បាន​បណ្ដេញ​ជនបរទេស  ជាង​១៥,០០០​នាក់​ហើយ ដោយ​ក្នុងនោះ​ជនជាតិ​ចិន និង​វៀតណាម​ច្រើនជាងគេ​។ នេះ​បើតាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​៕

Tag:
 ​គៀត ច័ន្ទ​ថា​រិ​ទ្ធ​
  សុខ ផល​
  អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com