ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ ប្រាប់ថា មិន​បានដឹង​អាថ៌កំបាំង​រវាង​លោក កឹម សុខា និង​បរទេស​
23, Jan 2019 , 2:20 pm        
រូបភាព
​ភ្នំពេញ៖ លោក គង់ គាំ បាន​ត្រឹម​ប្រាប់​តុលាការ​ថា ការបង្កើត​សម្ព័ន្ធភាព​របស់លោក សម រង្ស៊ី និង លោក កឹម សុខា គឺ​ដើម្បី​យកឈ្នះ​គណបក្សកាន់អំណាច​។ ឯ​រឿង​លោក កឹម សុខា លួច​ទៅ​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋា​ភិ​បា​កម្ពុជា​នោះ លោក អះអាងថា ពុំបាន​ដឹង​ទេ​។​

 

​លោក គង់ គាំ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង បាន​ចូលទៅ​បំភ្លឺ​តាម​ដីកា​កោះ នៅ​ចំពោះមុខ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​របស់លោក កឹម សុខា​។ លោក លើកឡើងថា ចៅក្រម​ស៊ើបសួរ ហៅ​លោក​ទៅ​សួរ ក៏​ព្រោះតែ​យល់ថា លោក អាច​ដឹង​រឿង​ច្រើន​ក្នុង​សំណុំ​រឿងនេះ​។  
 
​លោក គង់ គាំ ប្រាប់​ក្រុមអ្នកកាសែត ក្រោយ​ចេញពី​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ​ថា សំណួរ​ភាគច្រើន​របស់​ចៅក្រម​ស៊ើបសួរ គឺពាក់ព័ន្ធ​នឹងជីវិត​នយោបាយ​របស់​លោ​កផ្ទាល់ និង​ដំណើរ​ដើមទង​នៃ​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​។ 
 
«​ចុះ​លោក ប្រាប់​ចៅក្រម​ស៊ើបសួរ​យ៉ាងម៉េច​?»​។ អ្នកកាសែត ដាក់​សំណួរ​នេះ ទៅកាន់​លោក គង់ គាំ ហើយ​លោក ក៏​ឆ្លើយថា «​ខ្ញុំ​គ្រាន់តែ​ដឹងថា លោក សម រង្ស៊ី និង​លោក កឹម សុខា ចង់​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​ថាមពល ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​គ្រប់គ្រង​អំណាច​»​។ 
 
​អ្នកកាសែត ប្រឹង​ជជីក​សួរ​ទៀតថា «​ចុះ​ចៅក្រម​ស៊ើបសួរ មាន​សួរ​លោក ពី​រឿង​លោក កឹម សុខា​ទេ ដែលថា​បានរួម​គំនិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​?»​។ អតីត​ទីប្រឹក្សា​គណបក្ស​ប្រឆាំង​រូបនេះ តប​ថា «​អត់​បាន​សួរ​ទេ​។ ចៅក្រម​ស៊ើបសួរ គ្រាន់តែ​សួរថា ពេល​ខ្ញុំ ធ្វើការ​ជាមួយ​លោក កឹម សុខា និង លោក សម រង្ស៊ី បានដឹង​អ្វីខ្លះ​?»​។ 
 
​ក្រោយ លោក អះអាង​ដូច្នេះ អ្នកកាសែត ក៏​ងាក​ទៅ​សួរ​រឿង​លោក​ផ្ទាល់​ជាមួយ​លោក កឹម សុខា វិញ​ម្តង​។ «​តើ​លោក គិតថា លោក កឹម សុខា ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​មែន​ទេ​?»​។ លោក បកស្រាយ​ថា លោក គ្រាន់តែ​ជាទី​ប្រឹក្សា ដូច្នេះ លោក មិនដឹង​គ្រប់​រឿង ដូច​លោក សម រង្ស៊ី ដែល​ធ្លាប់ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​
 
​លោក គង់ គាំ ដែល​ធ្លាប់ជា​អ្នក​ប្រឆាំងនឹង​គណបក្ស​កាន់អំណាច និង​ធ្លាប់​រួម​ដៃ​ជាមួយ​លោក សម រង្ស៊ី អស់​រាប់​ទសវត្ស​រ៍ម​ក​ហើយ​នោះ បាន​បន្តថា លោក ក៏​ពុំ​បានដឹង​ដែរ​ ពី​ទំនាក់ទំនង​រវាង​លោក កឹម សុខា ជាមួយ​បរទេស​។ លោក បរិយាយ​យ៉ាង​ដូច្នេះ​ថា «​ក្រៅតែពី​ការរួបរួម​គ្នា​ឲ្យ​មាន​កម្លាំង​សក្តិសម នឹង​ការ​ប្រជែង​យកឈ្នះ​-​ចាញ់​តាមផ្លូវ​នយោបាយ ខ្ញុំ អត់​បានដឹង​ទាំងអស់​ទេ។ អាថ៌កំបាំង​រវាង​លោក កឹម សុខា និង បរទេស យើង​មិនអាច​ដឹង​បានឡើយ​»​។​
 
​លោក គង់ គាំ បញ្ជាក់​ចុងក្រោយ​ថា រឿង​លោក កឹម សុខា មានតែ​លោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​ដឹង​ច្រើនជាងគេ ដូចដែល​លោក សម រង្ស៊ី ខ្លួនឯង ធ្លាប់​ប្រកាស​កន្លងមក​។ 
 
​ពេល​ឮថា​ចៅក្រម​ស៊ើបសួរ កោះហៅ​លោក គង់ គាំ ទៅ​សួរ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​របស់លោក កឹម សុខា លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស ក៏​ចេញមុខ​សុំ​ធ្វើជា​សាក្សី​ជំនួស​លោក គង់ គាំ​។ លោក អះអាងថា មានតែ​លោក​ម្នាក់​គត់ ដែល​ដឹង​ច្រើនជាងគេ​និង​ស៊ីជម្រៅ​ពី​សំណុំរឿង​របស់លោក កឹម សុខា ព្រោះ​កាលនោះ លោក និង លោក កឹម សុខា តែង​ធ្វើ​សេចក្តីសម្រេច​សំខាន់ៗ​ជាមួយគ្នា ក្នុងឋានៈ​ជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​។ 
 
​ប៉ុន្តែ លោក សម រង្ស៊ី ស្នើសុំ​ថា ការបំភ្លឺ​របស់លោក មិនមែន​ធ្វើឡើង​ក្នុង​សវនាការ​ផ្ទាល់​ទេ គឺជា​ការបំភ្លឺ តាមរយៈ​ការតភ្ជាប់​វីដេអូ​ពី​បរទេស​មក (Video Conference )​។ ចៅក្រម​ស៊ើបសួរ មិនបាន​មាត់ក​អី្វ​នឹង​សំណើ​របស់លោក សម រង្ស៊ី ឡើយ​។ 
 
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច សម្រុក​ចូលទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ក្នុង​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយក៏​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ តុលាការ បាន​ចោទ​លោក ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ដែល​រាប់​ចូលក្នុង​អំពើ​ក្បត់ជាតិ​។ បទ​ចោទ​នេះ គឺ​សំដៅលើ​ការ​សមគំនិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ការចាប់ខ្លួន​នេះ គឺធ្វើឡើង បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ​វី​មួយ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ការ​ថ្លែង​សុ​ទ្ទរ​កថា​របស់លោក កឹម សុខា នៅក្រៅ​ប្រទេស តាំងពី​អំឡុង​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​នោះ លោក កឹម សុខា អះអាងថា លោក មានសាស្ត្រាចារ្យ និង​អ្នកជំនាញបរទេសជាដើម ជួយ​ជ្រោមជ្រែង​និង​ផ្តល់យោបល់​ដល់​លោក ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា​។ 
 
​រហូតដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយជាប់ឃុំ​ក្នុង​ពន្ធ​គារ​បាន​មួយឆ្នាំ ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ក្រោម​ហេតុផល​ថា បារម្ភ​ពី​សុខភាព​របស់លោក​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់​បម្រាម​យ៉ាង​តឹងតែង​ចំពោះ​លោក ដោយ​មិន​ឲ្យ​លោក ធ្វើដំណើរ​ហួស​ពី​ព្រំដែន​កំណត់​ឡើយ និង​មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង រួមទាំង​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។ 
 
​លោក សម រង្ស៊ី រួមទាំង​អ្នកប្រឆាំង ចាត់ទុកថា លោក កឹម សុខា មិនទាន់មាន​សេរីភាព​ពេញលេញ​នោះទេ​។ ពួកគេ យល់ថា ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ប្តូ​រលោក កឹម សុខា ពី​ពន្ធនាគារ យកទៅ​ឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​។ ពួកគេ បន្ត​ទាមទារ​ឲ្យ​ចៅក្រម​ស៊ើបសួរ ទម្លាក់​បទ​ចោទ​ចេញ ​ហើយ​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា​។ 
 
​មកដល់ពេលនេះ សំណុំរឿង​រប​ស់លោក កឹម សុខា បានអូសបន្លាយ​ជិត​មួយឆ្នាំ​កន្លះ​ហើយ​៕ 
 
 

Tag:
 ​គង់ គាំ​
  សម រង្ស៊ី​
  កឹម សុខា​
  តុលាការ​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com