ជាតិ
សេដ្ឋកិច្ច
សហជីព​ថា ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅ​អឺរ៉ុប អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ តែ GMAC មើលឃើញ​វិជ្ជមាន
23, Jan 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ការបន្ត​នីតិវិធី​ស៊ើបអង្កេត និង​ពិចារណា នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​» (Everything But Arms) លើ​កម្ពុជា នៅតែ​ជា​ក្តី​ព្រួយបារម្ភ​របស់​ក្រុម​សហជីព ដែល​បាន​វាយតម្លៃថា ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅ​អឺរ៉ុប អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅតែ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​ការនាំចេញ​នេះ​។

 
​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​វាយតម្លៃ​ជាមុន​ថា ការនាំចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ អាច​នឹងមាន​ការថយចុះ​ជាង​ឆ្នាំ​២០១៨ ដោយសារ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ មូលហេតុ​ដែល​លោក អាត់ ធន់ លើកឡើង​បែបនេះ ដោយសារ​លោក​បាន​ឭ​ពាក្យ​ត្អូញត្អែរ និង​ក្តី​ព្រួយបារម្ភ​របស់​អ្នកបញ្ជា​ទិញ​ពី​កម្ពុជា​។​
 
​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey លោក អាត់ ធន់ បាន​និយាយ​ដូច្នេះ​ថា​៖ «​ចំនួន​អ្នកបញ្ជា​ទិញ និង​អ្នក​ផលិត​មួយចំនួនធំ បាន​ត្អួ​ញ​ត្អែ​រ និង​បាន​លើកយក​បញ្ហា​EBA មក​និយាយ​ច្រើន​។ ដូច្នេះ ចង់​ឬ​មិន​ចង់ ចំនួន​នៃ​ការបញ្ជាទិញ​ទំនិញ​របស់​កម្ពុជា ពី​សហភាព​អឺរ៉ុប​នឹង​ការថយចុះ មិន​ខាន់​។ ប៉ុន្តែ​យើង​មិនអាច​កំណត់​បាន​ក្នុង​ទំហំ​ថយចុះ​ណាមួយ​ជាក់លាក់​ឡើយ ដោយ​ត្រូវ​រង់​ចាំមើល​របាយការណ៍​នាំចេញ​ក្នុង​ឆមាស​ទីមួយ ឆ្នាំ​២០១៩»​។​
 
​ការនាំចេញ​ទំនិញ​វាយ​ន​ភណ្ឌ មានការ​កើន​ឡើងជា​លំដាប់ ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​។ ឆ្នាំ​២០១៥ មាន​នាំចេញ​មាន​ទំហំ​ទឹក​ជាង​៦,៨០០​លាន​ដុល្លារ​, ឆ្នាំ​២០១៦ មាន​ទំហំ ៧,៣០០​លាន​ដុល្លារ​, ឆ្នាំ​២០១៧ មាន​ទំហំ​ជាង​៨,១០០​លាន​ដុល្លារ​។ ចំពោះ​ការនាំចេញ​ទំនិញ​ក្នុង​ឆ្នាំ​២០១៨ នៅតែ​ល្អប្រសើរ ដោយមាន​ការ​កើន​ជាង​៤០​ភាគរយ នៅ​ឆមាស​ទីមួយ ក្នុង​ទំហំ​ទឹក​ជាង​៤,០០០​លាន​ដុល្លារ​។  ប៉ុន្តែ​ចំនួន​នេះ​កើនឡើង ដោយសារតែ​សហរដ្ឋអាមេរិក មិន​យកពន្ធ​នៃ​ការបញ្ជាទិញ​កាបូប​គ្រប់​ប្រភេទ និង​ស្បែកជើង ពី​កម្ពុជា​។  ចំណែក​រោងចក្រ​វាយ​ន​ភណ្ឌ​នៅ​កម្ពុជា បាន​កើន​ឡើងដល់​១,៥០០​កន្លែង ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ដែល​ភាគច្រើន​ជា​រោងចក្រ​ផលិត​កាបូប ដែលជា​តម្រូវ​តាម​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក អាត់ ធន់ ដែល​រៀបរាប់​ពី​របាយការណ៍​នេះ​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​សហ​ជីព​ខាងលើ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​លើកឡើងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​រោងចក្រ​កាត់ដេរ​កម្ពុជា នឹង​នៅតែ​បន្ត​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​២០១៩​។ ការនាំចេញ​នៅតែ​វិជ្ជមាន ដោយសារ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ បានធ្វើ​សេចក្តីថ្លែងការណ៍​ទៅកាន់​គណៈកម្មាធិការ​ពា​ណិ​ជ្ជ​កម្ម​សហភាព​អឺរ៉ុប​ជាច្រើន ដែល​ទទួលបាន​ការឆ្លើយ​តប​យ៉ាង​ល្អប្រសើរ​ត្រឡប់មកវិញ​។  
 
« ជាក់ស្តែង​យើង​មិនទាន់​ដឹង​នៃ​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​គ្រប់​ប្រភេទ​របស់​កម្ពុជា​ពី​បរទេស ពិសេស​អឺរ៉ុប​បានទេ នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​ការនាំចេញ​ផលិតផល​កាត់ដេរ​កម្ពុជា មានការ​កើនឡើង​ខ្ពស់​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ពិសេស​នៅ​ឆមាស​ទីមួយ​ឆ្នាំ​២០១៨ កើនឡើង​ជាង​៤០​ភាគរយ​។  ជា​ជំហរ​វិជ្ជមាន​របស់ខ្ញុំ កម្ពុជា​នឹង​នៅតែ​បន្ត​កើនឡើង​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ និង​បន្ត​អនុវត្ត​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ពី​សហភាព​អឺរ៉ុប​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC)​។​
 
​សូមបញ្ជាក់ថា មកដល់ពេលនេះ សហភាព​អឺរ៉ុប ពុំទាន់​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ឡើយ ពោលគឺ​សហភាព​អឺរ៉ុប ទើបតែនឹង​ចាប់ផ្តើម​ដំណើរការ​លើ​នីតិវីធី​ស្តីពី​ការដក​ការអនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ​។ សម្រាប់​នីតិវិធី​និង​ដំណើរការ​នេះ មាន​រយៈពេល​ដល់​ទៅ​១២​ខែ​ឯណោះ ទើប​ឈានដល់​ការសម្រេច​ចុងក្រោយ​ថា ដក​ឬ​មិន​ដក​ការអនុគ្រោះ​ពន្ធ​៕ 
 

Tag:
 ​ទំនិញ​
  EBA
  EU
© រក្សាសិទ្ធិដោយ thmeythmey.com