កីឡាជាតិ
ជាតិ
ក្លិប PKNS របស់ វឌ្ឍនាកា បង្ហាញ​កីឡាករ និង​ឈុត​រដូវ​កាល​ថ្មី​នៅថ្ងៃនេះ​
24, Jan 2019 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី PKNS FC របស់​កីឡាករ ចាន់ វឌ្ឍនាកា នឹង​បង្ហាញ​កីឡាករ​និង​សម្លៀកបំពាក់ ទ្រង់ទ្រាយ​ធំ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​មហោស្រព PKNS Up Town Shah Alam​។ នេះ​បើតាម​សេចក្តីជូនដំណឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​នេះ​។​

 
​ក្លិប PKNS FC របស់​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា នឹង​បង្ហាញ​សមាជិក​ថ្មី​ទាំង​២៧​រូប​នៃ​ក្រុម​ឈុត​ធំ រួមជាមួយ​សម្លៀកបំពាក់​ប្រកួត​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី​សម្រាប់​រដូវ​កាល ២០១៩-២០២០ នៅ​ថ្ងៃ​នេះ​។ ក្នុងចំណោម​កីឡាករ​បរទេស​ទាំង​៥​រូប វឌ្ឍនាកា ជា​កីឡាករ​បរទេស​ចុងក្រោយ ដែល​ក្លិប​នេះ​បាន​នាំចូល​ដើម្បី​បំពេញ​កូតា​កីឡាករ​អាស៊ាន​។ រូបគេ ជា​កីឡាករ​កម្ពុ​ជាទី​២ ដែល​មក​ប្រកប​អាជីព​នៅ​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​នេះ បន្ទាប់ពី​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប Terengaanu FC​។      


 
​កីឡាករ​បរទេស​៤​រូប​ផ្សេងទៀត​រួមមាន​កីឡាករ​កូ​ឡុំ​ប៊ី Romel Oswaldo, Rafael Ramazotti មកពី​ប្រេ​ស៊ី​ល​, Jonatan Leonel Acosta របស់​ប្រេ​ស៊ី​ល និង​កីឡាករ​អូស្ត្រាលី Zachary Michael Anderson​។ ក្រៅពីនេះ ជា​កីឡាករ​ម៉ាឡេស៊ី​។  
 
​កាលពី​រដូវ​កាល​មុន PKNS FC បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​១០ ស្មើ​៥ និង​ចាញ់​៧​។ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ Malaysia Super League នឹង​បើក​សករាជ​ថ្មី​របស់ខ្លួន​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​គ្រោង​បញ្ចប់​ក្នុងអំឡុង​ខែកក្កដា​។ មិន​ខុសពី​រដូវ​កាល​មុនៗ​ឡើយ រដូវ​កាល​ថ្មី​នេះ មាន​ក្លិប​ចំនួន​១២​ចូលរួម​៕   
 

Tag:
 បាល់ទាត់​
  PKNS FC
  ចាន់ វឌ្ឍនាកា​
© រក្សាសិទ្ធិដោយ thmeythmey.com