កីឡាជាតិ
ជាតិ
ហ៊រ វិចិត្រ យក​ការរត់​ពង្រឹងសមត្ថភាព ត្រៀម​ប្រជែង​ជើងឯក​ពិភពលោក​តេ​ក្វាន់​ដូ ITF
23, Jan 2019 , 10:19 pm        
រូបភាព
កីឡាករ ហ៊រ វិចិត្រ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ការរត់របសខ្លួនក្នុងព្រឹត្តិការណ៍ Angkor Ultra Trail
កីឡាករ ហ៊រ វិចិត្រ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ការរត់របសខ្លួនក្នុងព្រឹត្តិការណ៍ Angkor Ultra Trail
ដោយ:
​កីឡាករ​តេ​ក្វាន់​ដូ ITF ហ៊រ វិចិត្រ បាន​ចូលរួម​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី​១៩-២០ ខែមករា ឆ្នាំ​២០១៩​។ សម្រាប់ វិចិត្រ នេះ​ជាការ​ពង្រឹងសមត្ថភាព​មួយ​ដ៏​សំខាន់​សម្រាប់​គេ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពិភពលោក​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី នា​ខែសីហា ខាងមុខ​។​

 
​ហ៊រ វិចិត្រ អាចជា​កីឡាករ​មួយរូប​ក្នុងចំណោម​កីឡាករ​ជាច្រើន​ទៀត​ខុសពី​គេ ដែល​ប្រើ​ការរត់​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​លើ​ការហ្វឹកហាត់​ជាមួយ​គ្រូ​និង​មិត្ត​រួម​ក្រុម​។ ព្រោះ​រូបគេ​ជឿជាក់ថា ការរត់​អាចជួយ​បង្កើន​កម្លាំង និង​សមត្ថភាព​គេ​កាន់តែ​ប្រសើរ​។  
 
​កីឡាករ​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុង​ក្បាច់គុន​តេ​ក្វាន់​ដូ ITF ការរត់​និង​ហែល​ទឹកជា​ផ្នែក​មួយ​ជួយ​សម្រួល​សាច់ដុំ​។ ការរត់​វា​ជួយ​បង្កើន​កម្លាំង​ស៊ុះ និង​ធ្វើ​ឲ្យ​បេះដូង​មាន​ចលនា​ល្អ ដែល​នាំ​ឲ្យ​ការហ្វឹកហាត់​របស់​យើង​ភាពប្រសើរ​ជាង​មុន​។ រាល់​កីឡាករ​លើ​វិញ្ញាសា​ប្រយុទ្ធ​ទាំងអស់ គឺ​គាត់​ត្រូវ​ការរត់​ជាសំខាន់ ព្រោះ​វា​ធ្វើការ​ប្រកួត​កាន់តែ​ស្វិតស្វាញ​»​។​
 
​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​ទាំងនេះ កាលពីពេល​ថ្មីៗ កីឡាករ ហ៊រ វិចិត្រ បាន​ចូលរួម​រត់​លើ​វិញ្ញាសា​៣២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ដែល​រៀបចំ​នៅ​បរិវេណ​អង្គរ​ក្នុង​ខេត្តសៀមរាប​ពីថ្ងៃ​ទី​១៩-២០ ខែមករា​។ សម្រាប់ វិចិត្រ នេះ​ជាការ​ពង្រឹងសមត្ថភាព​ដ៏​សំខាន់ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី នា​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ​។​
 
​ជាមួយ​ការរៀបរាប់​ពី​ការលំបាក​ចំពោះ​ការផ្លាស់ប្តូរ​ពី​កីឡា​តេ​ក្វាន់​ដូ ITF ទៅ​ចូលរួម​កីឡា​រត់ វិចិត្រ បាន​បន្ថែមថា​៖«​យើង​ប្តូរ​ពី​កីឡា​តេ​ក្វាន់​ដូ ITF មករ​ត់ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​យើង ត្រៀម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី​។ ខ្ញុំ​មាន​អារម្មណ៍​ប្លែក​មែនទែន នៅពេល​យើង​ផ្លាស់ប្តូរ​បែបនេះ​។ តែ​សប្បាយចិត្ត​ក្រោយ​រត់​មក​ដល់ទី​»​។​
 
​នេះ​ជា​លើក​ទី​១​ហើយ ដែល​កីឡាករ​រូបនេះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trail​។ ប៉ុន្តែ​រូបគេ​ធ្លាប់​ចូលរួម​រត់ប្រណាំង​ផ្សេងៗ​ជាច្រើនលើក​រួចមកហើយ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ វិចិត្រ បាន​ទៅ​ចូលរួម​រត់ប្រណាំង​លើ​វិញ្ញាសា​១០​គីឡូម៉ែត្រ​នៅ​ប្រទេស​វៀតណាម​៕     

Tag:
 ​តេ​ក្វាន់​ដូ ITF
  ហ៊រ វិចិត្រ​
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com