ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យកង​កម្លាំង​បង្ក្រាប​អ្នករកស៊ី​គេចពន្ធ ហើយ​ឧ​ត្ត​ម​សេនីយ៍​ក៏ត្រូវ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​
24, Jan 2019 , 12:21 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅលើក្បួនរថយន្តផ្សេងគ្នា នៅក្នុងថ្ងៃរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅលើក្បួនរថយន្តផ្សេងគ្នា នៅក្នុងថ្ងៃរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
​ភ្នំពេញ​៖ ពី​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​បង្ក្រាប និង​ទប់ស្កាត់​ការរកស៊ី​គេចពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ពន្ធដារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

 
​ថ្លែង​ចំពោះមុខ​កងកម្លាំងប្រដាប់អាវុធ​រាប់ពាន់នាក់ នៅ​ថ្ងៃទី​២៤ មករា​នេះ សម្ដេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​កងកម្លាំង​បង្ក្រាប​អ្នករកស៊ី​គេចពន្ធ​ខុសច្បាប់ និង​អ្នកការពារ​ជន​ខុសច្បាប់ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​អ្នក​ខុសច្បាប់​ទាំងនោះ បំផ្លាញ​ដល់​កិត្តិយស​របស់​កងកម្លាំង​រាប់ម៉ឺន​នាក់​ផ្សេងទៀត តាមរយៈ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។​
 
«​ចំណុច​នេះ គឺជា​ចំណុច​ដែល​គ្រប់​អង្គភាព មិនថាតែ​កងកម្លាំងប្រដាប់អាវុធ​ជា​ក្របខ​ណ្ខ​ក្នុង​កងយោធពល​ភូមិន្ទ​នោះទេ តែ​កងកម្លាំង​ដទៃទៀត ដូចជា​កងកម្លាំង​នគរបាលជាតិ ក៏​ត្រូវតែ​ចូលរួម​ដើម្បី​គាំទ្រ​ឲ្យ​អង្គភាព​ប្រមូល​ចំណូល​ថវិកាជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ខិតខំ​ទប់ស្កាត់​ការរកស៊ី​គេចពន្ធ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​ត្រូវដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​រកស៊ី​ខុសច្បាប់ និង​អ្នកការពារ​អ្នករកស៊ី​ខុសច្បាប់​។ ផលប្រយោជន៍​វា​បាន​ទៅ​តែម​នុស្ស​២​ឬ​៣​នាក់ ប៉ុន្តែ​កងទ័ព​របស់​យើង​មាន​ច្រើន ដូច្នេះ​នាយទាហាន នាយទាហានរង និង​ពលទាហាន មិនត្រូវ​អត់ឱន​ឲ្យ​បុគ្គល​មួយចំនួន​តូច​បំផ្លាញ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​កងទ័ព​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​បន្ទាប់ពី​ជំរុញ​ឲ្យ​កងកម្លាំង​ប្រឹង​បំពេញការងារ​នេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏​ងា​កមក​និយាយ​រឿង​មន្ត្រីរាជការ​បង់ពន្ធ​ចូល​រដ្ឋ​វិញ​ម្ដង​។ ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​បែប​លើក​ជា​ឧទាហរណ៍​ថា បើ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ មាន​លុយ​ទិញ​ឡាន​ជិះ ហើយ​សុំ​មិន​បង់ពន្ធ​ថ្លៃ​ឡាន​នោះ វា​នឹងធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ដែរ​។ ដូច្នេះ​បុគ្គល​ទាំងអស់ ត្រូវ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា ដើម្បី​ពង្រឹង​វប្បធម៌​បង់ពន្ធដារ ចូល​ថវិកាជាតិ​។​
 
​ក្នុង​ឯកសណ្ឋាន​កងទ័ព នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៥​ផុត​លេខ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​ត្រូវ​រួមគ្នា ហើយ​វា​មិនមែន​តែ​ជា​ភារកិច្ច​ដាច់ដោយឡែក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គភាព​គយ អង្គភាព​ពន្ធដា​នោះទេ ក៏ប៉ុន្តែ​ត្រូវមាន​ការព្រម​អនុវត្ត​ទាំងអស់គ្នា​។ ហើយ​ខ្លួន​យើង​ម្នាក់ៗ ក៏ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូចគ្នា អស់លោក​មាន​លុយ​ទិញ​ឡាន ត្រូវខិតខំ​បង់ពន្ធ​ឡាន​។ ការសុំ​រួច​ពន្ធ​ឡាន គឺជា​ការកាត់បន្ថយ​ចំណូល​ជាតិ ហើយ​ឧ​ត្ត​ម​សេនីយ៍​មួយ​សុំ​(​មិន​បង់ពន្ធ​) ហើយ​ឧ​ត្ត​ម​សេនីយ៍ នៅក្នុង​ជួរ​ទាហាន ហើយ​ឧ​ត្ត​ម​សេនីយ៍​នៅក្នុង​ជួរ​ប៉ូលិស​ក៏​សុំ រួច​បន្ត​ទៅដល់​ថ្នាក់​រដ្ឋមន្ត្រី សួរថា​តើ​យើង​បាន​លុយ​មកពីណា​(​ចូល​ពន្ធ​រដ្ឋ​)»​។​
 
​ការអនុវត្ត​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ គឺជា​ការបង្កើត​លទ្ធភាព​ដល់​រដ្ឋាភិបាល ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល រួមទាំង​លទ្ធភាព​សម្រាប់​បង្កើន​ការវិនិយោគ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​៕
 
 
 

Tag:
 ហ៊ុន សែន​
  ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com