ជាតិ
សេដ្ឋកិច្ច
SME ក្នុង​វិស័យ​អាទិភាព​ដែល​ចង់បាន​លើកទឹកចិត្ត​ផ្នែក​ពន្ធ ត្រូវដាក់​ពាក្យ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​
24, Jan 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) ក្នុង​វិស័យ​អាទិភាព ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​ងាយស្រួល​អនុវត្ត​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ចុះ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្នុងពេល​ថ្មីៗ​នេះ​។​


 
​ចំពោះ​សហគ្រាស​ដែល​ដាក់ពាក្យ​ស្នើសុំ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា ត្រូវ​ភ្ជាប់​មកជា​មួយ​ឯកសារ​ដូចជា​លក្ខន្តិកៈ​សហគ្រាស លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម កិច្ចសន្យា​ទិញ​ទំនិញ កិច្ចសន្យាជួល ជាដើម​។ មួយទៀត គឺ​ការស្នើសុំ​ការលើកទឹកចិត្ត​សម្រាប់​ចំណាយ​ដែល​អាច​កាត់កង​បាន ក៏ត្រូវ​ដាក់​ឯកសារ​ប្រហាក់ប្រហែល​ការស្នើសុំ​ខាងលើ​នេះដែរ​។ 
 
​ការលើកទឹកចិត្ត​ពន្ធដារ​នេះ នឹង​ផ្ដល់​ឲ្យ​សហគ្រាស​ក្នុង​វិស័យ​អាទិភាព​។ វិស័យ​អាទិភាព​ត្រូវបាន​កំណត់​ទៅលើ​ផលិតកម្ម​កសិកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម ផលិតផល និង​កែច្នៃ​ម្អូ​ប​អាហារ កម្មន្តសាល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​គ្រឿង​បង្គុំ​សម្រាប់​ផ្គត់ផ្គង់​កម្មន្តសាល​ដទៃ​ទៀត ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្ដុំ​សហគ្រាស​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព នៅ​ខែតុលា​ឆ្នាំ​២០១៨ ៕

Tag:
 ពន្ធ​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com