កីឡាជាតិ
ជាតិ
Fumiya Kogure ធ្លាប់​លេង​នៅ​លី​ក​កំពូល​ជប៉ុន ចូលរួម​ជាមួយ​សូល​ទី​ឡូ​អង្គរ​
25, Jan 2019 , 7:59 am        
រូបភាព
ខ្សែបម្រើ Fumiya Kogure ពេលប្រកបអាជីពនៅសិង្ហបុរី និងចូលរួមជាមួយអង្គរថាយហ្គឺរ
ខ្សែបម្រើ Fumiya Kogure ពេលប្រកបអាជីពនៅសិង្ហបុរី និងចូលរួមជាមួយអង្គរថាយហ្គឺរ
ដោយ:
​ខ្សែបម្រើ​ជប៉ុន Fumiya Kogure បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប​សូល​ទី​ឡូ​អង្គរ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​ជប៉ុន និង​សិង្ហ​បុរី​។ ហើយ​ជា​អតីត​យុវជន​ជម្រើសជាតិ​របស់​ជប៉ុន​ថែម​ទៀតផង​។ ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ក៏បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី​ផងដែរ​។

 
​អតីត​យុវជន​ជម្រើសជាតិ​ជប៉ុន Fumiya Kogure ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​លី​ក​ជប៉ុន J-League 1 បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​សូល​ទី​ឡូ​អង្គរ​។ ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ រំពឹងថា តាមរយៈ​កីឡាករ​ពាក់អាវ​លេខ​១០​រូបនេះ នឹងធ្វើ​ឲ្យ​ការប្រកួត​ដណ្តើមពាន​រង្វាន់​លី​ក​កំពូល​កាន់​តែមាន​ភាពស្វិតស្វាញ ពិសេស​ជួយ​ឲ្យ​ក្លិប​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​រដូវ​កាល​ថ្មី​។​


 
​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ធ្វើជា​យុវជន​ក្លិប​ក្របខណ្ឌ J-League 2 របស់​ជប៉ុន Albirex Niigata ពី​ឆ្នាំ​២០០៨-២០១២​។ បន្ទាប់មក​កីឡាករ​កម្ពស់​១.៧៧​ម៉ែត្រ​រូបនេះ បាន​ផ្ទេរ​ទៅ​ក្លិប Mito HollyHock នៃ​ក្របខណ្ឌ J-League 1 នៅ​ឆ្នាំ​២០១៣ មុន​ផ្លាស់​ទៅកាន់​ក្លិប​ក្របខណ្ឌ​កំពូល​ជប៉ុន​ដូចគ្នា Azul Claro Numazu នៅ​ឆ្នាំ​២០១៤​។​
 
​បើតាម​ក្លិប​សូល​ទី​ឡូ​អង្គរ ម្ចាស់​អាវ​លេខ​១០​រូបនេះ បាន​ក្លាយជា​សមាជិក​យុវជន​ជម្រើសជាតិ​ជប៉ុន​តាំងពី​អាយុ​១៦​ឆ្នាំ​រហូតដល់​អាយុ​២១​ឆ្នាំ​។        
 
Fumiya Kogure បាន​ចាក​ចេញពី​ក្លិប​នៅលើ​ទឹកដី​កំណើត​មក​ប្រកប​អាជីព​នៅលើ​ទឹកដី​សិង្ហ​បុរី​នៅ​ឆ្នាំ​២០១៥ ដោយ​ចូលរួម​ជា​ក្លិប​ក្របខណ្ឌ​កំពូល​របស់​សិង្ហ​បុ​រិ Albirex Niigata Singapore​។ សម្រាប់​ការចំណាយ​ពេល​១​ឆ្នាំ​រួមរស់​ជាមួយ​ក្លិប​នេះដែរ​រូបគេ​បានបង្ហាញ​ខ្លួន​ចំនួន​២២​លើក​និង​រកបាន​ចំនួន​៣​គ្រាប់​។ 
 
​បន្ទាប់មក​កីឡាករ​មាន​ដើមកំណើត​នៅ​ទីក្រុង​តូ​ក្យូ​រូបនេះ បាន​ចាក​ចេញពី​ក្លិប​ខាងលើ​ទៅ​រួមរស់​ជាមួយ​ក្លិប Hougang United នៃ​ក្របខណ្ឌ​កំពូល​របស់​សិង្ហ​បុរី​ដូចគ្នា​។ ក្រោយ​រួមរស់​បាន​ពីរ​រដូវ​កាល​(២០១៦, ២០១៧)​ដោយបាន​បង្ហាញខ្លួន​បាន​២១​លើក​និង​រកបាន​បួន​គ្រាប់ រូបគេ​បាន​ផ្លាស់​ទៅ​រួមរស់​ជាមួយ​ក្លិប Geylang International ក្នុង​ក្របខណ្ឌ​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។  
​ក្រៅពី​ខ្សែបម្រើ​ខាងលើ ក្លិប​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​១០​នៅ​ឆ្នាំ​២០១៨​មួយ​នេះ បាន​ចុះកិច្ចសន្យា​នាំចូល​សមាជិក​ថ្មី​មួយរូប​ទៀតផង​ដែរ គឺ​អ្នកចាំទី​ជប៉ុន Kota Motoyama​។ ទោះបី​វា​ជាការ​ប្រកប​អាជីព​លើកដំបូង​ក្នុង​ក្របខណ្ឌ​កំពូល តែ​ក្លិប​នេះ​រំពឹងថា រូបគេ​នឹង​សង្គ្រោះ​បាល់​បានល្អ​។ 
 
​បន្ថែម​លើ​នេះ ក្លិប​សូល​ទី​ឡូ​អង្គរ​បាន​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ដល់​កីឡាករ Kikuchi Yuta និង​២​ឆ្នាំ​ដល់​ខ្សែបម្រើ Unno Tomoyuki ផងដែរ​។ ក្លិប​រំពឹងថា កីឡាករ​ជប៉ុន​ទាំងពីរ​រូបនេះ នឹង​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​ថ្មី​។  
 
​ដោយឡែក កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ ក្លិប​សូល​ទី​ឡូ​អង្គរ​បានតែងតាំង​លោក ដា​រ៉េ​ន ពុំ​រ៉ូ​យ (Darren Pomroy) ជនជាតិ​អង់គ្លេស​កាន់​សញ្ញាបត្រ UEFA ‘A’ License ជា​គ្រូបង្វឹក​ថ្មី ជំនួស​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda ដែល​បាន​ផុត​កិច្ចសន្យា​ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨៕   
 

Tag:
 បាល់ទាត់​
  សូល​ទី​ឡូ​អង្គរ​
  Fumiya Kogure
© រក្សាសិទ្ធិដោយ thmeythmey.com