ជាតិ
សម្ដេច ហ៊ុន សែន​៖ «​កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក ដោយសារ​ទង្វើ​មិន​គប្បី​នៃ​កងទ័ព​របស់​យើង​»
24, Jan 2019 , 8:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅលើក្បួនរថយន្តផ្សេងគ្នា នៅក្នុងថ្ងៃរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅលើក្បួនរថយន្តផ្សេងគ្នា នៅក្នុងថ្ងៃរម្លឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
​ភ្នំពេញ​៖  សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំ​ឲ្យ​កងទ័ព និង​កងកម្លាំង​ទាំងអស់ ត្រូវ​បម្រើ​ផលប្រយោជន៍​ជាធំ ដោយ​មិនត្រូវ​បង្ក​ទុក្ខលំបាក​ដល់​ពួកគេ​ឡើយ​។ កងទ័ព​ត្រូវ​តាំងខ្លួន​ជា​កូនចៅ​ប្រជាជន ហើយ​ត្រូវ​គិតពី​សុខទុក្ខ​របស់​ពួកគាត់ នោះ​ទើប​ជា​រឿង​ប្រសើរ​។​


 
«​កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក ដោយសារតែ​ទង្វើ​មិន​គប្បី​នៃ​កងទ័ព​របស់​យើង​។ ត្រូវធ្វើ​ឲ្យ​កងទ័ព​របស់​យើង​ស្អាតស្អំ​ឡើង ហើយ​ជួយ​ដល់​ប្រជាជន​គ្រប់​កាលៈទេសៈ​» ។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ជួយ​ការពារ និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​គ្រប់រូប ជាពិសេស​ពលរដ្ឋ​ក្រីក្រ មិន​ថា​នៅ​គ្រា​មាន​គ្រោះ​ទឹក​រាំងស្ងួត គ្រោះទឹកជំនន់ និង​បញ្ហា​ផ្សេងៗ ដែល​ពួកគាត់​ពឹងពាក់​ឲ្យ​ជួយ​នោះឡើយ​។​
 
​និយាយ​បែបនេះ មិនមែន​សម្ដេច ហ៊ុន សែន ចង់​មានន័យថា កងកម្លាំងប្រដាប់អាវុធ តែងតែ​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ដាស់តឿន​ពួកគេ ឲ្យ​យល់​ពីអ្វី​ដែលជា​កាត​ព្វ​កងទ័ព និង​កងកម្លាំងប្រដាប់អាវុធ​ប៉ុណ្ណោះ​។​
 
​មិន​ត្រឹមតែ​កងទ័ព​នៅក្នុង​ប្រទេស​នោះទេ ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឲ្យ​ល្អ សូម្បីតែ​កងទ័ព កំពុង​ឈរជើង​នៅក្រៅ​ប្រទេស តាមរយៈ​កិច្ចសហប្រតិបត្តិការ​ចូល​រួមរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ក៏ត្រូវ​គោរព​កាត​ព្វ​បម្រើ​ប្រយោជន​ពលរដ្ឋ ក្នុងប្រទេស​នោះ​ជាធំ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com