កីឡាជាតិ
ជាតិ
សិង្ហ​បុរី និង​ព្រុយ​ណេ ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ AFF U22 នៅ​កម្ពុជា​
24, Jan 2019 , 5:08 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​សិង្ហ​បុរី និង​ព្រុយ​ណេ បាន​ដកខ្លួន​ពី​ព្រឹត្តិការណ៍ AFF U22 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការ​អវត្តមាន​ក្រុម​ទាំងពីរ នាំ​ឲ្យ​ការប្រកួត​ឆ្នាំនេះ​នៅសល់តែ​៩​ក្រុម​ចូលរួម​ប៉ុណ្ណោះ​។​

 
​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី​បានប្រកាស​ពី​ការដកខ្លួន​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ពី​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U22 Championship​។ ការសម្រេច​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U23 Championship នា​អំឡុង​ខែមីនា ខាងមុខ​។  
 
៣​ថ្ងៃ​បន្ទាប់ពី​ការដកខ្លួន​របស់​សិង្ហ​បុរី ពោលគឺ​នៅ​ថ្ងៃទី​២២ ខែមករា សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ក៏បាន​ប្រកាស​ពី​ការដកខ្លួន​របស់​ក្រុម​U22​ព្រុយ​ណេ ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការដកខ្លួន​នេះ​ទេ​។ 
 
​ការដកខ្លួន​ជា​បន្តបន្ទាប់​នេះ ធ្វើ​ឲ្យ​ការប្រកួត​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅសល់តែ​៩​ក្រុម​ចូលរួម​តែប៉ុណ្ណោះ​។ ការដកខ្លួន​របស់​ព្រុយ​ណេ នាំ​ឲ្យ​ពូ​ល A នៅសល់​វៀតណាម ថៃ ទី​ម័​រ​ខាងកើត ឡាវ និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ម្ចាស់ផ្ទះ​កម្ពុជា ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឥណ្ឌូណេស៊ី​។​
 
​ព្រឹត្តិការណ៍ AFF U22 Championship រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧ កុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​បើកឆាក​ពូ​ល A នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្រុម U22 ទី​ម័​រ​ខាងកើត​ត្រូវ​តទល់​ជាមួយ​ថៃ រីឯ​ហ្វីលីពីន​ជួប​ឡាវ​។ ខណៈ​ជំនួប​បើកឆាក​ពូ​ល A នៅ​ថ្ងៃ​បន្ទាប់ កម្ពុជា​ប៉ះ​ម៉ាឡេស៊ី ក្រោយ​មី​យ៉ាន់​ម៉ា​ជួប​ឥណ្ឌូណេស៊ី​៕     
 

Tag:
 បាល់ទាត់​
  AFF U22
  សិង្ហ​បុរី​
  ព្រុយ​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com