ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ ប្រទេស​ខ្លះ​ប្រើ​ទ័ព​ទៅ​ដណ្ដើមយក​រដ្ឋ​ដោយ​គ្មាន​បញ្ហា ឯ​យើង​ប្រើ​ទ័ព​ការពារ​រដ្ឋ​បែរ​ជាប់​ឈ្មោះ​ជន​ផ្ដាច់ការ​
24, Jan 2019 , 10:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ ពី​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​លើ​ការអនុវត្ត​ស្ដង់ដារ​ពីរ មកលើ​មេដឹកនាំ​ប្រទេស​នីមួយៗ តាមរយៈ​ការវាយតម្លៃ​របស់​ប្រទេស​មហាអំណាច​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ចង់​សំដៅលើ​ការដឹកនាំ​របស់​ប្រទេស​ធំៗ ដែល​មិនចេះ​ខុស ហើយ​ប្រទេស​តូច តែងតែ​រង​ការចោទប្រកាន់​។​


 
​ថ្លែង​ចំពោះមុខ​កងទ័ព​រាប់ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៤ មករា​នេះ សម្ដេច ហ៊ុន សែន បាន​លើកយក​បញ្ហា​ប្រើប្រាស់​ទ័ព ដើម្បី​បង្ក្រាប​លើ​បាតុករ​នៅក្នុង​ប្រទេស​ធំៗ​មក​បកស្រាយ​។ សម្ដេច ហ៊ុន សែន និយាយ​ចំៗ​ឈ្មោះ​រដ្ឋាភិបាល​បារាំង​តែម្ដង ដែល​បានដាក់​ប្រទេស​ខ្លួន ក្នុង​គ្រា​មាន​អាសន្ន ហើយ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ បង្ក្រាប​ក្រុមបាតុករ​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ​កម្ពុជា​អាច​នឹងមាន​បញ្ហា​ប្រសិនជា​ធ្វើបែបនេះ​។ 


 
«​សូម្បី​ប្រទេស​បារាំង​បច្ចុប្បន្ន ក៏​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ទប់ស្កាត់​នូវ​ចលនា​ក្រុម​អាវកាក់​ព័ណ៌​លឿង​។ ហេតុអ្វី​បាន​បារាំង​អាចធ្វើ​បាន តែ​កម្ពុជា​មិនអាច​ធ្វើបាន​? យើង​នៅទីនេះ​គ្រាន់តែ​ការពារ​រដ្ឋ​។ ប្រទេស​ខ្លះ គេ​ហ៊ាន​ប្រើ​កងទ័ព​ទៅ​ដណ្ដើមយក​រដ្ឋ គេ​អាច​ធ្វើបាន ហើយ​គ្មាន​បញ្ហា​ទៀតផង​។ ឯ​សម្រាប់​យើង​គ្រាន់តែ​ប្រើ​ទ័ព​ការពារ​រដ្ឋ​បែរ​មាន​ឈ្មោះថា ជន​ផ្ដាច់ការ​។ វា​មិន​យុត្តិធម៌​ទេ នៅក្នុង​លោកិយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


 
​ក្រៅពី​ថ្លែង​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រកាស​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បង្ក្រាប​រាល់​ទង្វើ​ណា ដែលមាន​រដ្ឋាភិបាល យល់ឃើញថា ជា​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល ក្នុងន័យ​ដណ្តើម​អំណាច ក្រៅ​ប្រព័ន្ធ​បោះឆ្នោត ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ផងដែរ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ហ៊ាន​ប្រើពាក្យ​ថា បើទោះជា​មាន​មនុស្ស​ស្លាប់​៤​ទៅ​៥​នាក់ វា​ប្រសើរ​ជាង​ស្លាប់​ប្រជាជន​រាប់ម៉ឺន​នាក់ ហើយ​សម្ដេច​មិន​ខ្លាច នឹងធ្វើ​បែបនេះ​ទេ​៕

Tag:
 ហ៊ុន សែន​
  កងទ័ព​
  ផ្ដាច់ការ
© រក្សាសិទ្ធិដោយ thmeythmey.com