ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សារ​ត្ន័ ប្តូរ​ទៅ​ហាត់គុន​ចម្រុះ ដើម្បី​ចូល​ប្រកួត​នៅ ONE Championship ម្តងទៀត​
25, Jan 2019 , 8:59 am        
រូបភាព
(ឆ្វេង) កីឡាករ រិន សារ័ត្ន  និង​កីឡាករ Sunoto។ រូបភាពពី ONE
(ឆ្វេង) កីឡាករ រិន សារ័ត្ន និង​កីឡាករ Sunoto។ រូបភាពពី ONE
ដោយ​៖ Matias Andres
 
​រិ​ន សារ​ត្ន័ ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ពិភព​ប្រដាល់​នៅ​កម្ពុជា ហើយក៏​ជា​កីឡាករ​គុន​ចម្រុះ​ប្រចាំ​នៅ ONE Championship ផងដែរ​។ ក្នុងការ​ប្រកួត​ពីមួយ​លើក​ទៅមួយ​លើក សារ​ត្ន័​តែង​រិះរក​វិធី​វិវឌ្ឍន៍​ជំនាញ​ក្បាច់គុន​របស់ខ្លួន​ ឲ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ថែមទៀត​។

 
 
​សារ​ត្ន័ មាន​ជំនាញ​ច្បាស់លាស់​ខាង​គុន​ខ្មែរ ហើយ​សព្វថ្ងៃ​រូបគេ​កំពុង​ហាត់​នៅ​ក្លិប Cambodian Top Team​។ មួយរយៈ​ចុងក្រោយ​នេះ ​រូបគេ​បានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដោយ​មានបំណង​ក្លាយខ្លួនជា​កីឡាករ​អាជីព ​ខាង​គុន​ចម្រុះ​វិញ ហើយ​ត្រៀម​ជាស្រេច ​ដើម្បី​បញ្ចេញ​ស្នៀត​ដែល​ខំ​សំងំ​ហាត់​មួយរយៈ​ធំ​នេះ ឲ្យ​ពិភពលោក​បាន​ស្គាល់ ​នៅលើ​សង្វៀន​ធំ​នាពេល​បន្ទាប់​។ 
 
​នៅក្រោម​ការណែនាំ​របស់​គ្រូបង្វឹក Nicholas "JJ" Lee​មកពី​ក្លិប Yorky MMA ជាមួយ​ក្លិប CTT ទាំង សារ​ត្ន័ និង​ម្ចាស់​ក្លិប​លោក ហ៊ុន ចាន់​រាជ ឃើញថា​មាន​ចំណុច​អភិវឌ្ឍន៍​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​លោក​ចាន់​រាជ បង្ហើប​ប្រាប់ថា​៖ «​ចាប់ពី​ប្រកួត​លើក​មុន មកដល់​ឥឡូវ គាត់​ផ្លាស់ប្តូរ​ច្រើន​មែនទែន ប្រៀប​ដូច​អ្នក​ប្រយុទ្ធ និង​កីឡាករ​ថ្មី​សន្លាង​ម្នាក់​អ៊ីចឹង។ គាត់​ចាប់​ផ្តើមធ្វើ​នេះ​ធ្វើ​នោះ គាត់​ខំ​ប្រកួត ហើយ​ការគិត​ក៏​ខុស​ពីមុន​ដែរ​។ ឥឡូវ​គាត់​ដូច​អាវុធ​ច្រើនបែប​មួយ​អ៊ីចឹង​។ ​យើង​អាច​និយាយបានថា ស្មារតី​គាត់​គឺ​ផ្ចង់​ទៅលើ​គុន​ចម្រុះ​តែម្តង​»​។ 
 
​ពីរ​ប្រកួត​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៨ សារ​ត្ន័ មានកំណត់​ត្រា​ឈ្នះ​១ ចាញ់​១។ ដូច្នេះ​គាត់​ដឹងថា ​ខ្លួន​ត្រូវធ្វើ​ឲ្យ​បាន​ប្រសើរ​ជាងនេះទៀត ដើម្បី​រក្សា​កំណត់ត្រា​អាច​ផ្តួល​កីឡាករ​ខ្លាំងៗ​បាន​។​
 
​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​វិស័យ​ក្បាច់គុន​នៅ​កម្ពុជា ​កំពុង​ផ្ទុះ​ឡើយ​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស។ រីឯ សារ​ត្ន័ វិញ​មាន​ឆន្ទៈ​បញ្ចេញស្នាដៃ​ នៅលើ​សង្វៀន​អន្តរជាតិ និង​ដើម្បី​បង្ហាញ​ដល់​កីឡាករ​ជំនាន់​ក្រោយ​ផងដែរ​។ 
 
​ម្យ៉ាង​ដោយ​ឃើញ​មិត្ត​រួម​ក្លិប​ដូចជា នៅ ស្រី​ពៅ និង ឡៅ ចិ​ត្រា ជាដើម​ នឹង​ឡើង​បញ្ចេញស្នាដៃ​ជា​លើកដំបូង​ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ក្នុង​ព្រឹត្តិការណ៍​ONE: CLASH OF LEGENDS នាទី​ក្រុង​បាងកក ប្រទេស​ថៃ​នោះ បានធ្វើ​ឲ្យ សារ​ត្ន័ រឹតតែ​ស្រេកឃ្លាន​ចូលរួម​ប្រកួត​។ 
 
 
​សារ​ត្ន័​រៀបរាប់ថា​៖ «​កត្តា​ជំរុញ​ចិត្ត​ខ្ញុំ​គឺ ខ្ញុំ​ចង់​ប្រកួត​នៅ​បរទេស​ឲ្យ​ល្អ​ ដូច​កាល​ឆ្នាំ​២០១៨​។ ចូលឆ្នាំ​២០១៩ គឺ​ខ្ញុំ​នឹង​ផ្លាស់ប្តូរ​ខាង​ជំហរ​វាយ​របស់ខ្ញុំ​ឲ្យ​ខ្លាំង​ថែមទៀត​។ ឥឡូវ​ខ្ញុំ​ខំ​ហាត់​សមជា​មួយ​លោកគ្រូ និង​ជាមួយ​មិត្ត​នៅ​ក្លិប​រហូត។ ជាពិសេស​ប្រឹង​ហាត់​ខាង​ចូលចាប់​ក្រោម​ឲ្យ​ប្រសើរ​ជាង​មុន​»​។​

​រិ​ន សារ​ត្ន័ មិន​ត្រឹមតែ​មានបំណង​វិល​ត្រលប់​ចូលក្នុង​ទ្រុង​ម្តងទៀត​នោះទេ ប៉ុន្តែ​ក៏​ចង់​ប្រាប់​ទស្សនិកជន​ទូទាំង​ពិភពលោក​ថា ​គាត់​ជា​កីឡាករ​ម្នាក់​ខុសពី​មុន​។​
 
​រីឯ​មេដឹកនាំ​ក្លិប CTT សំលៀង​ភ្នែក​ទៅលើ​ព្រឹត្តិការណ៍ ONE: REIGN OF VALOR ការប្រកួត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា សម្រាប់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​។ ម្ចាស់​ក្លិប CTT ចង់​ដាក់​កីឡាករ​ឲ្យ​បាន​ប្រកួត​នៅ​ទីនោះ។ ដូច្នេះ​លោក​ថា​ ទោះ​ត្រូវ​បន្ថែម​ទម្ងន់​ប្រកួត​ក៏​មិនជា​បញ្ហា​អ្វី​នោះដែរ​។ 
 
​លោក ចាន់​រាជ បន្ថែម​៖ «​យើង​គិតថា សារ​ត្ន័​ត្រៀមខ្លួន​អស់ហើយ ទើប​យើង​ហ៊ាន​លោត​ទៅ​ប្រកួត​ប្រភេទ​ទម្ងន់​មួយកម្រិត​ទៀត​»​។​
 
​មិនយូរ​ទៀត​ទេ ខាង ONE Championship នឹង​ឲ្យ​ដំណឹង​ថា សារ​ត្ន័​មានឈ្មោះ​ទៅ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា ឬ​អត់ ប៉ុន្តែ​សម្រាប់​សារ​ត្ន័ វិញ​បាន​ត្រៀម​ចិត្ត​ និង​គំនិត​ច្បាស់​រួចហើយ​ ថា​នឹង​ចាប់យក​អាជីព​គុន​ចម្រុះ​ជាប់លាប់​ពី​ពេលនេះ​តទៅ​៕ 
 

Tag:
 ​រិ​ន សារ​ត្ន័​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com