ជាតិ
ក្រុមហ៊ុន SCA ឆ្លើយបំភ្លឺ​ទៅ​រដ្ឋមន្ត្រី​ព័ត៌មាន ជុំវិញ​សេវាកម្ម​នៅ​ព្រលានយន្តហោះ​
25, Jan 2019 , 12:20 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន(ខាងឆ្វេង)​​ លោក Eric Delobe អគ្គនាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport(ខាងស្តាំ)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន(ខាងឆ្វេង)​​ លោក Eric Delobe អគ្គនាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport(ខាងស្តាំ)
​ភ្នំពេញ​៖ ក្រុមហ៊ុន SCA ចេញ​បកស្រាយ​បញ្ហា​ប្រព័ន្ធគ្រប់គ្រង​ចំណតរថយន្ត​នៅ​ព្រលានយន្តហោះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​រិះគន់ថា ភ្ញៀវ​កាន់តែច្រើន ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត កាន់តែ​ប្រឹង​ធ្វើ​ឲ្យ​យឺត ដោយសារ​សេវា​បង់ប្រាក់ និង​កន្លែង​បញ្ជរ​ចេញ នៅ​កន្លែង​ពីរ​ផ្សេងគ្នា​។​


 
​មូល​ហេតុដែល​ក្រុមហ៊ុន SCA រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ចំណតរថយន្ត ដោយ​តម្រូវ​ឲ្យ​ភ្ញៀវ​អនុវត្ត​បង់ប្រាក់​មុន នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​នោះ​(Pay Before-Exit Process) គឺ​ដើម្បី​បញ្ចៀស​ការជាប់គាំង​នៅ​ច្រកចេញ (​ដូច​ច្រកចេញ​កាលពីមុន​) និង​អាចធ្វើ​ឲ្យ​រថយន្ត​ធ្វើចរាចរ​បាន​រលូន​។ គោលបំណង​ដែល​ក្រុមហ៊ុន​ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​នៅ​តម្រង់​ជួរ​រង់ចាំ​បង់ប្រាក់​នៅ​កន្លែង​បញ្ជរ​ច្រកចេញ​។​
 
​ត្រង់ចំណុច​នេះ លោក អេ​រិ​ក ដឺ​ឡូ​បែ​ល អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Vinci Airport ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន SCA បាន​ពន្យល់​ពី​គោលការណ៍​ប្រព័ន្ធ​ដំណើរការ​ដូច្នេះ​ថា​៖«​ភ្ញៀវ​ត្រូវ​បង់ប្រាក់​ជាមុនសិន នៅ​ម៉ាស៊ីន​បង់ប្រាក់​ស្វ័យប្រវត្ត ដែល​ស្ថិតនៅ​កន្លែង​ផ្សេងៗ​គ្នា នៅ​ចំណត​មុនពេល​ត្រឡប់​ទៅយក​រថយន្ត​របស់ខ្លួន​។ ភ្ញៀវ​ធ្វើដំណើរ​ទៅ​ច្រកចេញ បន្ទាប់មក​របារ​ឃាំង​ផ្លូវ​នឹង​បើក​ឡើង ដោយសារ​ប្រព័ន្ធ​ស្គាល់​ស្លាក​លេខ​រថយន្ត ឬ​ភ្ញៀវ​អាចដាក់​វិ​ក័យ​ប​ត្រ ស្កេ​ន​នៅ​ច្រកចេញ​នោះ​»​។​
 
​ជាមួយគ្នានេះ​ក្រុមហ៊ុន SCA ក៏មាន​ប្រព័ន្ធ​បង់ប្រាក់​ថ្លៃ​ចំណត​ជាមុន (Pre-Paid ឬ​ហៅ​កាត់​ថា ព័ណ៌​ស្វាយ​) សម្រាប់​ភ្ញៀវ​ដែល​ចេញចូល​អាកាសយានដ្ឋាន​ញឹកញាប់ ហើយ​ដំណើរ​ការចេញ​ក៏​ដូច​ប្រព័ន្ធ​ខាងលើ​នេះដែរ​។ បើតាម​ក្រុមហ៊ុន SCA ចំណត​សាធារណៈ​ជាច្រើន រួមទាំង​អាកាសយានដ្ឋាន​ធំៗ ក៏​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះដែរ​។​
 
​កាលពី​ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន SCA បាន​ឲ្យ​សារព័ត៌មាន​អង្កេត និង​ធ្វើតេស្ត​សាកល្បង​បច្ចេកវិទ្យា​នេះ មុននឹង​ដាក់​ដំណើរការ​ប្រើប្រាស់​។ ក្រៅពីនេះ​ក្រុមហ៊ុន ក៏បាន​ផ្សព្វផ្សាយ​តាមរយៈ​វិ​ដេ​អូ គេហទំព័រ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព័ត៌មាន​តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​ការចែក​ខិតប័ណ្ណ​នៅ​ច្រកចូល​អាកាសយានដ្ឋាន ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ភ្ញៀវ​អំពី​ដំណើរការ​បង់ប្រាក់​មុន នឹង​ចេញ​នេះ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន SCA​។​
 
​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​ឃ្នើសចិត្ត​ចំពោះ​ប្រព័ន្ធគ្រប់គ្រង​បញ្ជរ​ចេញ និង​កន្លែង​បង់លុយ​នៅ​ទីតាំង​ផ្សេងគ្នា ដែល​ផ្ទុយ​ពី​អាកាសយានដ្ឋាន​ផ្សេងៗ​ទៀត​។ រដ្ឋមន្ត្រី​ព័ត៌មាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖«​ភ្ញៀវ​កាន់តែច្រើន ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ កាន់តែ​ប្រឹង​ធ្វើ​ឲ្យ​យឺត ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ តែ​នេះ​(​អាកាសយានដ្ឋាន​ភ្នំពេញ )​អ្នក​បើកឡាន​ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ ហើយរ​ត់ទៅ​បង់លុយ​នៅ​កន្លែង​ផ្សេង ។ ដើរ​ជុំវិញ​ពិភពលោក ទើប​ឃើញ​ក្បាច់​នេះ​មួយ !»៕

Tag:
 ខៀវ កាញារីទ្ធ​
  ព្រលានយន្តហោះ​
  SCA
© រក្សាសិទ្ធិដោយ thmeythmey.com