ជាតិ
លោក លីម ប៊ុន​ហុក ក្លាយជា​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​យូណេស្កូ​
25, Jan 2019 , 3:09 pm        
រូបភាព
លោក លីម ប៊ុនហុក និងលោកស្រី តាន់ ធានី
លោក លីម ប៊ុនហុក និងលោកស្រី តាន់ ធានី
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១២ ខែមករា ទ្រង់​បាន​ឡាយព្រះហស្ថលេខា​តែងតាំង និង​ផ្តល់​ឋានៈ​មន្ត្រី​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា ដោយ​លោក លីម ប៊ុន​ហុក កាន់តំណែង​ជា​អគ្គលេខាធិការ ជំនួស​លោកស្រី តាន់ ធានី​។ តាម​ព្រះរាជក្រឹត្យ​ដដែល លោកស្រី តាន់ ធានី ឡើងទៅ​ជាទី​ប្រឹក្សា ដោយ​មន្ត្រី​ទាំងពីរ​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដូចគ្នា​។​

 
​លោក លីម ប៊ុន​ហុក (https://www.linkedin.com/in/bun-hok-lim-62267529/) ដែល​ក្លាយជា​អគ្គលេខាធិការ​ថ្មី​នៃ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា ជំនួស​លោកស្រី តាន់ ធានី មានបទពិសោធន៍​បម្រើ​ការ​នៅ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ហើយ​លោក​ក៏​ជា​អតីត​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ភាសាបរទេស ផ្នែក​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​។​
 
​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា ជា​ស្ថាប័ន​ដែល​ស្ថិតក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ តាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ប្រធាន​របស់​ស្ថាប័ន​នេះ រីឯ​លោក​រដ្ឋលេខាធិការ ជុច ភឿន ជា​អនុប្រធាន​។​
 
​ក្រៅពីនេះ សមាស​ភាពជា​សមាជិក មាន​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សុខ សូកេន អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហ៊ុយ សា​រ៉ាវុធ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ហាប់ ទូច អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ និង​លោក ហេង សុ​ផា​ឌី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា មាន​តួនាទី​ផ្តល់យោបល់​ជូន​រដ្ឋាភិបាល លើ​បញ្ហា​នានា​ទាក់ទង​នឹង​យូណេស្កូ និង​កម្មវិធី​របស់​យូណេស្កូ រួមទាំង​ការចូលរួម​សកម្មភាព​ផ្សេង​ដើម្បី​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ព័ត៌មាន​នៅ​កម្ពុជា​៕ 
 

Tag:
 យួ​ណេ​ស្កូ​
  តាន់ ធានី​
  លីម ប៊ុន​ហុក
© រក្សាសិទ្ធិដោយ thmeythmey.com