ជាតិ
លោក ខៀវ កាញា​រី​ទ្ធ ប្រា​ប់លោក ប្រាក់ សុខុន ថា វិទ្យុ​VOA និង​អាស៊ីសេរី អាច​បើក​ការិយាល័យ​វិញ​បាន តែ​ត្រូវអនុវត្ត​តាមច្បាប់​
25, Jan 2019 , 4:08 pm        
រូបភាព
​ភ្នំពេញ​៖ វិទ្យុ​អាស៊ីសេរី​(RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) អាច​បើក​ដំណើរការ​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​បាន ប៉ុន្តែ​ត្រូវ​អនុវត្តតាម​កាតព្វកិច្ច​ច្បាប់​។ នេះ​ជា​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដែល​ផ្ញើរ​ទៅ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​


 
​លោក ខៀវ កាញារីទ្ធ បាន​រៀបរាប់​រឿងរ៉ាវ​ជុំវិញ​ការបិទ​ការិយាល័យ​ព័ត៌មាន​របស់​ស្ថាប័ន​ទាំងពីរ ដែល​បានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​បើក​ការិយាល័យ​របស់ខ្លួន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ពុំបាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន ហើយ​ពុំបាន​អនុវត្ត​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​ស្របច្បាប់ និង​បទ​ប្បញ្ញត្ត​ស្តីពី​ពន្ធដារ​ឡើយ រហូតដល់​បិទ​ការិយាល័យ​តំណាង​របស់ខ្លួន ទាំង​ពុំបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ទៀតផង​។​
 
​ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ស្នើសុំ​បើក​ការ​ការិយាល័យ​ឡើងវិញ​នេះ គឺអាច​ដំណើរការបាន លុះតែ​អនុវត្ត​តាមច្បាប់​ប្រទេស​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ កាញារីទ្ធ​។​
 
​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ផ្ញើរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« ចំពោះ​ករណី​ស្នើសុំ​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) អគ្គនាយកដ្ឋាន​ពន្ធដា​រ បានស្នើ​មក​ក្រសួង​ព័ត៌មាន មុន​ផ្តល់​អាជ្ញាប័ណ្ណ ឬ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ចុះបញ្ជី​ស្របច្បាប់​ដល់​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នេះ​គួរ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការគោរព​កាតព្វកិច្ច​សារពើពន្ធ​ជាមុន​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជុំវិញ​ការស្នើសុំ​បើក​ការិយាល័យ​ឡើងវិញ របស់​ស្ថាប័ន​ព័ត៌មាន​ទាំងពីរ​ខាងលើ​នៅឡើយ​ទេ​។​
 
​កាលពី​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៧ វិទ្យុ​អាស៊ីសេរី ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជិត​២0​ឆ្នាំ មកហើយ​នោះ បានប្រកាសថា ផ្អាក​ការិយាល័យ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​មួយរយៈ​សិន ពោលគឺ​ក្រោយ​មួយ​សប្ដាហ៍ ដែល​កាសែត The Cambodia Daily ប្រកាស​បិទទ្វា ដោយសារ​បញ្ហា​មិនបាន​បង់ពន្ធ ៦, ៣​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក​។ វិទ្យុ​អាស៊ីសេរី បាន​អះអាងថា ការចាត់​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​មូល​ហេតុដែល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការិយាល័យ​ព័ត៌មាន​។ យ៉ាងណាក៏ដោយ វិទ្យុ​អាស៊ីសេរី ប្រកាស​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល នៅលើ​រលកធាតុអាកាស​កម្រិត​ទាប បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) យូ​ធូប (Youtube) និង​គេហទំព័រ​របស់ខ្លួន​(www.rfa.org/khmer/)​។ ប៉ុន្តែ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ត្រូវបាន​គេ​មើលឃើញថា បន្ត​បំពេញការងារ​ជាធម្មតា​នៅ​កម្ពុជា​។​
 
​តែ​យ៉ាងណា​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី បើក​ការិយាល័យ​នៅ​កម្ពុជា​វិញ គឺ​អនុវត្តតាម​សេចក្តីសម្រេច​រដ្ឋាភិបាល ដែល​ប្រកាស​ប្ដេជ្ញារ​លើកតម្កើង​នូវ​សិទ្ធិសេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការបញ្ចេញមតិ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​៕
 
 

Tag:
 ខៀវ កាញារីទ្ធ​
  ប្រាក់ សុខុន​
  អាស៊ីសេរី​
 VOA
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com