កីឡាជាតិ
ជាតិ
លោក Koji Gyotoku អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​និង​នេ​ប៉ាល់ នឹង​ដឹកនាំ​ក្រុម U18 កម្ពុជា
25, Jan 2019 , 5:29 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Koji Gyotoku នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ជំនួស​លោក Musashi Mizushima ដែល​បាន​ផុត​កិច្ចសន្យា​។ គ្រូបង្វឹក​ថ្មី​រូបនេះ មាន​បទពិសោធ​ធ្លាប់​ដឹកនាំ​ក្លិប​អាជីព​ជាច្រើន​នៅ​ជប៉ុន ប៊ូ​តង់ និង​នេ​ប៉ាល់​ជាដើម​។

 
​ក្រោយ​លោក Musashi Mizushima ផុត​សុពលភាព​កិច្ចសន្យា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​តែងតាំង លោក Kuji Gyotoku ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​ជប៉ុន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។ តែ​យ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។   


លោក Gyotoku Koji (កណ្តាល)ពេលដឹកនាំឲ្យក្រុមជម្រើសជាតិនេប៉ាល់ឈ្នះជើងឯក AFC Solidarity Cup
 
​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​លោក Koji Gyotoku គ្រូបង្វឹក​ថ្មី​របស់​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ បាន​ចូលជួប​សម្តែង​គួរសម​ចំពោះ​លោក ខេ​នី​ជី បេស​សូ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​»​។​
 
​លោក Gyotoku ជា​អតីត​កីឡាករ​លេង​ឲ្យ​ក្លិប​អាល្លឺម៉ង់ Werder Bremen ពី​ឆ្នាំ​១៩៨៧-១៩៨៩ ហើយ​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ពី​ឆ្នាំ​២០០៨-២០០៩ និង​ក្រុម​ជម្រើសជាតិ​នេ​ប៉ាល់​ពី​ឆ្នាំ​២០១៦-២០១៨​។ 
 
​ស្ថានទូត​ជប៉ុន​រំពឹងថា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​នឹង​ទទួលបាន​បទពិសោធ​និង​ជំនាញ​ថ្មីៗ​ពី​គ្រូបង្វឹក​រូបនេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព ក៏ដូចជា​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ លោក Gyotoku នឹង​ចាប់ផ្តើម​បង្វឹក​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​៕ 

Tag:
 បាល់ទាត់​
  Koji Gyotoku
  Musashi Mizushima
© រក្សាសិទ្ធិដោយ thmeythmey.com