ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពិព័រណ៍​គំនូរ​និស្សិត​សាលា​រចនា​ជំនា​ន់ទី​១ បង្ហាញ​ពី​តម្លៃ​វត្ថុ​បុរាណ​និង​ចាស់ៗ​
26, Jan 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ គំនូរ​ប្រមាណ​ជា​៥០​ផ្ទាំង​គូរ​តាំងពី​ទសវត្សរ៍​ទី​៨០ ដែលជា​ជំនាន់​ទីមួយ​នៃ​ការបើក​បង្រៀន​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយ​បែក​សម័យ​ប៉ុលពត​។ ការតាំងពិព័រណ៍​នេះ​ក្នុង​បំណង​ប្រមូល​សិស្ស​ជំនាន់​ទីមួយ​មកជួបជុំ​គ្នា​រម្លឹក​ពី​អនុ​ស្សវ​រី​យ៍ និង​ដើម្បី​បង្ហាញ​ពី​គំនូរ​ចាស់ៗ ដែល​គូរ​ដោយ​និស្សិត​ជំនាន់​នោះ​ផង​។ ការតាំងពិព័រណ៍​នេះ​ក៏​ដើម្បី​ដាស់តឿន​ក្មេងៗ​ជំនាន់​ក្រោយ ឱ្យ​ចេះ​ថែរក្សា​វត្ថុ​បុរាណ ឬ​ចាស់ៗ និង​សិក្សា​ស្វែងយល់​ពី​តម្លៃ​របស់​វា​។​



​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ ៖



 
​ក្នុង​បរិវេណ​សួនច្បារ​នៃ​សាល​កញ្ចក់​ក្នុង​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ សូរសព្ទ​តន្ត្រីបុរាណ​ខ្មែរ និង​ឧបករណ៍​ភ្លេងបរទេស ប្ដូរ​វេន​គ្នា​កំដរ​គំនូរ​តាំង​ក្រោម​ដើរ​ឈើ នៅ​ទីវាល នៅ​ជិត​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ និង​នៅ​ទីតាំង​ច្រើន​ទៀត រួមទាំង​អ្នកដើរ​ទស្សនា​ផង​។​


 
​ទិដ្ឋភាព​នេះ​ស្ដែង​ឱ្យឃើញ​ក្នុងឱកាស នៃ​ការតាំងពិព័រណ៍​គំនូរ​របស់​និស្សិត​ជំនាន់​ទីមួយ​នៃ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយពី​កម្ពុជា​ឆ្លង​ផុត​សង្គ្រាម​ប្រល័យពូជសាសន៍​។ ពិព័រណ៍​នេះ​ទុកជា​ការ​រំឭក​ស្នាដៃ​ចាស់ៗ​របស់​និស្សិត​ជំនាន់​មុន ជាការ​ជួបជុំ​និស្សិត​ជំនាន់​ទីមួយ និង​រំឭក​អនុស្សាវរីយ៍​កាល​ឆ្នាំ​នោះ​ផងដែរ​។​
 
​ស្របពេល​ការសម្ដែង​តន្ត្រី លោក ហង្ស រិទ្ធី​រា​វុ​ធ ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​តូរ្យតន្ត្រី បាន​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មី​។ ក្នុង​សម្លៀកបំពាក់​ឈុត​ពណ៌​ខៀវចាស់​ខោ​រឹប​ជើង ដែលជា​ឯកសណ្ឋាន​និស្សិត​គ្រប់​ជំនាញ​ក្នុង​ជំនា​ន់ទី​១ នៃ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ លោក រិទ្ធី​រា​វុ​ធ ថា​ការតាំងពិព័រណ៍​នេះ ដើម្បី​ជួបជុំ​អតីត​និស្សិត​កាល​ជំនា​ន់ទី​១​នា​អំឡុង​ទសវត្សរ៍​ទី​៨០​។



លោក រិទ្ធី​រា​វុ​ធ បញ្ជាក់ ៖«​គោលបំណង​ទីមួយ​ខ្ញុំ​ចង់​ប្រមូល​អតីត​សិស្ស​ឆ្នាំ​៨០​។ ក្រោយ​សង្គ្រាម​យើង​បង្កើត​សាលា​វិចិត្រសិល្បៈ អ៊ីចឹង​ពួក​ខ្ញុំ​មក​រៀន​ទីនេះ​ជំនាន់​ទីមួយ​។ សិស្ស​ជំនាន់​ទីមួយ​យើង​ឃើញ​ហើយ​អាវ​ហ្នឹង គេ​ឱ្យ​មួយ​កំ​ផ្លេ​រ​ហ្នឹង​ទេ​។ និស្សិត​កាល​ហ្នឹង​ដូច​អ្នកមាន​ណាស់ បាន​ខោអាវ​មួយ​កំ​ផ្លេ​រ​ហ្នឹង​បោក​ល្ងាច​ស្លៀក​ព្រឹក បោក​ល្ងាច​ស្លៀក​ព្រឹក​។ ទាំង​តូរ្យតន្ត្រី ទាំង​របាំ ទាំង​ល្ខោន ទាំង​សូន​រូប​អី​ទាំងអស់​គឺ​យើង​ពាក់អាវ​ហ្នឹង​ដូចគ្នា​»​។​


 
​ទីតាំង​បង្ហាញ​ទឹកដៃ​របស់​វិចិត្រករ ភាព​ទីទៃ​នៃ​ការ​រចនា​ផ្ទាំងគំនូរ រួមទាំង​ការប្រគំ​តន្ត្រី និង​របាំ​ផង​នោះ ស្ដែង​ឱ្យឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ធម្មជាតិ​និង​តន្ត្រី តន្ត្រី​និង​គំនូរ គំនូរ​និង​របាំ ដែល​នេះ​ជា​គោលបំណង​នៃ​ការតាំងពិព័រណ៍​ផងដែរ​។ «​ទីមួយ​យើង​ផ្សារភ្ជាប់​រវាង​គំនូរ​និង​ភ្លេង​។ អំបាញ់មិញ​ហ្នឹង​ត្រូវមាន​ស្នែង​ផ្លុំ​ក្របី​នេះ តែ​ដល់​ដើរទៅ​ប៉ះ​ត្រូវ​វា​ក៏​របូត​។ ហើយ​មួយ​នោះ​អំបាញ់មិញ កូតវីយូឡុង​ហ្នឹង បទ​ឱ​ភ្នំពេញ​អើយ ត្រូវ​ទាញ​កន្សែង​ហ្នឹង​ទម្លាក់​ទៀត តែ​វា​ពីរោះ​ខ្លួនឯង​ពេក​ទៅ ក៏​ភ្លេច​ទៀត​។ អ៊ីចឹង​បានន័យថា​គំនូរ​និង​តន្ត្រី គំនូរ​និង​របាំ វា​ទាក់ទង​គ្នា​»​។ នេះ​ជាការ​ពន្យល់​របស់លោក ហង្ស រិទ្ធី​រា​វុ​ធ​។​


 
​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​តូរ្យតន្ត្រី ដែលជា​អ្នក​ផ្ដួចផ្ដើម​ឱ្យមាន​កម្មវិធី​នេះឡើយ ហាក់​ត្រេកអរ ពេល​បានបង្ហាញ​ស្នាដៃ​គំនូរ​របស់​និស្សិត​ជំនា​ន់ទី​១ ពី​របៀប​និង​បែបបទ​ធ្វើ​ផ្ទាំងគំនូរ​កាលពី​ជំនាន់​នោះ​។ ព្រឹទ្ធបុរស​ស្ដីទី​រូបនេះ​រៀបរាប់​ទាំង​ញញិម ៖«​មួយទៀត​ខ្ញុំ​ចង់យក​គំនូរ​កាលពី​ជំនាន់​ទីមួយ យកមក​តាំងពិព័រណ៍​ទាំងអស់​។ ហើយ​គំនូរ​បុរាណ​នោះ​ណា គឺ​វាយ​ដែកគោល ពីព្រោះ​អី​កាលណោះ​មិនមាន​អ្វី​បាញ់​ដូច​អី​ឡូ​វ​ទេ​។ ខ្ញុំ​មាន​ផ្ទាំងគំនូរ​ប៉ុន្មាន​ផ្ទាំង នៅ​ខាងក្រោយ​នោះ តាំងពី​ខ្ញុំ​រៀន​គូរ​ជាមួយ​គ្រូ​ខ្ញុំ​»​។​


 
​ស្រពពេល​ការតាំង​បង្ហាញ​ស្នាដៃ​និស្សិត​ជំនា​ន់ទី​១ សាលា​នេះ​ក៏​កាន់តែ​ខិត​ទៅជិត​ដល់ពេល​ប្ដូរ​ទីតាំង ទៅ​កន្លែង​ថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះដែរ​។ ដ្បិត លោក ហង់ រិទ្ធី​រា​វុ​ធ មាន​អនុស្សាវរីយ៍​ជោកជាំ​នឹង​អាគារ​នេះ​ក្ដី តែ​លោ​កថា​ការវិវឌ្ឍ​របស់​ប្រទេស​តែងតែមាន​ការផ្លាស់ប្ដូរ​ដើម្បីឱ្យ​ប្រសើរឡើង​។ លោក​ពន្យល់​ទាំង​ភ្នែក​ឡើង​ក្រហម ៖« ការវិវឌ្ឍ​របស់​សង្គម​យើង ប្រទេសជាតិ​យើង​រីកចម្រើន ទីតាំង​វា​ជា​កន្លែង​មួយ​ជា​ប្រវត្តិសាស្ត្រ​ហើយ ក៏ប៉ុន្ដែ​យើង​ត្រូវ​គិតថា​ទៅមុខទៀត យើង​ត្រូវ​នៅ​ទីតាំង​នេះ​ដដែល ឬ​ទៅ​ទីតាំង​ធំ​ជាង​នេះ​។ បើ​នៅ​ដដែល​សម្រាប់​ខ្ញុំ មហាវិទ្យាល័យ​តូរ្យតន្ត្រី​ទៅ​មិន​រួច​ទេ ព្រោះ​មហាវិទ្យាល័យ​របស់ខ្ញុំ​មានតែ​បួន​បន្ទប់​ទេ​។ ការពិត​មហាវិទ្យាល័យ​មួយ​វា​ត្រូវមាន ៣០ ឬ ៤០ បន្ទប់​»​។​
 
​ដើរ​មើល​គំនូរ​យ៉ាង​យកចិត្តទុកដាក់​លោក ចាន់ រតនា ដែលមាន​វ័យ​២២​ឆ្នាំ ជា​និស្សិត​នៅក្នុង​សាលា​នេះ មាន​ចំណាប់អារម្មណ៍​ទៅលើ​ការតាំងពិព័រណ៍​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​គិតថា​ល្អ ពីព្រោះ​បាន​ផ្សព្វផ្សាយ​ពី​ស្នាដៃ​គំនូរ មួយទៀត​បានបង្ហាញ​ពី​រូបគំនូរ​ចាស់ៗ​ពីមុន ដែលជា​របស់​អតីត​និស្សិត​ជំនាន់​មុន តាំងពី​ឆ្នាំ​៨០​មក​។ គាត់​ចង់បង្ហាញ​ពី​ការថែរក្សា វប្បធម៌​ខាង​គំនូរ ហើយ​បង្ហាញ​តាំងពី​វង់ភ្លេង​ថែមទៀត​»​។ 
 
​ចំណែក​កញ្ញា នេ​ម រដ្ឋ​គ​ន្ធា រីករាយ​នៅពេលដែល​នាង​បានឃើញ​រូបភាព និង​វ​វត្ថុ​ប្រើប្រាស់​របស់​ខ្មែរ​ជំនាន់​មុន​ដែល​ខ្លួន​មិន​ធ្លាប់​បានឃើញ​ពីមុន នៅក្នុង​គំនូរ​ទាំងនោះ ដែល​នាង​ថា​វា​ធ្វើឱ្យ​នាង​បាន​សិក្សា​ពី​ជីវភាព​របស់​ខ្មែរ សម័យ​ដែល​នាង​កើត​មិនទាន់​។ គ​ន្ធា ពន្យល់​ទាំង​ទឹកមុខ​រីករាយ ៖« ខ្ញុំ​យល់ឃើញថា ដូច​រម្លឹក​ពី​ជំនាន់​មុនៗ ដែល​យើង​មិនដែល​បានឃើញ​សោះ វា​ប្លែក​អារម្មណ៍ សម្រាប់​ខ្ញុំ​។ ផ្ទាំងគំនូរ​វា​បង្ហាញ​ពីអ្វី​ដែល​យើង​មិន​ធ្លាប់បាន​ជួប ហើយ​គំនូរ​ទាំងអស់​ហ្នឹង​បង្ហាញ​ពី​សម័យមុន ដែលមាន​ដូចជា​ត្បាល់​បុកស្រូវ ខ្ញុំ​មិនសូវ​ស្គាល់ វា​បុរាណៗ​។ ធ្វើឱ្យ​ខ្ញុំ​បានឃើញ ក៏បាន​ស្គាល់​ថា ពី​ជំនាន់​មុនគេ​បុកស្រូវ​បែប​ម៉េច​»​។​
 
​ភ្នែក​សម្លឹង​ទៅ​មើល​គំនូរ​ជំនាន់​ទីមួយ និង​គំនូរ​ថ្មី​ទើបនឹង​គូរ នារី​រូបនេះ បាន​ប្រៀបធៀប​យ៉ាង​ដូច្នេះ ៖« គំនូរ​ពី​ទសវត្សរ៍​ទី​៨០​ហ្នឹង​ទឹកដៃ​គឺ​ល្អ​។ តែបើ​ពណ៌​ដូច​មិនសូវ​ច្បាស់ មិនសូវមាន​ពណ៌​ស្រស់​ឆើយ​ឆាយ មិន​ដូច​អី​ឡូ​វ​គេ​មានទឹក​ពណ៌​ស្អាត​។ ប៉ុន្តែ​អត្ថន័យ​នៅ​ជំនាន់​៨០​ហ្នឹង បង្កប់​អត្ថន័យ​ល្អ​មែនទែន »​។ 
 
​ក្រោយពី​បាន​ទស្សនា​ពិព័រណ៍​ពេញ​មួយ​ព្រឹក ទិដ្ឋភាព​ទាំងនោះ​បាន​ជំរុញ​ទឹកចិត្ត​និស្សិត​រៀន​ជំនាញ​ច្រៀង​រូបនេះ ឱ្យ​កាន់តែ​ស្រឡាញ់​វប្បធម៌ និង​ទំនៀមទម្លាប់​របស់ខ្លួន​ទ្វេ​ឡើង​។ «​ខ្ញុំ​ទទួលបាន​ចំណេះ​ជាច្រើន ដូចជា​យល់ដឹង​ពី​គំនូរ ពី​វប្បធម៌ ការសម្ដែង​ផ្សេងៗ​។ ពិព័រណ៍​នេះ​ឱ្យ​យើង​បានដឹងថា យើង​ជា​កូន​ខ្មែរ​មាន​វប្បធម៌​ច្រើន​សម្បូរបែប​។ ដើម្បីឱ្យ​កាន់តែ​រីកចម្រើន មានតែ​ខំ​សិក្សា​នូវ​អ្វី​ដែលជា​កេរ​មរតក វប្បធម៌​ខ្មែរ ដើម្បី​កុំឱ្យ​បាត់បង់ ហើយ​បង្ហាញ​ឱ្យ​ពិភពលោក គេ​បាន​ស្គាល់​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់ក​ញ្ញា គ​ន្ធា​។​
 
​ការចងចាំ​នូវ​អ្វីដែល​បានកើត​ឡើង​ពី​អតីតកាល  ការថែរក្សា​វត្ថុ​បុរាណ ឬ​វត្ថុ​ចាស់ៗ ជា​អ្វីដែល​លោក ហង់ រិទ្ធី​រា​រុធ យល់ឃើញថា​វា​មានតម្លៃ​សម្រាប់​ការសិក្សា​ស្រាវ និង​ការ​រំឭក​ពី​អនុស្សាវរីយ៍​ទាំងនោះ​។ លោក រិទ្ធី​រា​វុ​ធ បន្ថែម​ទាំង​ភ្នែក​មើលទៅ​គំនូរ នៅ​ចំ​ពីមុខ​ខ្លួន ៖«​ចង់​ផ្ដល់​សារ​ដល់​ក្មេងជំនាន់ក្រោយ ថា​កុំ​ឱ្យគេ​បំភ្លេច​អតីតកាល​។ របស់​ឪពុកម្ដាយ​ក្ដី ឬ របស់​ជីដូន​ជីតា​ក្ដី ត្រូវ​ថែ​។ អតីតកាល​មានការ​ជូរចត់ មាន​សប្បាយ តែ​កុំ​ឱ្យគេ​ភ្លេច ឱ្យគេ​យល់ដឹង​ពី​អតីតកាល​ផង ឱ្យគេ​សិក្សា​ពី​អតីតកាល​ផង​»​។    
 
​ការថែរក្សា​វត្ថុ​បុរាណ​និង​របស់របរ​ចាស់ៗ គឺជា​ឯកសារ​ដ៏​សំខាន់បំផុត សម្រាប់​ទុកជា​ភស្តុតាង​ដល់​ក្មេងជំនាន់ក្រោយ​បាន​សិក្សា​ស្វែងយល់​។ វត្ថុ​បុរាណ​ជាច្រើន​ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​មានតម្លៃ​កាត់​ថ្ងៃ​មិនបាន ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ តួយ៉ាង​ដូច​ប្រាសាទអង្គរវត្ត របាំ សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ឯកសារ​ស្រាវជ្រាវ​ពី​សិលា​ចារិក សំណង់​អាគារ​បុរាណ​នានា​ក្ដី ដែល​ខ្មែរ​បាន​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ជា​សក្ខីភាព​បញ្ជាក់ថា ខ្មែរ​បុរាណ​រុងរឿង​យ៉ាងដូចម្តេចខ្លះ​៕

Tag:
 ភ្នំពេញ​
  សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​
  គំនូរ​
  សិល្បៈ​
  សាលា​
 
© រក្សាសិទ្ធិដោយ thmeythmey.com