ជាតិ
លោក ខៀវ កាញារីទ្ធ ប្រាប់​មន្ត្រី​ឲ្យ​បកស្រាយ​ឲ្យ​លឿន បើ​មាន Fake News ទាក់ទង​នឹង​ស្ថាប័ន​ខ្លួន​
26, Jan 2019 , 1:24 pm        
រូបភាព
រូបលោក ខៀវ កាញារីទ្ធ​ ពី​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា
រូបលោក ខៀវ កាញារីទ្ធ​ ពី​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា
ដោយ:
​ភ្នំពេញ​៖​នៅក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ការចេញផ្សាយ​កាសែត​កម្ពុជា លេខ​ដំបូង រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​ដល់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ រួមគ្នា​ផលិត​ព័ត៌មាន​ជាក់លាក់ ដើម្បី​លុបបំបាត់ និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​បំពុលសង្គម​ឲ្យ​មាន​ភាពចលាចល​។

 
​លោក ខៀវ កាញារីទ្ធ យល់ថា​កន្លងមក មាន​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រសួង ស្ថាប័ន​ថា្នក់​ជាតិ ដែល​បណ្តាល​ឲ្យ​មហាជន​មានការ​ភ័ន្តច្រឡំ​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បានបញ្ជាក់​ប្រាប់​ដល់ មន្ត្រី​ក្រសួង​ទាំងអស់ បើសិន​ជាមាន​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​សា្ថ​ប័ន​របស់ខ្លួន ត្រូវធ្វើ​ការបកស្រាយ និង​ពន្យល់​ឲ្យ​លឿន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ​ពី​មហាជន​។​
 
​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា សម្រាប់​ព័ត៌មាន​ក្លែងក្លាយ ដែល​ប៉ះពាល់​ដល់​សង្គម មន្ត្រី​ព័ត៌មាន​របស់លោក នឹងធ្វើ​ការថត​ទុកជា​ឯកសារ ដើម្បី​រៀបចំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ លោក​ចាត់ទុកថា ការ​បន្សាប​ព័ត៌មាន​មិន​ពិត អាចធ្វើ​ឲ្យ​ពលរដ្ឋ​ជៀសផុត​ពី​ព័ត៌មាន​ញុះញង់​ដែល​នាំ​ឲ្យ​វឹកវរ​នៅក្នុង​សង្គម​។ លោក​ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ សហការគ្នា​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ ដែល​បង្ក​ជា​បញ្ហា​នៅក្នុង​សង្គម និង​ចិត្តសាស្ត្រ​៕ 
 
 

Tag:
 ​ក្រសួង​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com