ជាតិ
ក្រសួងការពារជាតិ​៖ រាល់​សកម្មភាព​ដែល​គាំទ្រ​ការ​អំ​ពាវ​នាវ​របស់លោក សម រង្ស៊ី ជា​អំពើ​ខុសច្បាប់​
26, Jan 2019 , 10:29 pm        
រូបភាព
សម្តេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​​រំលឹក​ខួប​លើក​ទី​ ២០​ ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងគោក​
សម្តេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​​រំលឹក​ខួប​លើក​ទី​ ២០​ ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងគោក​
​ភ្នំពេញ​៖ ក្រសួងការពារជាតិ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន បានប្រកាស​ខ្លួន​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី ដែលមាន​គំនិត​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​សុខសន្តិភាព​ប្រជាជន ដោយ​ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​។

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ មករា ឆ្នាំ​២០១៩ របស់​ក្រសួងការពារជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ «​កងយោធពល​ខេមរភូមិន្ទ គោរព និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ដើម្បី​វាយកម្ទេច​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន​។ កងយោធពល​ខេមរភូមិន្ទ ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​អនុវត្ត​នូវ​ដីកា​របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ចំពោះ​ជន​ដែល​តុលាការ​តាម​ចាប់ខ្លួន​»​។​
 
​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្តថា  «​កងយោធពល​ខេមរភូមិន្ទ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ កុំ​ជឿ​តាម​ការអំពាវនាវ​រប​ស់​ទណ្ឌិត សម រង្ស៊ី​។ យើង​ចាត់ទុកថា រាល់​សកម្មភាព​ណា​ដែល​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់​។ យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​»​។​
 
​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ផ្ទាល់​ពី​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត ដូចជា អ្នកស្រី មូរ សុខ​ហួរ  លោក អេង ឆៃអ៊ាង និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ជាដើម ដើម្បី​កំណត់​ផែនការ​ជាក់លាក់​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​។ ផែនការ​ដ៏​សំខាន់​មួយ ដែល​អតីត​គណបក្សប្រឆាំង បានដាក់​ចេញ គឺ​ការបង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​កម្លាំង ត្រៀម​ទទួល​លោក សម រង្ស៊ី​។ 
 
​យ៉ាងណា អតីត​គណបក្សប្រឆាំង ពុំបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៃ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី ឡើយ​។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯង ធ្លាប់​ប្រកាសថា លោក នឹង​មក​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩​នេះ​៕
 
 

Tag:
 ជាតិ​
  នយោបាយ​
 ​បដិវត្តន៍​ពណ៌​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com