កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីក៏ស្នើថៃឲ្យដោះលែងកីឡាកបារ៉ែន Hakeem al-Araibi ផងដែរ
× នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវដល់សមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា ឲ្យដោះលែងកីឡាករបាល់ទាត់សញ្ជាតិបារ៉ែន Hakeem al-Araibi ដែលត្រូវឃុំខ្លួនក្នុងប្រទេសនេះជាង២ខែមកហើយ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើលិខិតសុំឲ្យនាយករដ្ឋមន្ត្រីថៃ ដោះលែងជនភៀសខ្លួនរូបនេះទៅកាន់អូស្ត្រាលីវិញដែរ។
Hakeem al-Araibi ជាជនភៀសខ្លួនពីប្រទេសបារ៉ែន រត់គេចទៅរស់នៅអូស្ត្រាលីដោយទទួលបានសិទ្ធិជ្រកកោននៅទីនោះ ដ្បិតមានការភ័យខ្លាចបន្ទាប់ពីមានការធ្វើទារុណកម្មមកលើខ្លួនជុំវិញបញ្ហានយោបាយ។ អតីសមាជិកជម្រើសជាតិបារ៉ែនវ័យ២៥ឆ្នាំរូបនេះ ធ្លាប់បានរិះគន់ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លោក Sheikh Salman Bin Ibrahim Al-Khalifa ដែលជាសមាជិកគ្រួសាររាជវង្សបារ៉ែនផង។
ខាងភាគីបារ៉ែនចង់ឲ្យ al-Araibi វិលត្រលប់ទៅទទួលទោសជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំវិញក្រោយការកាត់ទោសកំបាំងមុខ ដោយចោទប្រកាន់រូបគេពីបទបំផ្លាញសម្បត្តិរដ្ឋ (បំផ្លាញស្ថានីយ៍ប៉ូលីស)។
ស្របពេលរូបគេចាកចេញពីអូស្ត្រាលី ដើម្បីដើរកម្សាន្តវិស្សមកាលជាមួយប្រពន្ធ ទៅកាន់ប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅ Al-Khalifa ក៏ត្រូវបានប៉ូលិសអន្តរជាតិក្រុងបាងកកចាប់ខ្លួនតែម្តង។ ប្រសិនបើត្រូវបញ្ជូនទៅប្រទេសកំណើតវិញមែននោះ រូបគេអាចនឹងត្រូវស្លាប់ទៀតផង។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចេញមុខផ្ទាល់តែម្តងដោយបានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ ស្របពេលដែលក្រុងកង់បេរ៉ាព្យាយាមធ្វើយ៉ាងណាដើម្បីជួយ Araibi ត្រលប់ទៅអូស្ត្រាលីវិញដោយសុវត្ថិភាព។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានប្រាប់ AFP នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ថារដ្ឋាភិបាលលោកស្រីកំពុងប្រឹងប្រែងដោយបើកចំហ ក្នុងនាមជាតំណាងរបស់ Al-Araibi ។ លោកស្រីបន្ថែមទៀតថា៖«រដ្ឋាភិបាលថៃ និងបារ៉ែនពិតជាបានដឹងយ៉ាងច្បាស់អំពីសារសំខាន់នៃបញ្ហានេះ និងអ្វីដែលអូស្ត្រាលីចង់បាន»។
Al-Araibi ធ្លាប់លេងឲ្យក្រុមជម្រើសយុវជនបារ៉ែន មុនពេលរត់ចេញពីមាតុភូមិកំណើតទៅសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី ជាទីដែលរូបគេប្រកបអាជីពបាល់ទាត់ឲ្យក្លិប Pascoe Vale នៃលីគពាក់កណ្តាលអាជីព ក្នុងក្រុង Melbourne៕
Tag:
បាល់ទាត់
FIFA
Hakeem al-Araibi
Scott Morrison
© រក្សាសិទ្ធិដោយ thmeythmey.com