ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម​ផ្សាយ​ថា ពលរដ្ឋ​ខ្លួន​៨០% នៅ​កម្ពុជា​ស្របច្បាប់ តែ​មន្ត្រី​ខ្មែរ​ថា គ្មាន​តួលេខ​ទេ​
31, Jan 2019 , 10:59 pm        
រូបភាព
សហគមន៍វៀតណាមតាមដងទន្លេ
សហគមន៍វៀតណាមតាមដងទន្លេ
ដោយ: ថ្មីៗ
​ក្នុងចំណោម​ជនជាតិ​វៀតណាម​ទាំងអស់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ពី​៧០ ទៅ ៨០​ភាគរយ​ឯណោះ ដែល​ត្រូវបាន​អាជ្ញាធរ​កម្ពុជា ទទួលស្គាល់​និង​ផ្តល់​ភាពស្របច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ Viet Nam News  នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។


 
​សារព័ត៌មាន​វៀតណាម បាន​ដកស្រង់​សម្តី​របស់លោក Lương Thanh Nghị អនុប្រធាន​នៃ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​វៀតណាម​នៅក្រៅ​ប្រទេស ទៅ​ចុះផ្សាយ​ថា ជនជាតិ​វៀតណាម មាន​ប្រមាណ​១,១​សែន​នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ភាគច្រើន គឺ​រស់នៅ​តាម​ដង​ទន្លេសាប​។ 
 
​យ៉ាងណាក៏ដោយ ផ្នែក​ខ្លះ​នៃ​សហគមន៍​វៀតណាម មិនទាន់មាន​ភាពច្បាស់​លាស់​ពី​ការទទួលបាន​ភាពស្រប​ច្បាប់​ក្នុងប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ សារព័ត៌មាន​នេះ សរសេរ​ពីស​ម្តី​របស់លោក Lương Thanh Nghị យ៉ាង​ដូច្នេះ​ថា​៖«​ប៉ុន្មាន​ឆ្នាំ​មកនេះ វៀតណាម​-​កម្ពុជា បាន​សហការគ្នា ដើម្បី​បញ្ជាក់​ពី​ឯកសារ​ស្របច្បាប់ សម្រាប់​ជនជាតិ​វៀតណាម ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​»​។ 
 
​លោក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋា​ន​អន្តោប្រវេសន៍ បកស្រាយថា នាពេលបច្ចុប្បន្ន កម្ពុជា ពុំទាន់​មាន​តួលេខ​ជាក់លាក់ពីជនបរទេសស្របច្បាប់និងមិនស្របច្បាប់ ដូចសារព័ត៌មានវៀតណាម ចុះផ្សាយនោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«​យើង កំពុង​ធ្វើ​ជំរឿន​ថា ស្របច្បាប់​ប៉ុន្មាន ហើយ​ខុសច្បាប់​ប៉ុន្មាន​។ ឥឡូវ កិច្ចការ​ហ្នឹង មិនទាន់​ចប់ទេ ដូច្នេះ កុំ​ទាន់​អាល​និយាយ​រឿង​ហ្នឹង​»​។​
 
​មន្ត្រីជាន់ខ្ពស់​ខាង​អន្តោប្រវេសន៍​រូបនេះ បញ្ជាក់ថា ការធ្វើជំរឿន​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​បន្ទាប់មក ទើប​អាច​ដឹង​អំពី​ចំនួន​ជនបរទេស ដែល​ស្របច្បាប់​និង​មិន​ស្រប់​នៅ​កម្ពុជា​។ លោក លើកឡើងថា ជនបរទេស​សរុប មាន​ប្រមាណ​១,៨​សែន​នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។  
 
​មន្ត្រី​រដ្ឋាភិបាល​ខាងលើ បន្ថែមថា ជនបរទេស​ណា ដែល​សមត្ថកិច្ច​រកឃើញ​ថា ប្រើប្រាស់​ឯកសារ​ខុស​ប្រក្រតី ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង លិខិតឆ្លងដែន ជាដើម នឹងត្រូវ​ដកហូត​មក​វិញ ហើយនឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​។ 
 
​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ​របាយការណ៍​ពី​ជនបរទេស​នៅ​កម្ពុជា ដោយ​របាយការណ៍​នោះ បង្ហាញថា រដ្ឋាភិបាល បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ជាង​៣​ម៉ឺន​ឯកសារ ពី​ជនបរទេស ហើយ​ឯកសារ​ដែល​ត្រូវ​ដកហូត ពី​ជនជាតិ​វៀតណាម មាន​ច្រើនជាងគេ ដែលមាន​ដល់​ទៅ​៩០​ភាគរយ​។ ចំណែក ជនបរទេស​ខុសច្បាប់ ដែល​រដ្ឋាភិបាល​បណ្ដេញ មាន​ជាង​៣​ម៉ឺន​នាក់​៕ 
 
 

Tag:
 ​កម្ពុជា​
  វៀតណាម​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com