ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន ហួស​ចិត្តនឹង​អ្នកស្រាវជ្រាវ​ថៃ ដែលថា​ករណី​ខ្យល់ពុល​បណ្ដាលមកពី​កសិករ​ខ្មែរ​ដុត​ចំបើង​
03, Feb 2019 , 12:23 pm        
រូបភាព
​លោក ខៀវ កាញារីទ្ធ បាន​សម្ដែង​ការហួសចិត្ត​ទាក់ទង​នឹង​អ្នកវិភាគ​បរិស្ថាន​ថៃ​ដែល​បាន​លើកឡើងថា ខ្យល់ពុល​ក្នុងប្រទេស​ខ្លួន​បណ្ដាលមកពី​កសិករ​កម្ពុជា​ដុត​ចំបើង​។ នេះ​បើ​យោងតាម​ការ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។


អត្ថបទទាក់ទង
 
 
«​ស្វាគមន៍ សម័យ​អ្នកវិភាគ​ឯករាជ្យ​ដ៏​រុងរឿង​»​។ នេះ​ជា​សំណេរ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ហួសចិត្ត​និង​សរសេរ​បែប​ចំអក​ថា ស្រុកថៃ​នៅពេលនេះ ក៏​សំបូរ​អ្នកវិភាគ​ឯករាជ្យ​ដូច​ស្រុក​ខ្មែរ​ដែរ ព្រោះ​ទើប​ឃើញ​អ្នកវិភាគ​ថៃ​មួយ​បាន​និយាយថា អាកាសធាតុ​កខ្វក់​នៅ​បាងកក​គឺ​បណ្តាលមកពី​អ្នកស្រែ​ស្រុក​ខ្មែរ​ដុត​ចំបើង​តាម​ស្រែ​ទេ ។​
 
​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​សម្រង់​សំដី​របស់​អ្នកស្រាវជ្រាវ​ថៃ​ពីររូប​គឺ​លោក Siwat Phongpiachan និង លោក Serm Janchai  ដោយ​ពួកគេ​បាន​អះអាងថា​ករណី​ខ្យល់ពុល​នៅ​ទីក្រុង​បាងកក​បណ្ដាលមកពី​កសិករ​កម្ពុជា​ដុត​ចំបើង​តាម​វាលស្រែ​។ ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​បដិសេធ​កា​លើកឡើង​នេះ​ផងដែរ​។ 
  
 
​លោក Pralong Damronthai  អគ្គនាយក​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​និយាយថា អង្គភាព​របស់លោក​បាន​តាមដាន​ទីតាំង​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែលមាន​ករណី​ដុត​ចំបើង​តាម​ស្រែ​។ លោក​បន្តថា បើ​គិតគូរ​តាម​ក្បូន​គណនា​សម្រាប់​ការវិភាគ​អាកាសធាតុ​ដែល​បង្កើត​ដោយ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អង្គកា​សហប្រជាជាតិ ខ្យល់​បក់​ធូលី​ល្អិតៗ​ពី​កម្ពុជា​សំដៅទៅ​ខេត្ត​ត្រាត និង​ឈូង​សមុទ្រ​ថៃ​ឯណោះ មិនមែន​សំដៅ​ក្រុង​បាងកក​ឡើយ​។ ចំពោះ​ករណី​ខ្យល់​កខ្វក់​នៅ​បាងកក គឺ​បណ្ដាលមកពី​ធូលី​បង្កដោយ​មូលហេតុ​ក្នុងស្រុក​ប៉ុណ្ណោះ​។ 
 
​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​និយាយថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​បាន​វាស់​ខ្យល់​រួចហើយ ដោយ​ឃើញថា​ស្ថាន ភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពោលគឺ​គ្មាន​សារធាតុពុល​នោះទេ​។ 
 
​គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ថៃ បានប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយចំនួន បិទ​ដំណើរការ​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព​កុមារ និង​សិស្ស និស្សិត​ទាំងអស់ ខណៈ​ឥទ្ធិពល​ខ្យល់​កខ្វក់​បន្ត​កើនឡើង (​កម្រិត PM2.5 ) បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​។ ជាពិសេស​បញ្ហា​ផ្លូវដង្ហើម ដែល​កំពុង​គ្របដណ្តប់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​៤ ដូចជា ខេត្ត​សាមុទ្រ​បាកាន សមុទ្រសា​ខន ន​ន្ទ​បុរី និង​ខេត្ត​ណា​ខន​ប៉ា​ធុម​៕
 
 
 
 

Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com