ជាតិ
សង្គមជាតិ
ចូល​ឆាំ្ន​ចិន​៖ អាជ្ញាធរ​ភ្នំពេញ មិន​ឲ្យ​ដុត​ផាវ លេងល្បែង​ស៊ីសង និង​ហែ​ក្បួន​ផ្សេងៗ
03, Feb 2019 , 6:59 pm        
រូបភាព
រូបពី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ លោក ឃួន ស្រេង​ អភិបាល នៃ​គណៈ​អភិបាល​​រាជ​ធានីភ្នំពេញ​
រូបពី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ លោក ឃួន ស្រេង​ អភិបាល នៃ​គណៈ​អភិបាល​​រាជ​ធានីភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ហាម​ពលរដ្ឋ មិន​ឲ្យ​ដុត​ផាវ លេងល្បែង​ស៊ីសង និង​ហែ​ក្បួន​បែប​សាសនា​ផ្សេងៗ ក្នុងអំឡុង​ចូលឆ្នាំ​ចិន និង​វៀតណាម​នោះទេ​។ ការហាមឃាត់​នេះ គឺ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុងសង្គម​។


​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះ​នៅ​ថ្ងៃទី ២៩ ខែមករា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​អង្គភាព ក្រុមហ៊ុន រោងចក្រ  សហគ្រាស គេហដ្ឋាន ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន​ភ្លើង​ច​ង្រា្ក​ន និង​ចរន្តអគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ​។ 
 
​តាមរយៈ​សេចក្តីជូនដំណឹង​នោះ លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ចុះទៅ​ត្រួតពិនិត្យ​នៅតាម​ច្រកចូល​រាជធានី​ភ្នំពេញ កុំ​ឲ្យ​មានការ​នាំចូល​ផាវ កាំជ្រួច និង​គ្រឿងផ្ទុះ​។ 
 
​ជាមួយគ្នា​ផងដែរ លោក ឃួន ស្រេង ក៏បាន​ណែនាំ​ឲ្យ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​បណ្តា​សមាគម​ចិន និង​វៀតណាម ចំពោះ​ការហាម​ប្រាម​ទាំងនេះ​។ លោក ព្រមាន​ថា ជន​ណា ដែល​បំពាន និង​ប្រព្រឹត្ត​ខុស​នឹង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​ចលាចល​ក្នុងសង្គម ជន​នោះ​នឹង​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕ 
 

Tag:
 ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com