អន្តរជាតិ
ស្រីលង្កា​ចង់​ខ្ចីលុយ​ចិន​១​ពាន់​លាន​ដុល្លារ​បន្ថែម​សម្រាប់​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ថ្មី​
04, Feb 2019 , 11:19 pm        
រូបភាព
ដោយ:
​ស្រីលង្កា ដែល​ទើបតែ​ប្រគល់​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​ទៅ​ឲ្យ​ចិន​ដើម្បី​ដោះបំណុល​នោះ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខ្ចីលុយ​ចំនួន ១ ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​បន្ថែមទៀត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ សម្រាប់​កម្ចី​ថ្មី​នេះ រដ្ឋាភិបាល​ស្រីលង្កា​គ្រោង​នឹង​យកទៅ​ប្រើប្រាស់​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដ៏​សំខាន់​មួយ ដែល​ត្រូវបាន​ពន្យារពេល​សាងសង់​ជាច្រើន​ឆ្នាំ​មកហើយ ។

 
 
​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​ភ្ជាប់​រដ្ឋធានី​កូ​ឡំ​បូ​ទៅនឹង​តំបន់​ទេសរ​ច​ណ៍​សម្បូរ​ដោយ​ជួរ​ភ្នំ​ឈ្មោះថា Kandy របស់​ស្រីលង្កា ត្រូវបាន​ពន្យារពេល​ជាង ២ ឆ្នាំ​មកហើយ ដោយសារតែ​រដ្ឋាភិបាល​ខ្វះ​លុយ​សម្រាប់​សាងសង់​។ យោងតាម​សារព័ត៌មាន Times of India អគ្គរដ្ឋទូត​ស្រីលង្កា​ប្រចាំ​ប្រទេស​ចិន លោក Karunasena Kodituwakku បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​១ ខែកុម្ភៈ​ថា លុយ​១​ពាន់​លាន​ដុល្លារ​ដែល​ត្រៀម​ខ្ចី​ពី​ចិន​នេះ នឹងត្រូវ​យកទៅ​ចំណាយ​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដំណាក់កាល​ទី​១​។ ចំណែកឯ​ដំណាក់កាល​បន្តបន្ទាប់​ទៀត នឹងត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ស្រីលង្កា និង​ដោយ​កម្ចី​ពី​ជប៉ុន​។​
 
​ទន្ទឹមនឹង​គ្នា​នេះដែរ លោក​អគ្គរដ្ឋទូត​ស្រីលង្កា​រូបនេះ​បាន​អរគុណ​ដល់​ភាគី​ចិន ដែល​បាន​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្រីលង្កា​ទាំង​កម្ចី​សម្រាប់​គម្រោង​រយៈពេល​វែង និង​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​។ លើសពីនេះ លោក  Kodituwakku ក៏បាន​បង្ហើប​ទៀតថា រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​ធនាគារ​របស់​ចិន​សម្រាប់​កម្ចី​រយៈពេល​ខ្លី​ផងដែរ​។ 
 
​ទាក់ទិន​នឹង​ការចោទប្រកាន់ថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ចិន​នឹងធ្វើ​ឲ្យ​ស្រីលង្កា​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុល​នោះ មន្ត្រី​ទូត​ជាន់ខ្ពស់​របស់​ស្រីលង្កា​រូបនេះ​បាន​បកស្រាយ​ថា​៖«​យើង​ពុំ​យល់ស្រប​ជាមួយ​រឿងនេះ​ឡើយ​។ ចិន​មិន​ធ្លាប់​បង្ខំ​យើង​ឲ្យ​ទទួលយក​កម្ចី​នោះទេ​។ ប្រសិនបើ​មាន​អ្វី​ខុសឆ្គង​ជាមួយ​កម្ចី​ទាំងនេះ វា​គឺជា​ទំនួល​ខុសត្រូវ​របស់​យើង​។ វា​មិន​យុត្តិធម៌​នោះទេ​ដែល​ទម្លាក់កំហុស​លើ​ចិន ឬក៏​ប្រទេស​ដ៏ទៃទៀត​នោះ ដោយ​និយាយថា ស្រីលង្កា​ជា​ជនរងគ្រោះ​»​។ 
 
​មែនទែនទៅ ភាគច្រើន​នៃ​បំណុល​បរទេស​របស់​ស្រីលង្កា​គឺ​មកពី​ប្រទេស​ចិន​។ បច្ចុប្បន្ននេះ​ស្រីលង្កា​ត្រូវបាន​រាយ​កាណ៍​ថា ជំពាក់​បំណុល​ចិន​ប្រមាណ ៨ ពាន់​លាន​ដុល្លារ​ឯណោះ​។ ក្នុង​ក្រសែភ្នែក​របស់​ក្រុង​ប៉េកាំង ស្រីលង្កា​គឺជា​ចំណុច​ភ្ជាប់​ដ៏​សំខាន់​មួយ នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មហិមា​របស់ខ្លួន ដែល​ត្រូវគេ​ស្គាល់​ថា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ​» ។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ស្រីលង្កា កាលពី​ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ បានសម្រេច​ប្រគល់​កំពង់ផែ​ទឹក​ជ្រៅ Hambantota ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​រយៈពេល ៩៩ ឆ្នាំ ដោយសារតែ​ខ្លួន​ពុំមាន​សមត្ថភាព​សងបំណុល​ចិន​សម្រាប់​គម្រោង​តម្លៃ ១,៤ ពាន់​លាន​ដុល្លារ​នេះ​៕
 

Tag:
 ចិន​. ស្រីលង្កា​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com