-រឿងរ៉ាវរាប់រយឆ្នាំ តាមស្មេរចាំគេកត់ត្រា
ជំនឿនិងសាសនា នៃខេមរាបានពីក្រៅ។
-មានទាំងទំនៀមចិន ខ្លះកាន់ឆ្អិនតកូនចៅ
ទោះស្បែកសម្បុរខ្មៅ សែនតផៅហៅកុងម៉ា។
-ក្បាលទឹកសែនឆេងម៉េង សុំលាភហេងហែអ្នកតា
តាមផ្លូវដល់ក្នុងផ្សារ សុំប្រាថ្នាបានធូរធារ។
-សែនធំថ្ងៃចូលឆ្នាំ ខ្មែរ-ចិនចាំជឿគ្រប់គ្នា
ជ្រូកខ្វៃច្នៃមាន់ទា ត្រីបង្គាទាំងចាប់ឆាយ។
-ចេកទំទាំងនំផ្អែម ស្រាបង្អែមសែនសប្បាយ
ជួបជុំសើចក្អាកក្អាយ ក្រោយចំណាយពេលនឿយហត់។
-រកស៊ីទីឆ្ងាយជិត បែកញាតិមិត្តគិតអំណត់
ប្រឹងប្រែងក្រែងក្រខ្សត់ មកសង្កត់សង្កៀរចិត្ត។
-សម័យកាន់តែប្រែ ចិននិងខ្មែរកាន់តែស្និទ្ធ
ជំនឿពិបាកបិទ ត្រូវបើកចិត្តរស់រួមគ្នា។