ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផ្កា​អង្គាសីល​ឆ្នាំនេះ​លក់ដាច់​និង​បាន​ថ្លៃ​ជាង​ឆ្នាំមុន​!
05, Feb 2019 , 3:45 pm        
រូបភាព
​ភ្នំពេញ​៖ ឈ្មួញ​លក់​ផ្កា​អង្គាសីល ក្នុងឱកាស​ចូលឆ្នាំ​ចិន​អះអាងថា ឆ្នាំនេះ​ពួកគេ​លក់​ដើម​ផ្កា​ដាច់​ច្រើន ហើយ​ក៏បាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​ដែរ​។ អ្នកលក់​ផ្កា​ទាំងនោះ​សុទ្ធសឹង​ជា​ឈ្មួញកណ្ដាល ខ្លះទៅ​ទិញ​ដល់​ជើងភ្នំ ហើយ​ខ្លះទៀត​ចាំ​ទិញ​នៅ​ភ្នំពេញ​។ ឈ្មួញ​ទាំងនោះ មាន​សុទិដ្ឋិនិយម​ថា ទៅ​ឆ្នាំក្រោយៗ​ផ្កា​អង្គាសីល​នឹង​កាន់តែ​លក់ដាច់ ព្រមទាំង​បាន​តម្លៃ​ថ្លៃ​ផង​។​



​សូម​តាមដាន​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
**audio2**

 
​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​ជិត​ផ្សារ​ដី​ហុយ គេ​សង្កេតឃើញ​កន្លែង​លក់​ដើម​ផ្កា​អង្គាសីល​ជា​ហូរហែ​។ កន្លែង​ខ្លះ​លក់​នៅសល់​តិចតួច ហើយ​ខ្លះទៀត​ក៏​នៅសល់​ច្រើន​គួរសម​។ អ្នកទិញ​មាន​ទាំង​ខ្មែរ​កាត់​ចិន និង​ជនជាតិ​ចិន ដោយ​ចត​ឡាន​និង​ម៉ូតូ នៅ​ចិញ្ចើមផ្លូវ មុខ​កន្លែង​លក់​ផ្កា​តែម្ដង​។​
 
​ជា​អ្នកលក់​ផ្កា​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ អ្នកស្រី ចេ​ត វណ្ឌី កំពុង​ញាប់ដៃ​ញាប់ជើង​រៀប​ដើម​ផ្កា​អង្គាសីល​ចង​ជា​បាច់​។ ទីតាំង​មួយ​នេះ​មាន​អ្នកលក់​បួន​នាក់ ដែលមាន​ប្ដី​ប្រពន្ធ កូនប្រុស​ម្នាក់ និង​ក្មួយ​ម្នាក់​។ ពួកគេ​ខ្លះ​បាញ់​ទឹក​ផ្កា ខ្លះ​ហៅភ្ញៀវ​ឱ្យ​ទិញ​ផ្កា​របស់ខ្លួន ហើយ​ខ្លះទៀត​កំពុង​កាត់​គល់​ដើម​ផ្កា​យក​ចំណែក​ងាប់​ចេញ​។​
 
​ដោយសារតែ​ឆ្នាំនេះ​អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​ផ្កា​អង្គាសីល​រីក​ច្រើន អ្នកស្រី ចេ​ត វណ្ឌី ឆ្លើយតប​ទាំង​ដៃ​ក្ដិច​ផ្កា​រីក​ចោល ថា ទោះជា​យ៉ាងណា​ឆ្នាំនេះ ដើម​ផ្កា​អង្គាសីល​នៅតែ​លក់ដាច់​។ អ្នកស្រី​បន្ថែម ៖«​ឆ្នាំនេះ​ឃើញ​ចិន​មក​ទិញ​គ្រាន់បើ​។ ដើម​ស្អា​តថ្លៃ​ជាង​ដើម​មិនសូវ​ស្អាត​។ បើ​ចង​ត្រឹម​ត្រូវបាន​១៥​ដុល្លារ​ដែរ​ក្នុង​មួយ​ដើម​នេះ​»​។ 


 
​ម៉ោង​ប្រមាណ​៦​ល្ងាច នៅទីនេះ​ដើម​ផ្កាអង្គារសិល្ប៍​នៅ​មិន​ដល់​១០​ដើម​តូចៗ​ផង​។ ភ្ញៀវ​ចេះតែ​ចេញចូល​មិន​ដាច់ អ្នកស្រី វណ្ឌី ឆ្លៀត​រាក់ទាក់​ភ្ញៀវ​ខណៈពេល​ផ្ដល់​បទ​សម្ភាស​ដល់​ខ្ញុំ ដោយ​អ្នកស្រី​អះអាងថា ខ្លួន​លក់​ដើម​ផ្កា​ធូរ​ថ្លៃ​ជាង​កន្លែង​ដទៃ ដោយសារតែ​អ្នកស្រី​មិន​យកចំណេញ​ច្រើន​។ «​ផ្កា​កន្លែង​ខ្ញុំ​ថោក​ជាងគេ​រាល់​ឆ្នាំ​។ មកពី​ខ្ញុំ​ទៅ​ទិញ​ដល់​កន្លែង ហើយ​គេ​ទិញ​ត​ពី​យើង​គេ​លក់​ថ្លៃ​ហើយ​។ ពេល​ផ្កា​រីក​អ៊ីចឹង ភ្ញៀវ​ចេះតែ​ថា​មិនល្អ​ពី​លិច​ពី​កើត​។ បើ​ផ្កា​មិន​រីក​មិន​អី​ទេ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ចេ​ត វណ្ឌី​។ 
 
​ស្ត្រី​ដែល​ប្រកបរ​បរតពី​ម្ដាយ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​រូបនេះ ជឿថា​ឈ្មួញ​ដែល​អាច​លក់​ដើម​ផ្កា​អង្គាសីល​បាន ទាល់​តែមាន​រាសី​ខ្ពស់​ដែរ​។ បញ្ជាក់​ទាំង​ដៃ​លើក​ប្រែ​ដើម​ផ្កា​ពី​ម្ខាង​ទៅ​ម្ខាង ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ ថា​ឆ្នាំនេះ​ផ្កា​របស់ខ្លួន​ស្ទើរតែ​ងាប់​ទាំងស្រុង តែ​ជា​សំណាងល្អ ដែល​វា​ប្រែជារ​ស់នឹង​លក់​អស់​ឆាប់​នោះ​។ អ្នកស្រី​ថា​អ្នក​ប្រក​បរបរ​នេះ បើ​លក់​ខាត​ត្រូវ​លក់​ដី​លក់​ផ្ទះ​សង​គេ​ផង​ក៏មាន​។ អ្នកស្រី វណ្ឌី បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​យើង​អត់​រាសី អាច​លក់​ផ្ទះ​លក់​ដី​សង​គេ​ក៏មាន​។ ផ្កា​ខ្ញុំ​យក​ពី​ព្រៃ​មក គេ​ថា​ងាប់​ទាំង​អស់ហើយ ខ្មៅ​សន្លឹក​ងាប់​ទាំងអស់ ដល់​ខ្ញុំ​យកមក​ដាក់​ទឹក រស់​ទាំងអស់​វិញ​។ ដល់​ទៅ​អ្នកមាន​ដើម​ផ្កា​ល្អ បែរ​ទៅជា​មិនល្អ​វិញ​»​។ 
 
​ឆ្នាំនេះ​ស្ត្រី​វ័យ​ប្រមាណ​ជាង​៥០​រូបនេះ មាន​ដើម​ផ្កា​អង្គាសីល​លក់​ប្រមាណ​១០០​ដើម ដែល​អ្នកស្រី​ថា​លក់ដាច់​ខ្លាំង បើទោះបី​ផ្កា​ទាំងនោះ​រីក​ជាង​ឆ្នាំមុនៗ​បន្តិច​ក្ដី​។ យ៉ាងណាក៏ដោយ ផ្កា​រីក​ច្រើន​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ចិន ជាហេតុ​នាំឱ្យ​គេ​លក់​មិនសូវ​បាន​តម្លៃ​ថ្លៃ​នោះទេ​។ នៅមុន​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ អ្នកស្រី វណ្ឌី លក់បាន​ចំណេញ​ប្រាក់​ប្រមាណ​៣០០​ដុល្លារ​ដែរ​ហើយ​។ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ទីមួយ អ្នកស្រី វណ្ឌី ជ្រើសរើស​ដើម​ផ្កា​ណា​ដែល​រីក​ល្អ ទុក​លក់​ចំ​ថ្ងៃនេះ​។ 
 
​អ្នកមាន​ពិសោធ​លក់​ផ្កា​ត​ពី​ម្ដាយ​រូបនេះ ប្រៀប​ការ​មើលថែ​ដើម​ផ្កា​អង្គា​សិ​ល ដូច​ទៅនឹង​ការមើល​ថែកូន​ខ្ចី​។ អ្នកស្រី វណ្ឌី ពន្យល់ ៖«​ដូរ​ទឹក​កាប់​ជើង ថែ​ដូច​អ្នក​កូនខ្ចី​ចឹ​ង​។ បើ​មិន​ចេញ​ផ្កា​កាប់​រាល់ថ្ងៃ​»​។​
 
​ងាក​មក​ចាប់អារម្មណ៍​បុរស​វ័យ​២៨​ឆ្នាំ ដែលជា​អ្នក​ជួយ​លក់​ផ្កា​ឱ្យ​មីង​របស់ខ្លួន​វិញ​ម្ដង​។ លោក សុវណ្ណ មុន្នី​ជាតិ  ថា​ភាពរ​ស់រាយ​គឺជា​មន្តអាគម​ក្នុងការ​លក់ដូរ បើទោះជា​គេ​មិន​ទិញ តែ​ក៏​ធ្វើឱ្យ​ភ្ញៀវ​មាន​អារម្មណ៍ល្អ​នឹង​អ្នកលក់​ដែរ​។ ទើប​មាន​ពិសោធ​លក់​ផ្កា​ត្រឹម​បី​ថ្ងៃ ដែល​មិនសូវ​ចេះ​ប្រើ​ភាសា​អន្ទង​ចិត្ត​អ្នកទិញ​ឱ្យស្រប​តាម​ខ្លួន តែ​អ្នកលក់​រូបនេះ​រក្សាបាន​ស្នាមញញឹម​ដាក់​ភ្ញៀវ​ជានិច្ច ដែលជា​ហេតុនាំឱ្យ​ភ្ញៀវ​ពិបាក​ឈានជើងដើរ​ចេញពី​កន្លែង​របស់លោក​។ លោក មុន្នី​ជាតិ ពន្យល់​ទាំង​ភ្នែក​មើលទៅ​ដើម​ផ្កា ៖« ភ្ញៀវ​គេ​មើល​ទឹកចិត្ត​អ្នកលក់ គេ​មើល​ទឹកមុខ​អ្នកលក់ បើ​អ្នកលក់​ធ្វើ​មុខក្រញូវ​ដូច​ផ្កា​មិនទាន់​រីក​ចឹ​ង អ្នកទិញ​ក៏​គេ​មិន​ចង់​ចូល​ដែរ​។ ពេល​ភ្ញៀវ​ចូលមក​យើង​រាក់ទាក់​គេ​ចឹ​ង​ទៅ គេ​ឃើញ​យើង​រាក់ទាក់ ទោះ​យើង​កាត់ត​ម្លៃ ៤០​ឬ ៥០​ដុល្លារ​ក៏​គេ​នៅតែ​ទិញ នៅតែ​តថ្លៃ​យើង​ដែរ​។ ពេលខ្លះ​គេ​ឱ្យ​ចុះ​តម្លៃ​តែមួយ​ម៉ាត់​ទេ ពួក​ខ្ញុំ​ចេះតែ​លក់​ទៅ នេះហើយ​គេ​ថា​មន្តអាគម​រកស៊ី​»​។


 
​ដ្បិតតែ​ផ្កា​នៅ​កន្លែង​លោក មុន្នី​ជាតិ នៅសល់តែ​ដើម​តូចៗ និង​មិនសូវ​ស្អាត​ក៏ពិតមែន តែ​កន្លែង​នេះ​ហាក់​មាន​មន្ត​ស្នេហ៍​ទាក់ចិត្ត​ភ្ញៀវ​ឱ្យចូល​ទិញ​មិន​ដាច់ បើ​ប្រៀប​ជាមួយ​កន្លែង​ដទៃទៀត​ដែល​មិនសូវមាន​ភ្ញៀវ​ចូល​នោះ​។ បុរស​ដែល​តែងតែ​ចរចារ​តម្លៃ​ជាមួយ​ភ្ញៀវ ត្រឹម​ពាក្យ​ថា លក់​មិន​បានទេ តម្លៃ​នេះ​ធូរ​ថ្លៃ​ហើយ ថា​កន្លែង​របស់ខ្លួន​ល​ក់​មិនសូវ​ថ្លៃ ទើបបានជា​គេ​ចូលចិត្ត​មក​ទិញ​។ បុរស​រោះ​រាយ​រូបនេះ អះអាងថា​ដើម​ផ្កា​កន្លែង​របស់ខ្លួន​ថ្លៃ​ផុត​៤៥​ដុល្លារ ហើយ​ទាប​ផុត​ប្រមាណ​តែ​ជាង​មួយ​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។ លោក បន្ថែម ៖«​ថ្លៃ​អស់​បំផុត​ហើយ​៤៥​ដុល្លារ ហើយ​ទាប​បំផុត​១០​ដុល្លារ​»​។ 
 
​ចំណែក​កន្លែង​លក់​ផ្កា​មួយកន្លែង​ទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​របស់លោក មុន្នី​ជាតិ ប៉ុន្មាន​នោះ គឺជា​កន្លែង​របស់​អ្នកនាង នាវ ថា​រី នៅមាន​ដើម​ផ្កា​ច្រើន​គួរសម ។ នៅទីនេះ​ដើម​ផ្កា​អង្គាសីល មាន​ទំហំ​ធំៗ នឹងមាន​ផ្កា​ច្រើន​ផង​។ ម៉ោង​ប្រមាណ​ជា​ជិត​៧​យប់ មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​មួយថ្ងៃ ភ្ញៀវ​ជិះ​ម៉ូតូ​និង​ឡាន​មក​ទិញ​ផ្កា​នៅទីនេះ​ហូរហែ​។ 
 
​អ្នកនាង ថា​រី លក់​ដើម​ផ្កា​ថ្លៃ​ខ្ពស់​ផុត ៦០០​ដុល្លារ ហើយ​ថ្លៃ​ទាប​ផុត​ប្រមាណ​២០​ដុល្លារ​អាមេរិក​។ ជា​ឈ្មួញកណ្ដាល អ្នកនាង ថា​រី ថា​ឆ្នាំនេះ​ខ្លួន​លក់ដាច់​ជាង​ឆ្នាំមុន​។ កាលពី​ឆ្នាំមុន​ស្ត្រី​រូបនេះ​លក់​ខាត​ថ្លៃដើម​ប្រមាណ​១៥០០ ដុល្លារ​អាមេរិក​។ កាយវិកា​ឈរ​មិន​ស្ងៀម ជើង​ចេះតែ​ឈាន​ទៅមុខ​ថយក្រោយ វិស័យ​ដូចជា​ក្មេង​ឈរ​លេង​យោល​ខ្លួន ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ ថា​ខ្លួន​លក់បាន​ចំណេញ​ខ្លះ​ហើយ នៅមុន​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ​នេះ​។ «​ឆ្នាំនេះ​ផ្កា​លក់ដាច់​ជាង​ឆ្នាំមុន ហើយក៏​មានតម្លៃ​ជាង​ដែរ​។ ឆ្នាំមុន​លក់​សល់​ច្រើនណាស់ ឆ្នាំនេះ​លក់​អស់​គ្រប់កន្លែង ខ្ញុំ​នៅសល់តែ​ប៉ុន្មាន​ដើម​នេះ​ទៀត​ទេ​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាង ថា​រី ។


 
​ស្ពាយ​កាបូប​ក្រហម ពាក់អាវ​ក្រៅ​ព័ណ៌​ស​ឆ្នូត​ក្រហម ស្ត្រី​មាឌ​រាង​ធាត់​រូបនេះ ឆ្លើយ​ទាំង​ទឹកមុខ​ញញឹម ថា​ខ្លួន​ចាយ​ទុន​ប្រមាណ​៣​ពាន់​ដុល្លារ នៅក្នុង​ឆ្នាំនេះ​លើ​ជំនួញ​ដើម​ផ្កា​អង្គាសីល​។ សម្រាប់​តម្លៃ ទាំង​ខ្មែរ​កាត់​ចិន និង​ជនជាតិ​ចិន អ្នកនាង​លក់​ថ្លៃ​ស្មើរ​គ្នា​។  អ្នកលក់​រូបនេះ​ជឿថា ទៅ​ឆ្នាំក្រោយ​ផ្កា​អង្គាសីល​នឹង​កាន់តែ​លក់ដាច់​។ អ្នកនាង​ពន្យល់ ទាំង​ទឹកមុខ​ញញឹម ៖«​លក់​ឱ្យ​ខ្មែរ​និង​ចិន​តម្លៃ​ដូចគ្នា លក់​តាម​ហាងឆេង​ទេ​»​។​
 
​ចិន និង​ខ្មែរ​កាត់​ចិន មាន​ជំនឿ​លើ​ដើម​ផ្កា​អង្គាសីល ថា​នឹង​នាំ​លាភ​សំណាង​ដល់​គ្រួសារ បើ​គេ​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​ខ្លួន​។ គេ​ក៏មាន​ជំនឿ​ដែរ​ថា បើ​ផ្កាអង្គារសិល្ប៍​រីក​ច្រើន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន នោះ​ទ្រព្យសម្បត្តិ នឹង​ហូរ​ចូល​ច្រើន​ពេញ​មួយឆ្នាំ តែបើ​មិន​រីក​វិញ គេ​ក៏​រកស៊ី​មិន​ឡើង​ពេញ​មួយឆ្នាំ​ដែរ​។ ដូច្នេះហើយ​ទើបបានជា​អ្នកទិញ​ផ្កា ត្រូវ​រើស​មើល​ផ្កា​ណា​ដែល​គេ​ប្រាកដថា នឹង​រីក​ច្រើន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​៕
 

Tag:
 ផ្កាអង្គារសិល្ប៍​
  ចូលឆ្នាំ​ចិន​
  អ្នកលក់​ផ្កា​
© រក្សាសិទ្ធិដោយ thmeythmey.com