ជាតិ
សង្គមជាតិ
កម្ពុជា នឹងបាញ់ផ្កាយរណបលើកដំបូង ទៅកាន់ទីអវកាស នៅឆ្នាំ២០២១
× កម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួនជាលើកដំបូង ដើម្បីសម្រួលដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងសន្តិសុខ តាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន ចុះផ្សាយពីសម្តីរបស់លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ យ៉ាងដូច្នេះថា៖«នៅពេលកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។
បច្ចុប្បន្ននេះ បើត្រូវការតាមដានសន្តិសុខសង្គម ឬក៏បញ្ហាព្រំដែន គឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើង ពិបាកក្នុងការលាក់បាំងពីម្ចាស់ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះ ក៏មានតម្លៃខ្ពស់ថែមទៀត»។
គម្រោងនេះគឺជាការលើកឡើងរវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិន ក្រោមការសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលគ្រោងនឹងបង្ហោះប្រព័ន្ធផ្កាយរណបនៅក្នុង ឆ្នាំ២០២១។
បើតាមក្រសួងព័ត៌មានដដែល លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ទំហំវិនិយោគនៃការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់ម្ពុជានេះ អាចមានទឹកប្រាក់ប្រមាណជា១៥០លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង រាជរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com