ជាតិ
កម្ពុជា​ជាប់​លេខ​១ ជា​ឋានសួគ៌​តម្លៃថោក​បំផុត​សម្រាប់​និវត្ត​ជនបរទេស​
11, Feb 2019 , 8:29 am        
រូបភាព
ជនបរទេសជិះស៊ីក្លូក្នុងរាជធានីភ្នំពេញ។ រូបថត AFP
ជនបរទេសជិះស៊ីក្លូក្នុងរាជធានីភ្នំពេញ។ រូបថត AFP
ដោយ: ធីតា
កម្ពុជា​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​ក្នុងនាម​ជាទី​តាំង​ល្អ​ដែលមាន​ការចំណាយ​តិច​បំផុត​សម្រាប់​និវត្ត​ជនបរទេស (The Cheapest Country for Retirees)​។ នេះ​បើតាម​ស​ន្ទ​ស្សន៍ Global Retirement Index ប្រចាំឆ្នាំ​២០១៩ របស់​គេហទំព័រ International Living​។​

 
​កម្ពុជា​ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវបាន​ចាត់ទុកជា​ឋានសួគ៌​មួយ ដោយមាន​ប្រាសាទបុរាណ​ជាច្រើន​នៅ​ខេត្តសៀមរាប ឆ្នេរ​ខ្សាច់​ដ៏​ស្អាត​នៅ​បណ្តា​ខេត្ត​ជាប់​សមុទ្រ ព្រះបរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ និង​ទីតាំង​វប្បធម៌ ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​។ 
 
​តាម​ការសិក្សា​របស់ International Living និវត្តជន​បរទេស​អា​ច​រស់នៅ​ដោយ​ស្រួល នៅ​ប្រទេស​នៃ​ស្នាមញញឹម​មួយ​នេះ ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ប្រមាណ​១ ២៥០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ម្នាក់ ឬ​ប្រហែល​២០០០​ដុល្លារ​សម្រាប់​ពីរ​នាក់​។ សម្រាប់​និវត្តជន​ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ វា​ជាការ​ចំណាយ​តិចតួច​បំផុត ប៉ុន្តែ​ពួកគេ​អាច​ទទួល​សព្វ​គ្រប់បែប​យ៉ាង​។​
 
​វៀតណាម ប្រទេសជិតខាង​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​ពីរ​។ ការរស់នៅ​ក្នុង​ក្រុង​ហូ​ណូយ ឬ​ហូជីមិញ អាច​ចំណាយ​ខ្ពស់​ប​ន្ថិ​ច ប៉ុន្តែ​និវត្តជន​បរទេស​អាច​រស់​នៅ​ដោយ​រីករាយ​នៅ​ខេត្ត​លូតលាស់​មួយចំនួន​ដូចជា Da Nang, Hoi An, Nha Trang និង Vung Tau ជាដើម ជាមួយនឹង​កញ្ចប់​ថវិកា​ប្រចាំខែ​១០០០​ដុល្លារ​អាមេរិក​។​
 
​ថៃ​ដែលជា​ប្រទេសជិតខាង​មួយទៀត​របស់​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​បី​។ តំបន់ឆ្នេរ​នានា​នៅ​ថៃ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​យ៉ាងខ្លាំង​។ បើតាម International Living ខុន​ដូ​ជាច្រើន​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​នោះឡើយ ជាពិសេស​នៅ​ខេត្ត​ឈៀង​ម៉ៃ ដូច្នេះ​វា​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​និវត្តជន ដោយ​គ្រាន់តែ​ចំណាយ​ក្នុង​ខ្ទង់​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។​
 
​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង ប៉េ​រូ និង​បូ​លី​វី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥​។ ពី​រាជធានី​បុរាណ​របស់​ចក្រភព​អ៊ី​ន​កា Machu Picchu ទៅ​បណ្តា​ក្រុង​ទំនើបៗ ប៉េ​រូ​ក៏​ជា​ឋានសួគ៌​មួយ​សម្រាប់​និវត្តជន​ផងដែរ ជាពិសេស​កំដៅថ្ងៃ រីឯ​បូ​លី​វី មាន​ទីតាំង​ប្រវត្តិសាស្ត្រ​អាណានិគម​ជាច្រើន​កន្លែង​។​
 
​សម្រាប់​និវត្តជន​ដែល​មិនសូវ​រឹតត្បិត​ការចំណាយ ស​ន្ទ​ស្សន៍ Global Retirement Index ប្រទេស​ប៉ា​ណា​ម៉ា កូ​ស្តា​រី​កា ម៉ិ​ក​ស៊ិ​ក អេ​ក្វា​ឌ័​រ ម៉ាឡេស៊ី កូ​ឡុំ​ប៊ី ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ ជាទី​តាំង​ដែល​មិនគួរ​រំលង​៕

Tag:
 ទេសចរណ៍​
  និវត្តជន​
  International Living
© រក្សាសិទ្ធិដោយ thmeythmey.com