ជាតិ
សម្ដេច ហ៊ុន សែន គ្រោងបង្កើតក្រុមមេធាវីការពារក្តី សម្រាប់ជួយស្ត្រីក្រីក្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ដេច
× ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងបង្កើតក្រុមមេធាវីការពារក្តីមួយ សម្រាប់ជួយស្ត្រីទន់ខ្សោយ និងងាយរងគ្រោះ ឲ្យទទួលបានសេវាផ្នែកច្បាប់ ដោយមានប្រសិទ្ធភាពខ្ពស់។ គម្រោងនេះ កំពុងស្ថិតនៅក្នុងការពិចារណារបស់ប្រមុខរដ្ឋាភិបាល។
ថ្លែងក្នុងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅថ្ងៃទី១៨ កុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមមេធាវីការពារក្តី ដែលបង្កើតឡើងសម្រាប់ជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្ដេចតែម្ដង។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏ជំរុញក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ រៀបចំកាត់ទោស និងពិនិត្យសម្រួលព្យួរទោសស្ត្រីជាប់ពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះផងដែរ។
កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់ខ្លឹមសារទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេសការដោះស្រាយរាល់ការងារជាអាទិភាពរបស់ស្ត្រីជាដើម៕
Tag:
ស្ត្រីក្រីក្រ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com