អន្តរជាតិ
វៀតណាមចង់លុបចោលពន្ធលើគ្រឿងបន្លាស់រថយន្តផលិតក្នុងស្រុកដើម្បីប្រជែងរថយន្តនាំចូល រថយន្តកំពុងត្រូវបានដំឡើងដោយមនុស្សយន្តនៅក្នុងរោងចក្រ Huyndai Thanh Cong ប្រទេសវៀតណាម (រូបភាព៖ Vietnam News)
× ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មលើច្បាប់សំដៅលុបចោលពន្ធពិសេសលើគ្រឿងបង្គំ និងគ្រឿងបន្លាស់របស់រថយន្តដែលផលិតក្នុងស្រុក។ ការស្នើសុំនេះគឺក្នុងគោលដៅកាត់បន្ថយតម្លៃរថយន្តដែលដំឡើងនៅក្នុងស្រុក និងប្រជែងជាមួយរថយន្តដែលនាំចូល។
បញ្ជាក់នៅក្នុងឯកសារដែលបានផ្ញើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមកាលពីថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុបានស្នើឲ្យមានការលុបចោលពន្ធគ្រឿងបន្លាស់រថយន្តផលិតក្នុងស្រុក។ ដើម្បីលុបចោលពន្ធនេះ វាចាំបាច់ត្រូវមានការកែច្បាប់ស្តីពីពន្ធពិសេសនេះសិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី២០ ខែកុម្ភៈ។
«ដើម្បីជំរុញឲ្យសហគ្រាសបង្កើនសង្វាក់ផលិតកម្មក្នុងស្រុក, កាត់បន្ថយតម្លៃផលិតផល និងពង្រឹងភាពប្រកួតប្រជែងនៃការផលិតរថយន្តក្នុងស្រុកប្រឆាំងនឹងការនាំចូលនោះ ក្រសួងបានស្នើលុបចោលការយកពន្ធលើគ្រឿងបន្លាស់រថយន្តដែលផលិតក្នុងស្រុក»។ ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់បែបនេះនៅក្នុងឯកសារខាងលើ។
បើតាម Vietnam News ក្រសួងហិរញ្ញវត្ថុវៀតណាម បានកត់សម្គាល់ថា ការលុបចោលពន្ធប្រើប្រាស់ពិសេសនេះអាចល្មើសទៅនឹងកិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ យ៉ាងណាមិញ ក្រសួងបកស្រាយថា ប្រទេសមួយចំនួនរួមមាន ឥណ្ឌូណេស៊ី និងថៃ បានអនុវត្តវិធានការនេះរួចរាល់ហើយដើម្បីកាត់បន្ថយតម្លៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក ឬផ្តល់ការអនុគ្រោះពន្ធលើរថយន្តដែលដំឡើងក្នុងស្រុក នារយៈពេល៣ទៅ៥ឆ្នាំខាងមុខ។
ទោះបីជាយ៉ាងនេះក្តី ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ខ្លួនកំពុងស្រាវជ្រាវចំពោះរឿងនេះ ដើម្បីបញ្ជូនការស្នើសុំផ្លូវការមួយទៅកាន់រដ្ឋាភិបាលនិងរដ្ឋសភាសម្រាប់ធ្វើការពិចារណា។
ក្រុមហ៊ុនផលិតរថយន្តមួយចំនួនដែលតាំងទីក្នុងប្រទេសមាន Trường Hải, Toyota, Honda និង Mitsubishi សុទ្ធតែជាប់ពន្ធប្រើប្រាស់ពិសេស។ រថយន្តដែលមានកៅអីចំនួន៩ ឬតិចជាងនេះ និងត្រូវដំឡើងក្នុងស្រុក ត្រូវបង់ពន្ធក្នុងចន្លោះពី ៣៥ ទៅ ១៥០ ភាគរយ។
សូមបញ្ជាក់ថា ការប្រកួតប្រជែងរវាងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកវៀតណាម និងអ្នកនាំចូល កាន់តែមានភាពក្តៅគគុក ក្រោយពីពន្ធលើការនាំចូលរថយន្តពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានទម្លាក់ពី ៣០ ភាគរយ មកត្រឹម ០ ភាគរយ កាលពីដើមឆ្នាំ២០១៨កន្លងទៅ៕
Tag:
វៀតណាម
ពន្ធលើរថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com