អត្ថបទពាណិជ្ជកម្ម
តោះ​ទៅលេង សង្ក្រាន្ត​សមុទ្រ ខេត្ត​ព្រះសីហនុ​
25, Feb 2019 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​»​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៩ ខាងមុខនេះ​។ ការរៀបចំ​«​សង្ក្រាន្ត​សមុទ្រ​»​នេះ​ឡើង ជា​គំនិត​ផ្តួចផ្តើម​របស់លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ សហការ​រៀបចំ​ជាមួយ​ក្រុមហ៊ុន Blue Media Cambodia និង​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​។  
 
​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​»​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤ ខែមេសា រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ឆ្នេរ​ឯករាជ្យ ជាមួយនឹង​ការតាំងពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ដោយមាន​ការរៀបចំ​ស្តង់​ផលិតផល​ក្នុងស្រុក ស្តង់​ម្ហូបអាហារ និង​ស្តង់​ទេសចរណ៍ ដែល​បង្ហាញ​ពី​សក្តានុពល និង​ការអភិវឌ្ឍ​នានា​របស់​ខេត្ត​ព្រះសីហនុ​។ 


 
​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​» នឹងមាន​រៀបចំ​ពិធី​សាសនា និង​វប្បធម៌​នានា ដែល​រួម​មានការ​រាប់បាត្រ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​និមន្ត​ព្រះសង្ឃ​ជាច្រើន​អង្គ ការទទួល​ទេវតា និង​ការ​បង្ហោះគោម​ជាដើម​។​ល​។ 
 
​ដោយឡែក​នៅក្នុង​ព្រឹត្តិការណ៍​ទាំងមូល នឹងមាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ​ជាច្រើន ខុសពី​ព្រឹត្តិការណ៍​ដទៃ ជាមួយនឹង​គំនិត​ច្នៃប្រឌិត​យ៉ាង​ស្រស់ស្អាត ផ្សារភ្ជាប់​នឹង​ការបង្ហាញ​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ក្នុងនោះ​ខ្លោងទ្វារ មានការ​រៀបចំ​តុបតែង​ជាមួយនឹង​រូប​បង្កង​ដ៏​ធំ​ផងដែរ​។​
 
​ព្រឹត្តិការណ៍​កម្សាន្ត​ចម្រុះ នឹងត្រូវ​បានរៀបចំ​ឡើង​មានដូចជា ការប្រគំ​តន្ត្រីសម័យ​ដ៏​ធំ ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ ក៏ដូចជា​ការបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព​វប្បធម៌ ដែលមាន​ការ     សម្តែង​រួមគ្នា​រវាង​សិល្បករ​បុរាណ និង​សម័យ​។​ល​។ លើសពីនេះទៅទៀត សកម្មភាព​លេង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់ នឹងមាន​ការសម្តែង​សៀក ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដ៏​ពេញនិយម​ដូចជា​បោះ​ឈូង វាយក្អម ទាញ​ព្រ័ត ឡើង​សសរ​ខ្លាញ់ លោតអន្ទាក់​ភ្លើង លេង​ពង្រា​ត់ទី​លើ​ឆ្នេរ​ខ្សាច់ និង​លាក់កន្សែង​ជាដើម​។ មិនតែប៉ុណ្ណោះ​នៅតាម​ឆ្នេរ និង​នៅ​ចន្លោះ​ស្តង់​ពិព័រណ៍​នីមួយៗ មាន​ល្បែង​កម្សាន្ត​ប្លែកៗ​ជាច្រើន​ទៀត​ដូចជា ការដើរ​លើ​ស្បែកជើង​ក្តារ​ជា​ក្រុម ការបោះ​បាល់​ឱ្យចំ​គោលដៅ ការ​បង្វិល​កង​ភ្លើង ការ​ជះ​ទឹក​ក្រអូប ស្តង់​គូរ​មុខ ការ​ឈរ​ទ្រឹងរ​បស់បង​មាស និង​កញ្ញា​ប្រាក់ ការដើរ​បង្ហាញ​រាង​ពី​សំណាក់​បង​អ៊ូ​ក អូន​ម៉ាប់ ឆៃយ៉ាំ នាង​មច្ឆា យក្ស​ខ្មែរ ស្តេច​ល្ខោន ការលេង​តន្ត្រី​ទោល និង​សកម្មភាព​កម្សាន្ត​ផ្សេងទៀត​សរុប​ជិត​៥០​មុខ នៅលើ​ឆ្នេរ​ខ្សាច់​។ កម្មវិធី ក៏មាន​រៀបចំ​កន្លែង​ស្អាតៗ សម្រាប់​យុវវ័យ​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ ឪពុកម្តាយ​ផងដែរ ដូច​ជាការ​បង្ហោះគោម ដោយ​ភ្ជាប់​នឹង​ពាក្យពេចន៍​ជូនពរ​ផ្សេងៗ កន្លែង​ថតរូប​អនុស្សាវរីយ៍  អម​ជាមួយ​ភ្លើងទៀន​នៅលើ​ឆ្នេរ​ខ្សាច់ ព្រមទាំង​មានការ​បាញ់​កាំជ្រួច​ទៀតផង​។ 


 
​ដោយ​ក្តី​ស្រលាញ់​ចំពោះ​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត​ដែលមាន​លោក ជាម ហ៊ីម ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សន្តិសុខ​,​សុ​វត្តិភាព​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក្នុងនោះ​ក៏មាន​ត្រៀម​រៀបចំ​រថយន្ត សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ នៅតាម​ស្រុកភូមិ​នានា ក្នុង​ខេត្ត​ព្រះសីហនុ មក​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ទៀតផង​។ លើសពីនេះ​ក៏មាន​ការរៀបចំ​ទីតាំង ផ្លូវ​ចេញ​-​ចូល​មាន​លក្ខណៈ​ធំ​ទូលាយ មាន​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ កម្លាំង​សន្តិសុខ​ការពារ​ប្រចាំការ​រយៈពេល​៣​ថ្ងៃនេះ ធ្វើយ៉ាងណា​បង្កលក្ខណៈ ឱ្យ​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ​ប្រកបដោយ​សុវត្ថិភាព ត្រលប់​ទៅវិញ​ជាមួយ​អនុស្សាវរីយ៍​ល្អៗ និង​ស្នាមញញឹម​។  
 
​ការរៀបចំ​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​»​ធ្វើឡើង​ស្របគ្នា​ជាមួយនឹង​ការលើកឡើង​របស់ សម្តេច​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែច្រើន​៕ 

 
 








(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com