កីឡាអន្តរជាតិ
អន្តរជាតិ
យន្តហោះ​ដែល Sala ជិះ ផលិត​ឆ្នាំ​១៩៨៤ និង​មិនមាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ឡើយ​
26, Feb 2019 , 7:39 pm        
រូបភាព
​ក្រុម​អ្នកស៊ើប​អង្កេត​អង់គ្លេស​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ និយាយថា​យន្ដហោះ​ដែល​ដឹក​កីឡាករ​បាល់ទាត់ Emiliano Sala ហើយ​បាន​ធ្លាក់ចូល​សមុទ្រ​កាលពី​ខែ​មុន​មិនមាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ឡើយ​។​


 
​ភ្នាក់ងារ​ស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវអាកាស (AAIB) របស់​អង់គ្លេស​អះអាងថា​ការធ្វើដំណើរ​របស់ Sala គឺ​ត្រូវបាន​អនុញ្ញាត​ជា​លក្ខណៈ​ជើងហោះហើរ​«​ឯកជន​»​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មានការ​ចំណាយ​រវាង​អ្នកបើកបរ និង​អ្នកដំណើរ​ផ្ទាល់​។​
 
AAIB បាន​រកឃើញថា​យន្តហោះ​ដែលមាន​លេខ​កូដ N264DB នេះ មិនទាន់បាន​ចុះ​ក្នុង​បញ្ជី​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ពួកគេ​ដឹក​អ្នកដំណើរ​ក្នុង​មូលដ្ឋាន​តាមរយៈ​ថ្លៃឈ្នួល​ចរចា​គ្នា​រវាង​អ្នកជិះ​និង​ពី​ឡុ​ត​ប៉ុណ្ណោះ​។​
 
​ពី​ឡុ​ត​លោក David Ibbotson អាយុ ៥៩​ឆ្នាំ បាន​ដឹក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨ ឆ្នាំ​ពី Nantes ប្រទេស​បារាំង​ទៅកាន់ Cardiff City នៅ​ថ្ងៃទី​២១ ខែមករា ហើយ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​តែម្តង​។ Sala បានបញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff នៅ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​។​
 
​ភ្នាក់ងារ​របស់ Sala លោក Mark McKay និយាយថា បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សម្រាប់ Cardiff រួចរាល់ Sala ក៏​ឡើង​យន្តហោះ​នោះ​ភ្លាមៗ​តែម្តង នៅវេលា​ម៉ោង​ប្រមាណ​ជា ៧:១៥​នាទី​យប់​។​
 
​លោក Willie McKay ឪពុក​របស់ Mark McKay បាន​ប្រាប់​កាសែត The Times ថា​កូនប្រុស​ខ្លួន​ជា​អ្នករៀបចំ​ការហោះ​ហើយរ​បស់ Sala តាំងពី​មុន​មួយ​សប្តាហ៍​នៃ​កិច្ចព្រមព្រៀង​រវាង​ក្លិប​ទាំងពីរ​មក​ម្លេះ​។​
 
​យន្តហោះ​ដែល​ដឹក Sala ម៉ាក Piper PA-46 Malibu គឺ​ផលិតឡើង​តាំងពី​ឆ្នាំ​១៩៨៤ ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​៕
 
 

Tag:
 បាល់ទាត់​
  Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com