អន្តរជាតិ
វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៖ ចិន​ប្រឆាំង​ដាច់ខាត​ការប្រើ​ជំនួយ​មនុស្សធម៌ ដើម្បី​នយោបាយ​
26, Feb 2019 , 9:19 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង ប្រឆាំង​ដាច់ខាត​ចំពោះ​កម្លាំង​ខាងក្រៅ​ដែល​ព្យាយាម​ជ្រៀត​ជ្រៀក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​ប្រើប្រាស់​ជំនួយ​មនុស្សធម៌ ដើម្បី​សម្រេច​គោលបំណង​នយោបាយ​ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែកុម្ភៈ​។​

 
​លោក  Lu Kang និយាយថា ចិន​សង្ឃឹមថា សន្តិភាព​និង​ស្ថិរភាព​កើតមាន​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាមច្បាប់​អន្តរជាតិ និង​គោលការណ៍​មូលដ្ឋាន​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua មន្ត្រី​អ្នកនាំពាក្យ​ចិន​រូបនេះ បញ្ជាក់ថា ភាពចលាចល​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ពុំ​ផ្តល់​ផលចំណេញ​ដល់​ភាគី​ណាមួយ​នោះឡើយ​។ 
 
​ការលើកឡើង​របស់លោក Lu គឺធ្វើឡើង​ក្រោយពី​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ សហការ​ជាមួយ​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រកាស​ពី​គម្រោង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​ការដឹក​ជំនួយ​នេះ​ត្រូវបាន​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បដិសេធ​មិន​ទទួលយក​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បក្សប្រឆាំង ស្វែងរក​ដំណោះស្រាយ​នយោបាយ ដោយ​ប្រើប្រាស់​កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់ ក្រោម​ក្របខណ្ឌ​ច្បាប់​និង​ធម្មនុញ្ញ​។  បន្ថែម​ពីនេះ លោក Lu ក៏​ស្នើ​ឲ្យ​សមាគមន៍​អន្តរជាតិ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ដើម្បី​ជួយ​ដល់​ស្ថិរភាព​ជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​។ 
 
«​យើង​សង្ឃឹមថា សមាគម​អន្តរជាតិ​នឹង​ផ្តល់ជំនួយ​កសាង​ដល់​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​សន្យា​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​»​។ នេះ​បើតាម​អះអាង​របស់លោក Lu Kang ៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com