អន្តរជាតិ
ឥណ្ឌា និង​ប៉ា​គី​ស្ថាន​កាន់តែ​ប្រ​ឈ​មុខ​ដាក់គ្នា ក្រោយ​ទ័ព​ឥណ្ឌា​វាយប្រហារ​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ប៉ា​គី​ស្ថាន
26, Feb 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឥណ្ឌា​អះអាងថា​កងទ័ពអាកាស​ខ្លួន​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Mohammad (JeM) ជាច្រើន​នាក់​ដែល​ស្ថិតនៅ​ជំរំ​មួយកន្លែង​នា​ទឹកដី​ជម្លោះ​កា​ស្មៀ​រ តាមរយៈ​ការវាយប្រហារ​តាមផ្លូវ​អាកាស​។ ប៉ុន្តែ​ប៉ា​គី​ស្ថាន​ចោទ​ឥណ្ឌា​រំលោភ​ដែនអាកាស​ខ្លួន ហើយ​បណ្តាល​ឲ្យ​មានការ​ប្រឈមមុខ​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​កាន់តែ​ខ្លាំង​ថែមទៀត​នៅពេលនេះ​។


 
​បន្ទាប់ពី​កងទ័ព​ជើង​អាកាស​ប៉ា​គី​ស្ថាន​ទិតៀន​ថា ឥណ្ឌា​បាន​ឈ្លានពាន​ដែនអាកាស​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៦ ខែកុម្ភៈ​នេះ មន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​វាយប្រហារ​លើ​ជំរំ​ហ្វឹកហ្វឺន Jaish-e-Mohammad (JeM) សម្លាប់​អស់​ក្រុម​ភេរវជន​ជាច្រើន​នាក់​ដែរ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន  AFP រដ្ឋលេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា​លោក Vijay Gokhale បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​៖« ក្រុម​ភេរវជន Jaish-e-Mohammad (JeM) រួម​មេដឹកនាំ​ជាន់ខ្ពស់​, អ្នក​បង្វឹក និង​ក្រុម​ជី​ហាត​ជាច្រើន​នាក់​ដែល​ត្រូវបាន​បង្វឹក​សម្រាប់​ការធ្វើ​អត្ត​ឃាត​នោះ​ត្រូវបាន​កម្ចាត់​ហើយ​»​។​
 
​តាមពិតទៅ ឥណ្ឌា​ជឿជាក់ថា ជំរំ​ដែល​ត្រូវបាន​កងទ័ព​ឥណ្ឌា​កម្ទេច​ តាម​ការវាយប្រហារ​ផ្លូវអាកាស​នេះ ​គឺជា​ក្រុម​នៅ​ពីក្រោយ​ករណី​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ កាលពី​ថ្ងៃ ១៤ ខែកុម្ភៈ​កន្លង​ទៅ ដោយ​សម្លាប់​ទាហាន​ឥណ្ឌា​អស់ ៤០នាក់ ​នៅ​តំបន់​កា​ស្មៀ​រ​។ ក្រុម JeM ដែលមាន​ទីតាំង​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​នេះ ​ក៏បាន​ប្រកាសថា ខ្លួន​នៅ​ពីក្រោយ​ករណី​វាយប្រហារ​ខាងលើ​ដែរ​។  
 
​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ខាងលើ​បាន​បន្ថែមថា ការវាយប្រហារ​ផ្លូវអាកាស​ដែល​ទ័ព​ឥណ្ឌា​ធ្វើ​នៅពេលនេះ ​ជា​វិធានការ​ទប់ស្កាត់​ជាមុន​។ នេះ​ក៏ដោយ​សារ តាម​របាយការណ៍​ចារកម្ម​ដែល​ទុកចិត្តបាន​ដែល​ឥណ្ឌា​ទទួលបាន​នោះ​គឺ ក្រុម JeM នេះ​ក៏​ប៉ុនប៉ង​បើក​ការវាយប្រហារ​ថ្មី​មួយទៀត​ដែរ​ នៅ​តំបន់​ជាច្រើន​នៅក្នុង​ទឹកដី​ឥណ្ឌា ហើយ​ក្រុម​ជី​ហាត ​ដែល​ស្ថិតក្នុង​ជំរំ​កំពុង​ហ្វឹកហ្វឺន​នោះ​គឺ​ត្រៀមខ្លួន​ សម្រាប់​ការអនុវត្ត​សកម្មភាព​នេះដែរ​។​
 
​តាមពិតទៅ ឥណ្ឌា​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​កម្ចាត់​ភេរវជន​នេះ ក្រោយ​ពេលដែល​កងទ័ព​អាកាស​ប៉ា​គី​ស្ថាន​ ចោទប្រកាន់​មហា​យក្ស​អាស៊ី​ខាងត្បូង​ថា រំលោភបំពាន​ដែនអាកាស​ខ្លួន​ដែរ​។ ឧ​ត្ត​ម​សេនីយ៍​ទោ​កងជើង​អាកាស​ប៉ា​គី​ស្ថាន​ លោក Asif Ghafoor បាន​បង្ហោះ​តាម twitter ថា យន្តហោះ​ឥណ្ឌា​ហោះ​ឆ្លង​ចូល​បន្ទាត់​ព្រំដែន​បទ​ឈប់​បាញ់​នៅ​តំបន់​កា​ស្មៀ​រ ហើយ​បាន​ទម្លាក់​វត្ថុ​ពីលើ​អាកាស​ មុន​ហោះ​ត្រឡប់​ទៅ​ទឹកដី​ខ្លួន​វិញ បន្ទាប់ពី​ពើបប្រទះ​នឹង​យន្តហោះ​ចម្បាំង​របស់​ប៉ា​គី​ស្ថាន​ ដែល​ព្យាយាម​ហោះ​ស្ទាក់​ផង​នោះ​។ យ៉ាងណាក៏ដោយ វត្ថុ​ដែល​ត្រូវបាន​ទម្លាក់​ពីលើ​យន្តហោះ​នោះ ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ឬ​របួស​ឡើយ បើតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​ខាងលើ​។​
 
​ត្រឡប់មកវិញ ការវិវត្ត​ថ្មី​នេះ​កំពុង​ធ្វើ​ឲ្យ​មហាអំណាច​នុយក្លេអ៊ែរ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​កាន់តែ​តានតឹង​ខ្លាំង​។  ឥណ្ឌា​បន្ត​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា គាំទ្រ​ក្រុម​ជ្រុលនិយម​ដែល​បន្ត​បើក​ប្រតិបត្តិ​ការវាយប្រហារ​ប្រឆាំង​ទាហាន ​និង​ប្រជាជន​ឥណ្ឌា​ នៅលើ​ដែន​ដែល​កា​ស្មៀ​រ​ ដែល​ឥណ្ឌា​គ្រប់គ្រង​ទៀត​។ ប៉ុន្តែ​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ការចោទប្រកាន់ ខណៈដែល​ឥណ្ឌា​ក៏បាន​គំរាម​ប្រើប្រាស់​កម្លាំង​ទៀត បើសិន​ប៉ា​គី​ស្ថាន​មិន​អើពើ​នឹង​បញ្ហា​នេះ​។ 
 
​សូមបញ្ជាក់ថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ត្រូវបាន​បែងចែក​ជា​ពីរ​នៅ​ឆ្នាំ ១៩៤៧ ពេលដែល​ចក្រភព​អង់គ្លេស​បញ្ចប់​អាណា​និ​យ​គម​របស់ខ្លួន​ជា​ផ្លូវការ​។ ភាគី​ទាំង​ពីរបាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​បង្ហូរឈាម​គ្នា​អស់បី​ដង ​ចាប់តាំងពី​ពេលនោះ​មក ហើយ​ទំនាក់ទំនង​ទ្វេភាគី ​នៅតែ​ល្អក់កករ​ដោយសារ​ទឹកដី​បែងចែក​មិន​ដាច់ស្រេច កា​ស្មៀ​រ​នេះ​៕ 
 

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  Jaish-e-Mohammad (JeM)
 ​កា​ស្មៀ​រ
© រក្សាសិទ្ធិដោយ thmeythmey.com