ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធានអាជ្ញាធរជាតិអប្សរា ប្រាប់មន្ត្រី និងអាជ្ញាធរកុំយកអង្គរជាទីតាំងជួញដូរ រូបភាព៖ អាជ្ញាធរជាតិអប្សរា
× សៀមរាប៖ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៦ កុម្ភៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការងារបេតិកភណ្ឌ។ ក្នុងនោះដែរ លោកស្រី ភឿង សកុណា បានរម្លឹកពីបញ្ហាមួយដែលកំពុងកើតឡើងក្នុងរមណីយដ្ឋានអង្គរ ទាំងការងារអភិរក្ស ការទន្ទ្រានដីក្នុងតំបន់ រួមនិងសំណង់ខុសច្បាប់ជាដើម។
សូមស្ដាប់សំឡេងលោកស្រី ភឿង សកុណា
ប្រធានអាជ្ញាធរជាតិអប្សរា បង្ហាញអារម្មណ៍រីករាយទៅនឹងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរា ដែលទទួលបានទាក់ទងនឹងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ តែទន្ទឹមនឹងនោះ លោកស្រី ភឿង សកុណា ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបន្ដខិតខំទៀត ក្នុងស្មារតីខ្ពស់លើការងារបេតិកភណ្ឌមួយនេះ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ប្រធានអាជ្ញាធរជាតិអប្សរា បានលើកពីករណីសំណង់ខុសច្បាប់ និងការទន្ទ្រានដីក្នុងតំបន់មកនិយាយផងដែរ។ សម្រាប់លោកស្រី ភឿង សកុណា ករណីនេះអាចមានមូលហេតុច្រើន ដូចជាកង្វះការផ្សព្វផ្សាយ ការលោភលន់របស់មន្ត្រីអាជ្ញាធរជាតិអប្សរាផ្ទាល់ រួមនិងការឃុបឃិតពីមន្ត្រីមូលដ្ឋានជាដើម។ លោកស្រី ភឿង សកុណា បន្ថែមថា៖« ពេលគេធ្វើអ្វីមិនសមរម្យចំពោះអង្គរ យើងគួរមានចិត្តឈឺ ហេតុអ្វីឱ្យបរទេសមកឈឺជំនួសយើងទៅវិញ...ត្រូវមានការណែនាំ ផ្សព្វផ្សាយ ពេលខ្លះមេភូមិខ្លះឱ្យទាន់យល់ដឹង ចេះតែចុះហត្ថលេខាលក់ (ដី) ដោយមិនដឹងថា ជាតំបន់ការពារ...បច្ចុប្បន្ន អប្សរា ឈឺក្បាលរឿងនេះចង់ពិបាកជាងបញ្ហាជួសជុលប្រាសាទ ការងារស្រាវជ្រាវ រឿងនេះធ្វើឱ្យខាតពេលច្រើន»។
យ៉ាងណាលោកស្រីថា បញ្ហាខាងលើអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងធ្វើច្រើនហើយ តែភាពអវិជ្ជមាននៅតែមានចំពោះអ្នកអត់ដឹង និងអ្នកលោភលន់មួយចំនួន។ ប្រធានអាជ្ញាធរជាតិអប្សរាលើកឡើងទៀតថា ករណីនេះលោកស្រីទទួលបានព័ត៌មានច្រើន ដែលថាបុគ្គលិកអប្សរាយកលុយពីគេ ជាថ្នូរនឹងការសាងសង់ ការទិញដូរដីក្នុងតំបន់ ហើយថាករណីនេះអាចមានអ្នកក្លែងបន្លំជាមន្ដ្រីអប្សរាក៏មាន ឬវាជាការពិតក៏ថាបាន ដែលគួរមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការលុបបំបាត់។
លោកស្រី ភឿង សកុណា ក៏មិនភ្លេចរំលឹកប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ ថ្ងៃបង្កើតអាយស៊ីស៊ី-អង្គរ អំឡុងខែធ្នូ ឆ្នាំ២០១៨ ដែលថា ត្រូវបញ្ឈប់ការញុះញង់ឱ្យពលរដ្ឋរំលោភ និងកាន់កាប់ដីធ្លីក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌផ្សេងៗទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លីនៅក្នុងតំបន់ការពារនិងតំបន់មានប្រាង្គប្រាសាទតទៅទៀត។
គួររម្លឹកថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ត្រូវបានប្រកាសទទួលភារកិច្ច និងតំណែងថ្មី ដែលក្នុងនោះរួមមាន លោក ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយអាជ្ញាធរជាតិអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក យិត ចាន់ដារដ្ឋ និងលោក គឹម សុធិន ត្រូវបានតែងតាំងជាអគ្គនាយករងថ្មីអាជ្ញាធរជាតិអប្សរា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើអគ្គនាយករងសព្វថ្ងៃពីររូបទៀត គឺលោក សុខ សង្វារ និងលោក ជុំ សុភមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com