អន្តរជាតិ
ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​ឥណ្ឌា
27, Feb 2019 , 2:33 pm        
រូបភាព
យន្តហោះចម្បាំង Mig-21 ។ រូបថត AFP
យន្តហោះចម្បាំង Mig-21 ។ រូបថត AFP
ដោយ:
​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា ខ្លួន​បាន​បើក​ប្រតិបត្តិការ​យោធា​មួយ​នៅក្នុង​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ក្នុង​ប្រតិបត្តិការ​នេះ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​២​គ្រឿង​របស់​ឥណ្ឌា​ក្នុង​តំបន់​ដែនអាកាស​របស់ខ្លួន ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យន្តហោះ​ម្នាក់​របស់​ឥណ្ឌា​ផងដែរ​។ 

  
​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​ថា កងកម្លាំង​អាកាស​ប៉ា​គី​ស្ថាន​បាន​បើក​ការវាយប្រហារ​លើ​តំបន់​គ្រប់គ្រង​ការឆ្លងកាត់​ក្នុង​តំបន់​ជម្លោះ Kashmir ពី​ដែនអាកាស​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera ។ 
 
​បន្ថែម​ពីនេះ អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន ឧ​ត្ត​ម​សេនីយ៍ Asif Ghafoor បាន​និយាយថា យន្តហោះ​ចម្បាំង​ឥណ្ឌា​បាន​បើកចូលទៅ​ក្នុង​ដែនដី​ប៉ា​គី​ស្ថាន​។ ជាការ​ឆ្លើយតប កងកម្លាំង​អាកាស​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង ហើយ​អ្នកបើក​យន្តហោះ​ម្នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​។​

សូមបញ្ជាក់ថា ការវាយប្រហារ​របស់​យោធា​ប៉ា​គី​ស្ថាន​លើ​ឥណ្ឌា គឺធ្វើឡើង​ក្រោយពី​ក្រុង​ញូ​វ​ដេលី​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ខែកុម្ភៈ បានប្រកាសថា ខ្លួន​បាន​បើក​ការវាយប្រហារ​ដែនអាកាស​មួយ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ហើយ​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ ដែល​កំពុង​សម្ងំ​នៅក្នុង​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​បះបោរ​ប្រឆាំង​ខ្លួន​។ យ៉ាងណាមិញ ភាគី​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​ព័ត៌មាន​ដែលថា​មាន​អ្នកស្លាប់​ច្រើន ព្រមទាំង​ព្រមាន​វិញ​ថា ខ្លួន​នឹង​វាយបក​ទៅនឹង​ការឈ្លានពាន​របស់​ឥណ្ឌា​។

មែនទែនទៅ ភាព​តានតឹង​បានចាប់ផ្តើម​ឡើងក​ម្តៅ​កាន់តែខ្លាំង ចាប់តាំងពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ទៅក្នុង​តំបន់ Kashmir ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឥណ្ឌា​។ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មន្ត្រី​ប៉ូលីស និង​យោធា​ឥណ្ឌា​ចំនួន​យ៉ាងហោចណាស់ ៤២​នាក់​នេះ បង្កឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​៕​

Tag:
 កា​ស្មៀ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com