អន្តរជាតិ
មហាអំណាច​នុយក្លេអ៊ែរ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ប៉ះគ្នា តើ​មួយណា​មានប្រៀប​?
27, Feb 2019 , 9:19 pm        
រូបភាព
​ឥណ្ឌា និង​ប៉ា​គី​ស្ថាន គឺជា​សត្រូវ​ស៊ីសាច់ហុតឈាម​តាំងពី​ការបែងចែក​គ្នា និង​បាន​ឯករាជ្យ​រៀងៗ​ខ្លួន​នៅ​ឆ្នាំ​១៩៤៧ មក​។ វិបត្តិ​កា​ស្មៀ​រ គឺជា​ដុំថ្ម​ចំ​កណ្ដាល​ទំនាក់ទំនង​អ្នកជិតខាង​ទាំងពីរ​នេះ និង​ជា​ដែកកេះ​ដុត​បញ្ឆេះ​ឲ្យ​សង្គ្រាម​ជា​ញឹកញាប់​ផង​។ យោធា​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ប្រយុទ្ធ​គ្នា​មិនតិចជាង​៧​ដង​ឡើយ​ក្នុងការ​ទាមទារ​តំបន់​មួយ​នេះ​មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។ សុទ្ធតែជា​មហាអំណាច​ដូចគ្នា បើ​ប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ តើ​ឥណ្ឌា ឬ​ប៉ា​គី​ស្ថាន​មានប្រៀប​ជាង​?

 
​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ហែក​រដ្ឋកា​ស្មៀ​រ​ជា​ពីរ​នៅ​ឆ្នាំ​១៩៤៧ ។ ការដណ្ដើម​គ្រប់គ្រងរ​ដ្ឋ​មួយ​នេះ ធ្វើ​ឲ្យ​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ​បី​ដង និង​ការប៉ះទង្គិច​ជាច្រើនលើក​ទៀត​។ ការវាយប្រហារ​ដែនអាកាស​ពី​សំណាក់​យោធា​ឥណ្ឌា​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ជា​ការវិវត្ត​ចុងក្រោយ​នៃ​ជម្លោះ​នេះ​។ វិបត្តិ​នៅ​កា​ស្មៀ​រ គឺជា​ជម្លោះ​បង្ហូរឈាម​រ៉ាំរ៉ៃ​រវាង​អ្នកជិតខាង​ទាំងពីរ ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ហើយ​មាន​នុយក្លេអ៊ែរ​ដូចគ្នា​ទៅទៀត​។​
 
​តើ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​អាច​ប្រឈមមុខ​យោធា​ថ្មី​ទៀត​ដោយសារ​សំណុំរឿង​កា​ស្មៀ​រ​? តើ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​មាន​សាច់ដុំ​យោធា​ប៉ុណ្ណា​? 
 
​បើ​និយាយ​ពី​ផ្លូវ​ការទូត ឥណ្ឌា និង​ប៉ា​គី​ស្ថាន​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​បើ​គន់គូរ​ពី​ចំនួន​ប្រជាជន និង​ទំហំ​សេដ្ឋកិច្ច​វិញ ក្រុង​ញូវដែលី​ពិតជា​នាំមុខ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​។ សម្រាប់​ឆ្នាំ​២០១៨ ឥណ្ឌា​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ដល់​ទៅជិត​២,៧​ទ្រី​លាន​ដុល្លារ ខណៈ​ប៉ា​គី​ស្ថាន​មាន​ត្រឹម​១,៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ មានន័យថា ឥណ្ឌា​មាន​លុយ​ច្រើន​សម្រាប់​ចំណាយ​ជាង​ប៉ា​គី​ស្ថាន​។ 
 
​ថវិកា​ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ឥណ្ឌា​មាន​ទំហំ​៥៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ហើយ​ស្ថិតនៅ​លំដាប់​ទី​ប្រាំ​លើ​ពិភពលោក​។ នេះ​បើតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​។ ឯ​ប៉ា​គី​ស្ថាន​វិញ​មាន​ចំនួន​១១​ពាន់​ដុល្លារ​។ ងាក​ទៅ​ចំនួន​ទ័ព​វិញ ប៉ា​គី​ស្ថាន​មាន​កងទ័ព​៥៦​ម៉ឺន​នាក់ ឥណ្ឌា​មាន​១,២​លាន​នាក់ ដែល​សុទ្ធតែជា​សកម្ម​ទាំងអស់​។ ប៉ុន្តែ​បើ​សង្គ្រាម​ផ្ទុះឡើង ឥណ្ឌា​អាច​ប្រមូល​កម្លាំង​ថែម​ដល់​ទៅ​៣០០​លាន​នាក់ គឺ​៥​ដង​ច្រើនជាង​ប៉ា​គី​ស្ថាន​។​
 
​បន្ថែម​ពីលើ​នេះ ឥណ្ឌា​មាន​រថក្រោះ​ប្រមាណ​៣៥០០​គ្រឿង ច្រើនជាង​រថក្រោះ​ប៉ា​គី​ស្ថាន​មួយ​ពាន់​គ្រឿង​។ រថក្រោះ​របស់​ឥណ្ឌា​ភាគច្រើន​ជា​ផលិតផល​របស់​រុស្ស៊ី ខណៈ​ប៉ា​គី​ស្ថាន​សម្បូរ​ដោយ​រថក្រោះ​ផលិត​នៅ​ចិន​។ ក្រៅពីនេះ ក្រុង​ញូវដែលី​មាន​កាំភ្លើង​ធំ​ជិត​មួយ​ម៉ឺន​គ្រឿង ឯ​អ៊ី​ស្លា​ម៉ា​បាដ​មាន​តិចជាង​ប្រាំ​ពាន់​គ្រឿង​ប៉ុណ្ណោះ​។ និយាយ​ពី​ផ្លូវអាកាស​វិញ ប៉ា​គី​ស្ថាន​មាន​យន្តហោះ​ចម្បាំង​ជាង​៤០០​គ្រឿង​ដែល​ផលិត​នៅ​បារាំង អាមេរិក និង​ផលិត​រួមគ្នា​ជាមួយ​ចិន​ផង​។ ចំណែក​ឥណ្ឌា​វិញ​មាន​យន្តហោះ​ប្រមាណ​៨​រយ​គ្រឿង​ត្រៀម​ជាស្រេច​ដើម្បី​ប្រយុទ្ធ ប៉ុន្តែ​ភាគច្រើន​ជា​យន្តហោះ​ស៊េរី​ចាស់​ដូចជា MiG-21  និង MiG-27 ។ កម្លាំង​សំខាន់​នោះ គឺ​យន្តហោះ​ស៊េរី​ថ្មី Su-30 ដែលមាន​ជាង​បី​រយ​គ្រឿង​។​
 
​ខណៈ​ការប្រយុទ្ធ​គ្នា​ជាច្រើនលើក កើតឡើង​លើដី​គោក​នោះ កម្លាំង​ជើង​ទឹក​មហាអំណាច​តំបន់​អាស៊ី​ខាងត្បូង​ទាំងពីរ មិន​ស​សូវ​ដើរតួនាទី​សំខាន់​ឡើយ​។ ប៉ុន្តែ​ឥណ្ឌា​មានប្រៀប​ជាង​ប៉ា​គី​ស្ថាន ព្រោះ​មាន​សមត្ថភាព​ជើង​ទឹក​ខ្លាំង​ទាំង​បរិមាណ និង​គុណភាព​។ វា​អាច​មិនមែនជា​រឿង​ចម្លែក​ឡើយ ព្រោះ​ឥណ្ឌា​មាន​ឆ្នេរ​ប្រវែង​រាប់ពាន់​គីឡូម៉ែត្រ​ឯណោះ​។ 
 
​អាវុធ​សំខាន់បំផុត​របស់​ឥណ្ឌា និង​ប៉ា​គី​ស្ថាន គឺ​នុយក្លេអ៊ែរ​ទៅវិញ​ទេ​។ ទោះ​ប្រទេស​ទាំងពីរ​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​នៅ​ឆ្នាំ​១៩៩៨ ដូចគ្នា​មែន ឥណ្ឌា​ចាប់ផ្ដើម​គិតគូរ​នុយ​ក្លរ​អ៊ែរ​តាំងពី​ទសវត្សរ៍​១៩៧០ មុន​ប៉ា​គី​ស្ថាន​ទៅទៀត​។ ប៉ុន្តែ​ប្រទេស​ទាំងពីរ​នេះ មិនដែល​បញ្ចេញ​ព័ត៌មាន​ជុំវិញ​ចំនួន​នុយក្លេអ៊ែរ​ស្តុក​ក្នុង​ឃ្លាំង​ឡើយ​។ បើតាម​របាយការណ៍រ​បស់​ស្ថាប័ន​ស្រាវជ្រាវ SIPRI ប៉ា​គី​ស្ថាន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចន្លោះ​១៤០​ទៅ​១៥០​គ្រាប់ ឯ​ឥណ្ឌា​មាន​ចន្លោះ​ពី​១៣០​ទៅ​១៤០​គ្រាប់​។​
 
​ទោះ​មាន​បរិមាណ​តិចជាង​មែន ឥណ្ឌា​មាន​សព្វាវុធ​ដែល​អាច​នាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ឆ្ងាយ​ជាង​ប៉ា​គី​ស្ថាន​។ មី​ស៊ី​ល​អន្តរទ្វីប​របស់​ឥណ្ឌា Igni-3 អាច​ដល់​គោលដៅ​ដែល​នៅ​ចម្ងាយ​ប្រាំ​ពាន់​គីឡូម៉ែត្រ ខណៈ​មី​ស៊ី​ល​ប៉ា​គី​ស្ថាន Shaheen-2 ដែលជា​មី​ស៊ី​ល​រត់​បាន​ឆ្ងាយ​ជាងគេ​នោះ អាច​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ​តែ​ពីរពាន់​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដោយសារ​មាន​នុយក្លេអ៊ែរ​ក្បែរ​ផ្ទះ​បែបនេះ ទាំង​ឥណ្ឌា ទាំង​ប៉ា​គី​ស្ថាន​ក៏​មិន​ភ្លេច​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទុក​ដែរ​។​
 
​យ៉ាងណាក្ដី ជាមួយនឹង​អានុភាព​របស់​អាវុធ​មហា​ប្រល័យ​នេះ បូករួម​ទាំង​បរិមាណ និង​គុណភាព​ផង​នោះ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទាំងនោះ ទំនងជា​មិនអាច​បញ្ចៀស​គ្រោះមហន្តរាយ​បានឡើយ បើ​មានការ​ប៉ះទង្គិច​រហូត​ឈានដល់​ការធ្វើ​សង្គ្រាម​មែន​នោះ ហើយ​ប្រជាជន​ទាំងសងខាង​រាប់លាន​នឹងរង​គ្រោះ​ដោយសារ​អាវុធ​មួយ​នេះ​៕ 
 

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  កា​ស្មៀ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com