អន្តរជាតិ
សភា​អាមេរិក​ចេញ​វិធានការ​ប្រឆាំង​«​ការប្រកាស​ភាពអាសន្ន​ជាតិ​» របស់លោក ត្រាំ
28, Feb 2019 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​អាមេរិក​បានអនុម័ត​ដំណោះស្រាយ​មួយ​ក្នុង​គោលដៅ​រារាំង​ប្រធានាធិបតី​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ក្រោយ​ប្រកាស​ភាពអាសន្ន​ជាតិ​។ វិធានការ​នេះ​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា ហើយ​ប្រហែលជា​នឹងត្រូវ​ទាត់ចោល​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផង ក្នុងករណី​ដែល​ព្រឹទ្ធសភា​អនុម័ត​ទទួលយក​នោះ​។

 
​ដោយ​មិន​អើពើ​នឹង​អំណាច​ជំទាស់​របស់​ប្រធានាធិបតី សមាជិកសភា​តំណាងរាស្ត្រ​ដែល​ក្តោប​ក្តាប់​ដោយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បានសម្រេច​អនុម័ត​វិធានការ​ថ្មី​មួយ​ដើម្បី​ប្រឆាំង​ការប្រកាស​ភាពអាសន្ន​ជាតិ​របស់លោក ត្រាំ ដោយ​សំឡេងគាំទ្រ ២៤៥ ទល់នឹង ១៨២ សំឡេង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សំឡេងគាំទ្រ​ទាំងនោះ​មាន​សមាជិកសភា​មកពី​បក្ស​សាធារណរដ្ឋ​ចំនួន ១៣​នាក់​ដែរ​។ វិធានការ​ថ្មី​នេះ​ត្រូវបញ្ជូន​បន្តទៅ​កាន់​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​ដើម្បី​អនុម័ត មុននឹង​ត្រូវបញ្ជូន​បន្ត​ទៅ​ប្រធានាធិបតី​ចុះហត្ថលេខា​។  
 
​លោក ត្រាំ បានប្រកាស​ភាពអាសន្ន​ជាតិ​កាលពី​ថ្ងៃ ១៥ ខែកុម្ភៈ​ក្រោយ​ពេលដែល​លោក​បរាជ័យ​ក្នុងការ​ទទួលបាន​លុយ​ជាង ៥​ពាន់​លាន​ដុល្លារ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន ទោះជា​លោក​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​អស់​ជាង​មួយខែ​ក៏ដោយ​។ 
 
​កន្លងមក​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​បាន​ទិតៀន​ចំណាត់ការ​របស់​ប្រធានាធិបតី និង​ចោទថា​លោក ត្រាំ កំពុង​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​ទាញយក​អំណាច​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​មកប្រើប្រាស់​ជំនួស​ដើម្បី​កំណត់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​ទៅវិញ​។ 
 
​ដោយឡែក វិធានការ​ថ្មី​នេះ​មាន​គោលដៅ​សំខាន់​ទាត់ចោល​ការប្រកាស​ភាព​អាសន្ន​ជាតិ និង​រារាំង​ប្រធានាធិបតី​មិន​ឲ្យ​ទទួលបាន​លុយ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​ភាគខាងត្បូង​ឡើយ​។ មកដល់ពេលនេះ ប្រធានាធិបតី ត្រាំ បាន​គំរាម​ជាមុន​ហើយ​ថា លោក​នឹង​ប្រើ​អំណាច​ទាត់ចោល​វិធានការ​នេះ ក្នុងករណី​ដែល​វា​ត្រូវបាន​អនុម័ត​ដោយ​សភា​ទាំងពីរ​ជាន់​នោះ​។ 
 
​ដើម្បី​ឆ្លងកាត់​ព្រឹទ្ធសភា​រួច វា​ត្រូវការ​សំឡេងគាំទ្រ​បួន​បន្ថែម​ពី​សមាជិក​ព្រឹទ្ធ​បក្ស​សាធារណរដ្ឋ​នៅពេលនេះ​។ គេ​ឃើញ​មាន​យ៉ាងហោចណាស់ សមាជិក​ព្រឹទ្ធសភា​ពីរ​នាក់​ពី​បក្ស​សាធារណរដ្ឋ​បានប្រកាស​ជាមុន​ហើយ​ថា ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​វិធានការ​ប្រឆាំង​ប្រធានាធិបតី​នេះ​។  ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា ប្រធានាធិបតី​នឹង​បដិសេធ​វិធានការ​នេះ​។ 
 
​តាមច្បាប់ វា​ចាំបាច់​ត្រូវមាន​សំឡេងគាំទ្រ​យ៉ាងហោចណាស់​ពីរភាគបី​នៅ​សភា​ទាំងពីរ​ជាន់​លើ​វិធានការ​នេះ ដើម្បី​អាច​ឈ្នះ​អំណាច​បដិសេធ​របស់​ប្រធានាធិបតី​បាន​។ ជារួម សភា​ទាំងពីរ​ទំនងជា​ពិបាក​រកបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​លើ​អំណាច​ប្រធានាធិបតី​ណាស់​៕
 

Tag:
 អាមេរិក​
 ​ដូ​ណា​ល់ ត្រាំ​
 ​ប្រជាធិបតេយ្យ​
  សាធារណរដ្ឋ​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com