អន្តរជាតិ
វិបត្តិ​វ៉េ​ណេ​ស៊ុ​អេ​ឡា​៖ UNSC មិនអាច​ចេញ​ដំណោះស្រាយ​បាន ព្រោះ​រុស្ស៊ី​និង​អាមេរិក​វ៉េតូ​គ្នា​ទៅមក​
01, Mar 2019 , 7:39 pm        
រូបភាព
តំណាងអាមេរិកសម្រាប់កិច្ចការវ៉េណេស៊ុយអេឡា Elliot Abrams (រូបឈរ) ជជែកជាមួយតំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Visaly Nebenzya (រូបបែរខ្នង)ក្នុងសាលក្រុមប្រឹក្សាសន្តិសុខ (រូបភាព AFP)
តំណាងអាមេរិកសម្រាប់កិច្ចការវ៉េណេស៊ុយអេឡា Elliot Abrams (រូបឈរ) ជជែកជាមួយតំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Visaly Nebenzya (រូបបែរខ្នង)ក្នុងសាលក្រុមប្រឹក្សាសន្តិសុខ (រូបភាព AFP)
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មិនអាច​អនុម័ត​ដំណោះស្រាយ​អ្វី​បានឡើយ​ជុំវិញ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដ្បិត​មហាអំណាច​ធំៗ​ដែល​កាន់ជើង​ភាគី​ជម្លោះ​ផ្សេងគ្នា បោះឆ្នោត​ប្រឆាំង​សេចក្ដីព្រាង​ដំណោះស្រាយ​គ្នា​ទៅមក​។ តំណាង​រុស្ស៊ី​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចោទ​អាមេរិក​ថា យក​វេទិកា​នេះ​ដើម្បី​ត្រៀម​អន្តរាគមន៍​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ឯ​តំណាង​អាមេរិក​វិញ រិះគន់​ប្រទេស​ប្រឆាំង​សំណើ​ខ្លួន ដោយ​មិន​គិតពី​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សោះ​។

 
​រុស្ស៊ី​ដែល​ប្រកាស​គាំទ្រ​របប​ដឹកនាំ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​បោះឆ្នោត​វ៉េតូ​លើ​សេចក្ដីព្រាង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ (UNSC) ដែល​ស្នើ​ដោយ​អាមេរិក​អំឡុងពេល​កិច្ចប្រជុំ​ថ្ងៃទី​២៨ ខែកុម្ភៈ ខណៈ​សេចក្ដីព្រាង​របស់​រុស្ស៊ី​មិន​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ឡើយ​។ បរាជ័យ​ក្នុងការ​អនុម័ត​សេចក្ដីព្រាង​ណាមួយ ជា​សញ្ញា​នៃ​ការបែងចែក​រវាង​មហាអំណាច​ពិភពលោក ដែល​ប្រកាន់​ជំហរ​ខុសគ្នា ហើយ​គាំទ្រ​ភាគី​ជម្លោះ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផ្សេងគ្នា​ផង​។​
 
​ដំណោះស្រាយ​របស់​អាមេរិក ស្នើ​ឲ្យ​មានការ​បោះឆ្នោត​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើងវិញ និង​បើកផ្លូវ​ដល់​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​។ សេចក្ដីព្រាង​នេះ ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៩ ពី​សមាជិក​ទាំង​១៥ ប្រទេស ប៉ុន្តែ​រុស្ស៊ី និង​ចិន​ដែលជា​សមាជិក​អចិន្ត្រៃយ៍ ប្រើ​អំណាច​វ៉េតូ​ជំទាស់​។ អំណាច​វ៉េតូ​ទាំងពីរ​នេះ គ្រប់គ្រាន់​ដើម្បី​បញ្ចប់​សំណើ​របស់​អាមេរិក ទោះជា​ប្រមូល​សំឡេងគាំទ្រ​ចំនួន​៩ តាម​ការកំណត់​ក្ដី​។​
 
​ចំណែក​សេចក្ដីព្រាង​ដំណោះស្រាយ​របស់​រុស្ស៊ី​វិញ មាន​បញ្ចូល​ការដោះស្រាយ​បញ្ហា​តាមផ្លូវ​នយោបាយ និង​តួនាទី​របស់​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ក្នុង​ការទទួល​ជំនួយ​មនុស្សធម៌​។ ខុសពី​សេចក្ដីព្រាង​របស់​អាមេរិក សេចក្ដីព្រាង​លើកឡើង​ដោយ​រុស្ស៊ី មិន​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ឡើយ ពោល​គឺមាន​សមាជិក​គាំទ្រ​ទាំងអស់​ចំនួន​៤ ប្រទេស​ប៉ុណ្ណោះ​។ លទ្ធផល​បែបនេះ មិនចាំបាច់​អាមេរិក​វ៉េតូ​ក៏​ចេញ​មិន​រួច​ដែរ​។ ប៉ុន្តែ​អាមេរិក និង​ប្រទេស​ខ្លះទៀត​នៅតែ​បោះឆ្នោត​ប្រឆាំង​ដដែល​។​
 
​ថ្លែង​ក្រោយ​ការបោះឆ្នោត តំណាង​អាមេរិក​សម្រាប់​កិច្ចការ​វ៉េ​ណេ​ស៊ុ​អេ​ឡា Elliott Abrams ក៏​ពន្លះ​រុស្ស៊ី និង​ចិន​ធ្ងន់ៗ និង​ចោទ​ប្រទេស​ទាំងនោះ​ថា បន្ត​ឈរ​ពាំង​លោក ម៉ា​ឌុយ​រ៉ូ និង​បក្សពួក ហើយ​អូសបន្លាយ​ការឈឺចាប់​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ជាមួយនឹង​លទ្ធផល​ការបោះឆ្នោត​វិញ មន្ត្រី​អាមេរិក​រូបនេះ ពេញចិត្ត​ខ្លាំង​ទោះ​មិនអាច​ឆ្លង​ផុត​ក្ដី ហើយ​អះអាងថា ភាគច្រើន​នៃ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ឈរ​ខាង​អាមេរិក​។​
 
​តំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ ក៏​មិន​ស្ងៀម​ដែរ​ពេល​អាមេរិក​រិះគន់​ខ្លួន​មិន​ដាក់​មាត់​បែបនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Vassily Nebenzia ចោទ​អាមេរិក​ថា ផ្ដួចផ្ដើម​សេចក្ដីព្រាង​ដំណោះស្រាយ​ដែលមាន​ន័យ​ផ្លាស់ប្ដូរ​របប​ដឹក​នាំនៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្រោមរូបភាព​ជាការ​យ​ក​ចិត្ត​ទុក​លើ​ប្រជាជន​ស៊ីវិល​។ បើតាម​មន្ត្រី​ទូត​រុស្ស៊ី អាមេរិក​ធ្លាប់ធ្វើ​ទង្វើ​បែបនេះ​នៅ​អ៊ីរ៉ាក់ លី​ប៊ី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ស៊ី​រី​រួចហើយ​៕
 

Tag:
 UNSC
  អាមេរិក​
  រុស្ស៊ី​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com