អន្តរជាតិ
លោក គីម ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ក្រោយ​ជំនួប​ជាមួយ​លោក ត្រាំ បរាជ័យ​
01, Mar 2019 , 4:14 pm        
រូបភាព
លោក គីម ជុងអ៊ុន និងលោក ង្វៀន ភូជុង ត្រួតពលនៅវិមានប្រធានាធិបតីនៅរដ្ឋធានីហាណូយថ្ងៃ ១ ខែមីនា (AFP)
លោក គីម ជុងអ៊ុន និងលោក ង្វៀន ភូជុង ត្រួតពលនៅវិមានប្រធានាធិបតីនៅរដ្ឋធានីហាណូយថ្ងៃ ១ ខែមីនា (AFP)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមីនា បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ខ្លួន​នៅ​វៀតណាម​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​បញ្ចប់​ទៅដោយ​គ្មាន​លទ្ធផល​អ្វី​សោះ​។ នៅ​វៀតណាម លោក គីម ទំនងជា​ពិនិត្យមើល​គំរូ​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ដែល​ត្រូវ​លោក ដូ​ណា​ល់ ត្រាំ ចាត់ទុកជា​មេរៀន​ដែល​កូរ៉េខាងជើង​អាច​រៀនសូត្រ​បាន​។​

 
​លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដោយ​ប្រធានាធិបតី​វៀតណាម ង្វៀន ភូ​ជុង នៅឯ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ថ្ងៃទី​១ ខែមីនា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​វៀតណាម​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ​។ វៀតណាម ជា​ប្រទេស​ទី​ពីរ​ប៉ុណ្ណោះ​បន្ទាប់ពី​ចិន ដែល​លោក គីម ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​បែបនេះ​។​
 
​វៀតណាម ត្រូវបាន​គេ​មើលឃើញថា ជា​ឧទាហរណ៍​ដ៏​ស័ក្តិសម​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។ វៀតណាម​ដែល​ធ្លាប់​ក្រីក្រ​អត់ឃ្លាន ប្រែ​មុខមាត់​ទៅជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​ក្នុង​តំបន់ បន្ទាប់ពី​ការបើកចំហ​ទីផ្សារ​របស់ខ្លួន​តាមរ​យៈ​ការអនុវត្ត​គោ​លន​យោ​បា​មូលធននិយម​ក្នុង​វិស័យសេដ្ឋកិច្ច តែ​បន្ត​អនុវត្ត​ប្រព័ន្ធ​នយោបាយ​ឯក​បក្ស​ដដែល​។ ប្រព័ន្ធ​ដឹកនាំ​បែបនេះ គឺជា​អ្វីដែល​សមស្រប​សម្រាប់​លោក គីម ។​
 
​ទស្សនកិច្ច​របស់លោក គីម នៅ​វៀតណាម ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ចប់ទៅ​។ ជំនួប​លើក​ទី​ពីរ​នេះ មិនមាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ ដោយ​ភាគី​ទាំងពីរ​មិន​យល់ស្រប​គ្នា​លើ​បញ្ហា​ដក​ទណ្ឌកម្ម​។ លោក ត្រាំ និយាយថា កូរ៉េខាងជើង​ចង់​ឲ្យ​អាមេរិក​លើក​ទណ្ឌកម្ម​ទាំងស្រុង ជា​ថ្នូរ​នឹង​ការបិទ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ប៉ុន្តែ​កូរ៉េខាងជើង​លើកឡើងថា ខ្លួន​ចង់​ឲ្យ​លើកលែង​មួយផ្នែក​ប៉ុណ្ណោះ​៕
 

Tag:
 វៀតណាម​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com