អន្តរជាតិ
ប្រមុខ​ការពារជាតិ​សិង្ហ​បុរី​៖ ចាយលុយ​ទិញ​នាវាមុជទឹក យន្តហោះ​ចម្បាំង ព្រោះ​សិង្ហ​បុរី​ជា​ប្រទេស​តូច​
01, Mar 2019 , 9:19 pm        
រូបភាព
សិង្ហបុរីនឹងទិញយន្តហោះចម្បាំង F-35 ចំនួនបួនគ្រឿងពីអាមេរិក
សិង្ហបុរីនឹងទិញយន្តហោះចម្បាំង F-35 ចំនួនបួនគ្រឿងពីអាមេរិក
​សិង្ហ​បុរី ត្រូវបាន​មើលឃើញថា កំពុង​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​ការពារជាតិ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ថវិកា​ការពារជាតិ​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ ត្រូវបាន​បង្កើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៩ នេះ ហើយ​បន្ត​កើនឡើង​ទៀត​នៅ​មួយ​ទសវត្សរ៍​បន្ទាប់​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ការពារជាតិ អ៊ឹង អេង​ហេន នៅ​ថ្ងៃទី​១ ខែមីនា​។ សិង្ហ​បុរី ក៏​គ្រោង​ទិញ​សព្វាវុធ​ថ្មីៗ​ដើម្បី​ជំនួយ​អាវុធ​ចាស់​ទាំង​ក្នុង​ជួរ​ជើង​ទឹក ជើងគោក និង​ជើង​អាកាស​។​

 
​សម្រាប់​ឆ្នាំ​២០១៩ ថវិកា​លើ​វិស័យ​ការពារជាតិ នឹង​កើន​ដល់​ចំនួន​១៥,៥​ពាន់​លានដុល្លារ​សិង្ហ​បុរី ដែល​ឆ្នាំ​២០១៨ មានតែ​១៤,៨​ពាន់លាន​ដុល្លារ​សិង្ហ​បុរី​ប៉ុណ្ណោះ​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហេង ស្វី​គៀត នាពេល​ថ្មីៗ​នេះ​។ 
 
​ការកើនឡើង​កញ្ចប់​ថ​វិកា​យោធា​នេះ ជា​រឿង​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​កងទ័ព​សិង្ហ​បុរី​ឲ្យ​មាន​ប្រសិទ្ធភាព និង​សមត្ថភាព​ការពារ​ប្រទេស​។ រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី អ៊ឹង អេង​ហេន និយាយ​បែបនេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សភា​នៅ​ថ្ងៃទី​១ ខែមីនា​។ បើតាម​លោក អ៊ឹង ការវិនិយោគ​ជា​បន្តបន្ទាប់ ជា​តម្រូវការ​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​រក្សា​សុវត្ថិភាព​សម្រាប់​ប្រជាជន​សិង្ហ​បុរី​ជំនាន់​ក្រោយ​។​


រដ្ឋមន្រ្តីការពារជាតិសិង្ហបុរិ អ៊ឹង អេងហេន
 
​ប្រមុខ​ការពារជាតិ​រូបនេះ​និយាយថា វិស័យ​ការពារជាតិ​ពិសេស​សម្រាប់​ប្រទេស​តូច​ដូចជា​សិង្ហ​បុរី ជា​រឿង​សំខាន់​។ ក្នុងន័យនេះ លោក​ក៏​បញ្ចេញ​ផែនការ​អភិវឌ្ឍ​អង្គភាព​ទ័ព​ទាំងបី​របស់​សិង្ហ​បុរី​ដើម្បី​ទប់ទល់​ការ​គំរាម​ទាំងអស់​ក្នុង​សតវត្សរ៍​ទី​២១​នេះ​។ លោក អ៊ឹង អះអាងថា បើ​សិង្ហ​បុរី​នៅតែ​បន្ត​បោះទុន​លើ​វិស័យ​ការពារជាតិ ហើយ​កងទ័ព​ទាំងអស់​អាច​រក្សា​ការប្ដេជ្ញាចិត្ត​ការពារ​ប្រទេស នោះ​អនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ នឹងត្រូវ​បាន​ធានា​។​
 
​ស្របតាម​ទិសដៅ​លើកកម្ពស់​សមត្ថភាព​យោធា​ជាតិ សិង្ហ​បុរី​នឹង​ទិញ​យុទ្ធោបករណ៍​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​ទាំងបី​ប្រភេទ​របស់ខ្លួន​។ រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​ប្រាប់​កិច្ចប្រជុំសភា​ថា ដំណើរ​ការធ្វើ​ទំនើបកម្ម​យោធា​ជំនាន់​ក្រោយ​សំដៅ​ទប់​ការគំរាមកំហែង កំពុង​ធ្វើឡើង​ដោយ​រលូន​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​សម្រាប់​ទ័ពអាកាស សិង្ហ​បុរី​នឹង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី F-35 ពី​អាមេរិក​ដើម្បី​ជំនួស​យន្តហោះ F-16 ដែល​នឹង​ចូលនិវត្តន៍​។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​ដដែល សិង្ហ​បុរី​នឹង​ទិញ​យន្តហោះ F-35 ចំនួន​៤​គ្រឿង​សិន ដើម្បី​ប្រើប្រាស់ មុននឹង​សម្រេចចិត្ត​តាម​ក្រោយ​ថា ត្រូវ​ទិញ​ថែម​៨​គ្រឿង​ទៀត​ឬ​អត់​។ សិង្ហ​បុរី​នឹង​សរសេរ​សំណើ​ទៅ​អាមេរិក​នៅពេល​ខាងមុខ ខណៈ​តម្លៃពិត​ប្រាកដ​ស​ម្រា​ប់​យន្តហោះ​មួយគ្រឿង មិនទាន់​ត្រូវបាន​កំណត់​ឡើយ ខណៈ​តម្លៃ​សព្វថ្ងៃ​មាន​ពី​៩០​លាន​ដុល្លារ​ទៅ​១១៥​លាន​ដុល្លារ​អាមេរិក​។​
 
​ងាក​ទៅ​កម្លាំង​ជើង​ទឹក​វិញ បុរី​រដ្ឋ​មួយ​នេះ នឹង​នាំចូល​នាវាចម្បាំង និង​នាវាមុជទឹក​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ នៅពេល​ខាងមុខ សិង្ហ​បុរី​នឹង​ទទួល​នាវាមុជទឹក​ថ្នាក់ Invincible ចំនួន​បួន​គ្រឿង​។ ថ្មីៗ​នេះ នាវាមុជទឹក​មួយគ្រឿង ក្នុងចំណោម​បួន​គ្រឿង ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅឯ​អាល្លឺម៉ង់ ហើយ​ទៅ​សិង្ហ​បុរី​ឆាប់​នេះ ខណៈ​បី​គ្រឿង​នៅ​សេសសល់ ស្ថិតក្រោម​ការសាងសង់​នៅឡើយ​។ លោក អ៊ឹង រំពឹងថា សិង្ហ​បុរី​មាន​នាវាមុជទឹក​ទាំង​បួន​នៅត្រឹម​ឆ្នាំ​២០២៥ ។​


នាវាមុជទឹកថ្នាក់ Invincibles ដែលសិង្ហបុរីទិញពីអាល្លឺម៉ង់ (រូបភាពពីហ្វេសប៊ុក Ng Eng Hen)
 
​ដូចគ្នា​នឹង​អង្គភាព​ជើង​ទឹក និង​ជើង​អាកាស​ដែរ កងទ័ពជើងគោក​សិង្ហ​បុរី នឹង​ទទួល​យុទ្ធោបករណ៍​ថ្មីៗ​ដើម្បី​ជំនួយ​អាវុធ​ចាស់ៗ​។ រថពាសដែក​ធុន MI13 នឹងត្រូវ​ជំនួស​ដោយ​រថពាសដែក​ស៊េរី​ក្រោយ​ដែល​ទំនើប​ជាង ហើយនឹង​រក្សា​តួនាទី​ស្នូល​ក្នុង​អង្គភាព​គ្រឿងយន្ត​របស់​កងទ័ព​បន្តទៀត​។ រដ្ឋមន្ត្រី​ការពារជាតិ អ៊ឹង អេង​ហេន និយាយថា យោធា​ជំនាន់​ក្រោយៗ ដែល​ប្រដាប់​ដោយ​អាវុធ​ពេញលេញ នឹង​ការពារ​សិង្ហ​បុរី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕

Tag:
 សិង្ហ​បុរី​
  អ៊ឹង អេង​ហេន
© រក្សាសិទ្ធិដោយ thmeythmey.com