ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រតិកម្ម​សម្តី​ប្រធាន​បក្ស​ខ្មែរ​ក្រោក ដែល​ចោទ​ខ្លួន​មើលងាយ​ប្រសាសន៍​សម្ដេច ហ៊ុន សែន​
03, Mar 2019 , 1:38 pm        
រូបភាព
ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រតិកម្ម​សម្តី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​ចោទ​អាជ្ញាធរ​អនុវត្ត​ការងារ​លើដី​កំពុងមាន​ទំនាស់​នៅ​ភូមិ​គគី ដោយ​ខុសច្បាប់ ផ្ទុយ​ពី​ប្រសាសន៍​សម្ដេច ហ៊ុន សែន​។ អាជ្ញាធរ​ចាត់ទុក​សម្តី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជាការ​ញុះញង់​មតិ​សាធារណជន​។​

 
​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ឆ្លើយឆ្លង​សម្តី​គ្នា​នេះ កើតឡើង​ក្រោយពី​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ William Guang ថា អភិបាលខេត្ត​ព្រះសីហនុ មាន​ថ្លើមធំ​ពាសមេឃ ហ៊ាន​មើលងាយ​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន តាមរយៈ​ការចេញលិខិត​អនុ​ញ្ញា​ត្តិ​ឲ្យ​ឈូសឆាយ​ធ្វើ​របង​លើដី​ទំនាស់​ភូមិគ​គី​ដែលជា​ដី​របស់​រដ្ឋ ហើយ​ស្ថិតក្រោម​សាលដីកា​ខុសច្បាប់​នៅឡើយ ។ ក្នុងន័យនេះ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សង្កត់ធ្ងន់ថា តុលាការ​កំពូល​បានចេញ​សេចក្ដីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្តិ ដែល​ធ្វើ​ឲ្យ​លោក យន្ត មីន កំពុង​អនុវត្ត​ទាំង​បំពាន​លើ​មតិ​ណែនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី និង​បំពាន​លើ​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចុះ​កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០១៩ ទៀតផង ។​
 
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក William Guang ដែល​គេ​ស្គាល់​ថា ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​រូបនេះ បាន​សរសេរ​ដូច្នេះ​៖«​លិខិត​របស់លោក យន្ត មីន ធ្វើ​មុន​មួយថ្ងៃ​នៃ​ការប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​សម្ដេច​លោក​បាន​បញ្ជា​ឲ្យ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សើរើ​ឡើងវិញ​ហើយ​ចំពោះ​បញ្ហា​ដី​នេះ ។ ហើយ​ជន​ពាក់ព័ន្ធ​ផលប្រយោជន៍​លើ​ការយក​ដី​រដ្ឋ​មក​កាត់ក្ដី​ចែក​ឯកជន គឺ​មិន​រួចខ្លួន​ទេ ដី​នេះ​ជា​ដី​រដ្ឋ ម្ដេច​ឲ្យ​ឯកជន​ទៅ​បោះ​របង​វិញ ? យោង​លិខិត​នេះ​ខ្ញុំ​និង​ធ្វើ​របាយការណ៍​ដាក់ជូន​សម្ដេច​ភ្លាម​ឲ្យ​លោក​មាន​វិធានការ​ចំពោះ​អភិបាលខេត្ត​ព្រហើន​រូបនេះ​»​។​
 
​មួយថ្ងៃ​ក្រោយ​ការលើកឡើង​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏​ចេញ​លិខិត​ពន្យល់​ហេតុផល​វិញ​។ អ្វីដែល​រដ្ឋបាលខេត្ត ចេញ​បកស្រាយ​នោះ គឺ​លើក​ហេតុផល​យោង​លើ​ពាក្យស្នើសុំ​របស់​មេធាវី , របាយការណ៍​របស់​ក្រុមការងារ​ចុះ​ពិនិត្យ​លើ​ទីតាំង​ផ្ទាល់ រួមទាំង​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៧ កន្លងមក ទើប​រដ្ឋបាលខេត្ត​ចេញ​លិខិតអនុញ្ញាត ឲ្យ​មានការ​ឈូសឆាយ​ធ្វើ​របង​លើដី​ទំនាស់​ភូមិគ​គី​នេះ ពោលគឺ​មុន​មួយថ្ងៃ នៃ​ការប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ជាមួយ​សម្ដេច ហ៊ុន សែន ។ ដោយសារ​ទឡ្ហីករណ៍​នេះ ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ ហ៊ាន​អះអាងថា គ្មាន​ចំណុច​ណា ដែល​អាច​ចោទ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ហ៊ាន​ថ្លើមធំ​មើលងាយ​អនុសាសន៍​ណែនាំ​ប្រមុខ​រដ្ឋាភិបាល​ឡើយ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​២ មីនា បាន​សរសរ​ដូច្នេះ​ថា​៖«​ចំពោះ​មតិ​ដែល​(​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​)​បាន​លើកឡើងថា សាលដីកា​ដែល​បាន​យកទៅអនុវត្ត​នោះ ជា​សាលដីកា​ខុសច្បាប់ និង​បាន​បញ្ជាក់ថា តុលាការ​បានចេញ​សេចក្តីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្ត​។ ចំពោះ​ចំណុច​នេះ រដ្ឋបាលខេត្ត​មិនមាន​សមត្ថកិច្ច​គ្រប់គ្រាន់​ក្នុងការ​បកស្រាយ ឬ​វាយតម្លៃ​លើ​សាលដីកា​របស់​ស្ថាប័ន​តុលាការ​នោះទេ គឺមាន​តួនាទី​អនុវត្ត​ការងារ​តាមផ្លូវ​ច្បាប់ និង​ការស្នើសុំ​របស់​ស្ថាប័ន​តុលាការ​តែប៉ុណ្ណោះ​»​។​
 
​អម​ជាមួយ​ការបដិសេធ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ចាត់ទុក​សម្តី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក គ្រាន់តែ​ជាការ​ទាញយក​ផលប្រយោជន៍ និង​លើក​តម្លៃ​ខ្លួន ក្នុង​ឆាកនយោបាយ ដោយ​ប្រើ​វិធី​អុចអាល ញុះញង់​ឲ្យ​សាធារណជន មានការ​យល់ច្រឡំ​មកលើ​លោក យន្ត មីន អភិបាលខេត្ត និង​ថ្នាកដឹកនាំ​ខេត្ត​ប៉ុណ្ណោះ​។  
 
 
​ទាកទង​នឹង​បញ្ហាដីធ្លី​ខេត្ត​ព្រះសីហនុ​នេះ សម្ដេច ហ៊ុន សែន ក៏បាន​សម្រេច​ដក​អភិបាលរង​ខេត្ត​ពីររូប​គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជា​អ្នកទទួល​បញ្ជា​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការដកតំណែង​អភិបាលរង​ទាំងពីរ​រូបនេះ ក្រោយពី​មានការ​អន្តរាគមន៍ ហើយ​ផ្ទុះ​អំពើហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​នាំគ្នា​ទៅ​តវ៉ា​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​។ 
 
​ក្រៅពីនេះ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ យកមក​គ្រប់គ្រង​វិញ ហើយ​យក​ដី​នោះ បែងចែក​ឲ្យ​ពលរដ្ឋ​វិញ​។ ការសម្រេច​របស់​សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៃ​គណបក្សនយោបាយ​ទាំង​១៦ នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​៕

Tag:
 ​ហ៊ុន សែន​
  យន្ត មីន​
  បក្ស​ខ្មែរ​ក្រោក
© រក្សាសិទ្ធិដោយ thmeythmey.com