អន្តរជាតិ
អាមេរិក កំពុង​ស៊ើបអង្កេត​ករណី​ប៉ា​គី​ស្ថាន​ប្រើ​យន្តហោះ​ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា
04, Mar 2019 , 3:27 pm        
រូបភាព
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៣ ខែមីនា ប្រកាសថា ខ្លួន​កំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទង​ការប្រើប្រាស់​យន្តហោះ F-16 ពី​សំណាក់​យោធា​ប៉ា​គី​ស្ថាន​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​។ ទំនាក់ទំនង​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ដែល​សុទ្ធតែជា​មិត្ត​របស់​អាមេរិក​នោះ បាន​តានតឹង​ដោយសារ​ការប៉ះទង្គិច​គ្នា​នៅឯ​រដ្ឋកា​ស្មៀ​រ​រហូតដល់​មាន​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​ផង​។ ប៉ា​គី​ស្ថាន អាច​ជួប​បញ្ហា​ធំ បើសិន​ប្រើ F-16 ក្នុង​ប្រតិបត្តិការ​យោធា​នៅ​កា​ស្មៀ​រ​មែន​នោះ​។​



​ប៉ា​គី​ស្ថាន និង​ឥណ្ឌា បាន​បើក​យុទ្ធនាការ​ដែនអាកាស​លើ​តំបន់​គ្រប់គ្រង​របស់​គូប្រជែង​ខ្លួន​នៅ​តំបន់​កា​ស្មៀ​រ រហូតដល់​មាន​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​ធុន MiG ពី​សំណាក់​យោធា​ប៉ា​គី​ស្ថាន​។ ការប៉ះទង្គិច​ដែលមាន​តាំង​ការ​ផ្លោង​គ្រាប់​ដាក់គ្នា​ផង​នោះ ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា មហាអំណាច​អាស៊ី​ខាងត្បូង​ទាំងពីរ​នេះ អាចធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ផង​។ 

​យោធា​ឥណ្ឌា​អះអាងថា ប៉ា​គី​ស្ថាន​ប្រើ​យន្តហោះ​អាមេរិក​ធុន F-16 ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ប៉ុន្តែ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​បដិសេធ​។ ទោះជា​យ៉ាងណា អាមេរិក​នៅតែ​ស៊ើបអង្កេត​ករណីនេះ​ដដែល​។ ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ី​ស្លា​ម៉ា​បាដ​ប្រកាស​នៅ​ថ្ងៃទី​៣ ខែមីនា ថា ខ្លួន​កំពុង​ពិនិត្យមើល​ព័ត៌មាន​ពី​ការប្រើប្រាស់ F-16 ទៅ​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​រហូត​មានការ​ចាប់ខ្លួន​អ្នកបើកបរ ដែល​បាន​ដោះលែង​រួចហើយ​ដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ចាត់ទុក​ការបំពាន​កិច្ចព្រមព្រៀង​ការពារជាតិ​នេះ ជា​រឿង​សំខាន់​។ យ៉ាងណាមិញ ស្ថានទូត​អាមេរិក​មិនបាន​បញ្ជាក់​ពី​បញ្ញត្តិ​ណា​ដែល​ប៉ា​គី​ស្ថាន​បំពាន​ឡើយ តែ​កិច្ចព្រមព្រៀង​ទិញ​លក់បាន​ចែង​ពី​ការកំណត់​ការប្រើប្រាស់ F-16 នេះ​។ ចំណែកឯ​ប៉ា​គី​ស្ថាន​វិញ ក៏​មិន​បង្ហាញ​ពី​ប្រភេទ​យន្តហោះ​ដែល​ប្រើប្រាស់​ដែរ ខណៈ​ក្រៅពី F-16 ប៉ា​គី​ស្ថាន​ក៏​ប្រើ​យន្តហោះ​ធុន JK-17 ដែល​សហការ​ផលិត​ជាមួយ​ចិន​។​

​ប៉ា​គី​ស្ថាន គឺជា​ម៉ូ​អាវុធ​ដ៏​ធំ​មួយ​របស់​អាមេរិក​។ បរិមាណ​សព្វាវុធ​ដែល​ប៉ា​គី​ស្ថាន​ទិញ បាន​កើនឡើង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០០១ មក ពេល​ប៉ា​គី​ស្ថាន​ក្លាយជា​ដៃគូ​សំខាន់​របស់​អាមេរិក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវកម្ម​។ ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​ទិញ​យន្តហោះ F-16 ជាច្រើន​គ្រឿង​ដែល​ផលិត​ដោយ Lockheed Martin Corp ។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ ទំនាក់ទំនង​ធ្លាប់​ស្អិតល្មួត​ក៏​ប្រែ​ទៅជា​ជូរចត់​វិញ​។​

​សូមបញ្ជាក់ថា ការបាញ់​ផ្លោង​ដាក់គ្នា​ទៅវិញ​រវាង​យោធា​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀ​រ បានសម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់ ហើយ​ការ​ភៀសខ្លួន​ក៏​កើតមាន​ផងដែរ​។ ស្ថានការណ៍​ហាក់​ស្ងប់ស្ងាត់​នៅ​ចុង​សប្ដាហ៍​កន្លងទៅ ប៉ុន្តែ​ក្នុង​ទឹក​ដីកា​ស្មៀ​រ​កាន់កាប់​ដោយ​ឥណ្ឌា ក្រុម​រក្សា​សន្តិសុខ​បានសម្លាប់​សកម្មជន​ពីរ​នាក់​ក្នុងការ​ប៉ះទង្គិច​មួយ​ដែល​សម្លាប់​យោធា​ឥណ្ឌា​អស់​ប្រាំ​នាក់​ផងដែរ​៕

Tag:
 អាមេរិក​
  ប៉ា​គី​ស្ថាន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com