អន្តរជាតិ
អាមេរិក នឹង​ឈប់​ផ្ដល់​ការអនុគ្រោះ​ពន្ធ GSP ឲ្យ​ឥណ្ឌា​និង​តួ​ក​គី​
05, Mar 2019 , 9:55 am        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ (រូបភាព AFP)
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែមីនា បានប្រកាស​ពី​បំណង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ពី​ឥណ្ឌា និង​តួ​ក​គី​។ អាមេរិក​ចោទ​ឥណ្ឌា​ថា រឹតត្បិត​ទីផ្សារ​របស់​ខ្លួន និង​យកពន្ធ​ខ្ពស់​ពី​ការនាំ​ចូល​ទំនិញ​របស់​អាមេរិក ខណៈ​អាមេរិក​មិន​យកពន្ធ​នាំចូល​ពី​ទំនិញ​របស់​ឥណ្ឌា​ជាច្រើន​មុខ​។ សម្រាប់​តួ​ក​គី​វិញ អាមេរិក​ចាត់ទុក​សេដ្ឋកិច្ច​ប្រទេស​នេះ​នៅ​លំដាប់​ខ្ពស់​ទៅហើយ ដែល​មិនចាំបាច់​ផ្ដល់​ការអនុគ្រោះ​អ្វី​ទៀតឡើយ​។​



​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រធានរដ្ឋសភា ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​មានបំណង​ដក​ឥណ្ឌា​ចេញពី​ការ​បញ្ជី​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ទទួលបាន​ការអនុគ្រោះ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ។ លោក ត្រាំ បន្តថា លោក​សម្រេចចិត្ត​បែប​នោះ បន្ទាប់ពី​ការជួប​ជជែក​គ្នា​រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​ក្រុង​ញូវដែលី​។​

​បើតាម​លិខិត​ដដែល ប្រធានាធិបតី​អាមេរិក​អះអាងថា ឥណ្ឌា​មិនបាន​ផ្ដល់​ការធានា​ពី​ការបើកចំហ​ទីផ្សារ​ឲ្យ​បាន​សមរម្យ និង​ស្មើភាព​សម្រាប់​ទំនិញ​អាមេរិក​ឡើយ​។ ការណ៍​នេះ​ត្រូវបាន​មន្ត្រី​ចរចា​ពាណិជ្ជកម្ម​ពន្យល់ថា ជាការ​បំពាន​លក្ខខណ្ឌ​ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពន្ធ GSP ។ ទោះជា​យ៉ាងណា លោក ត្រាំ ក៏​ទុក​ទ្វារ​ចំហ​សម្រាប់​ឥណ្ឌា​ក្នុង​ការទទួល GSP នេះ​វិញ បើ​អនុវត្តតាម​លក្ខខណ្ឌ​ដែល​បានកំណត់​។

​តាមពិតទៅ ការឈប់​ផ្ដល់​ការអនុគ្រោះ​ពន្ធ GSP ទៅ​ឲ្យ​ឥណ្ឌា ក៏​ជា​រឿង​ដែល​គេ​រំពឹង​ទុកជាមុន​ទៅហើយ​។ អស់​ពេល​ជាច្រើន​ខែ​មកនេះ លោក​ប្រធានាធិបតី​អាមេរិក​បាន​រិះគន់​ឥណ្ឌា​ត្រង់ៗ​ពី​ការ​កេងចំណេញ​លើ​ការអនុគ្រោះ​ពន្ធ​របស់​អាមេរិក​។ នោះ គឺ​ពេលដែល​ឥណ្ឌា​អាច​នាំចូល​ផលិតផល​ចូល​ទីផ្សារ​អាមេរិក​ក្នុងតម្លៃ ៥,៦​ពាន់​លាន​ដុល្លារ​ដោយ​មិនបាច់​បង់ពន្ធ​មួយ​សេន អាមេរិក​ឯណោះ​វិញ​បែរជា​ត្រូវ​បង់ពន្ធ​ពេញ​ថ្លៃ​ទៅវិញ​។​

​ការពិចារណា​ដក GSP ពី​ឥណ្ឌា ចាប់ផ្ដើម​តាំងពី​ខែមេសា ឆ្នាំ​២០១៨ មកម្ល៉េះ បន្ទាប់ពី​អាមេរិក​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​របស់​ឥណ្ឌា​ឡើងវិញ​។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP ប្រទេសមួយ​អាច​នាំចូល​ទំនិញ​ទៅកាន់​អាមេរិក​ដោយ​មិនបាច់​បង់ពន្ធ​ឡើយ ប្រសិនបើ​គោរព​លក្ខខណ្ឌ​ត្រឹមត្រូវ​ដូចជា​ការបើកចំហ​ទីផ្សារ​ក្នុង​កម្រិត​សមល្មម​ណាមួយ​ឲ្យ​អាមេរិក​វិញ​។ ប៉ុន្តែ​អាមេរិក​រកឃើញថា ឥណ្ឌា​បែរជា​បង្កើត​ឧបសគ្គ​ដល់​ការរកស៊ី​របស់​អាមេរិក​ទៅវិញ​។​

​ចំណែក​តួ​ក​គី​វិញ ប្រទេសមួយ​ទទួលបាន​ការអនុគ្រោះ​ពន្ធ GSP ពី​អាមេរិក​តាំងពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ​។ បើតាម​ការិយាល័យ​តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក ៤៤ ឆ្នាំ​មកនេះ តួ​ក​គី​បានបង្ហាញ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ដែល​នេះ​មានន័យថា ក្រុង​អង់កា​រ៉ា​អាច​ឆ្លង​ផុតពី​កម្មវិធី​នេះ​បាន​ហើយ​៕ 

Tag:
 អាមេរិក​
  ឥណ្ឌា​
  តួ​ក​គី​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com