កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Solskjaer ជឿជាក់ថា Man Utd អាច​ទម្លាក់ PSG បាន ដ្បិត​ក្រុម​ខ្លួន​លេង​ល្អ​ក្រៅ​ដី​
06, Mar 2019 , 4:35 pm        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន Manchester United នៅតែ​ជឿជាក់ថា ទម្រង់​លេង​នៅក្រៅ​ដី​របស់​ក្រុម​លោក​នឹង​ផ្តល់​ក្តីសង្ឃឹម​ក្នុងការ​វាយបក​យកឈ្នះ Paris St Germain នៅ​កីឡដ្ឋាន Parc des Princes វិញ បើ​ទោះ​ខាត​២​គ្រាប់​ក្នុង​ដី​ខ្លួនឯង នៅ​ជើង​ទី​១​ក៏ដោយ​។​



Man Utd នឹងត្រូវ​តទល់​ជាមួយ PSG ក្នុងជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​៦ ខែមីនា វេលា​ម៉ោង ៣:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​កាត់សេចក្តី​ថា ក្រុម​ណា​អាច​ឈានទៅ​វគ្គ​បន្ត​ក្នុង​ពានរង្វាន់ UEFA Champions League​។ ក្រុម​របស់លោក Solskjaer បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​យក្ស​បារាំង​នៅ Old Trafford ដល់​ទៅ ២-០ នា​ជំនួប​ជើង​ទី​១​។​

​មិន​ត្រឹមតែ​របូត​២​គ្រាប់ Man Utd ក៏​កំពុងមាន​វិបត្តិ​កីឡាករ​សំខាន់ៗ​របួស​ជាច្រើនរូប​ផងដែរ ខណៈ Paul Pogba មិន​អាចជួយ​ក្រុម​បាន ដ្បិត​ត្រូវ​ពិន័យ​ដោយសារ​កាត​ក្រហម​នៅ​ជើង​ទី​១​។​



​ក្នុងការ​ប្រកួត​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ ស្ទើរតែ​គ្មាន​ក្រុម​ណា​អាច​ឆ្លងទៅ​វគ្គ​បន្ទាប់​ឡើយ ក្រោយពី​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​នៅ​ជើង​ទី​១ ចាប់ពី​២​គ្រាប់​ឬ​ច្រើនជាង​នេះ​។ បើ​ទោះ​យ៉ាងនេះ​ក្តី អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​នៅតែ​ជឿជាក់​លើ​កូនក្រុម​លោក​ថា ពួកគេ​អាចធ្វើ​បាន​មិន​ខាន​។​

«​គ្រាប់​បាល់​គឺ​តែងតែ​ផ្លាស់ប្តូរ​ការប្រកួត​។ យើង​ត្រូវតែ​រក​គ្រាប់​បាល់​ទី​១​ឲ្យ​បាន បន្ទាប់មក​អ្វីៗ អាច​កើតឡើង​បន្តទៀត​។ កីឡាបាល់ទាត់​គឺ​ត្រូវ​ប្រើ​បច្ចេកទេស និង​យុទ្ធសាស្ត្រ ប៉ុន្តែ​វា​ក៏​ជា​ល្បែង​ផ្លូវចិត្ត​ដែរ​។ ប្រសិនបើ​យើង​រក​គ្រាប់​បាល់​ដំបូង​បាន​មុន​យើង​នឹង​រឹតតែ​មានការ​ជឿជាក់​ប​ន្ថែ​ម​ទៀត ហើយ​ដៃគូ​របស់​យើង​នឹង​ចាប់ផ្តើម​មាន​សម្ភា​ធ​»​។ Solskjaer រៀបរាប់​បែបនេះ​។​

​ក្រោម​ការដឹកនាំ​របស់ Solskjaer ក្រុម​បិសាច​ក្រហម​មិនដែល​ស្គាល់​ចាញ់​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​ក្រៅ​ដី​ទាំង​៨​ប្រកួត​។ «​យើង​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ដូចជា Arsenal, Chelsea និង Tottenham Hotspur នៅក្រៅ​ដី ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​យើង​មានការ​ជឿជាក់​ខ្ពស់​ថា​នឹងធ្វើ​បានល្អ​ពេល​ប៉ះ PSG បន្តទៀត​»​។​

​ដោយឡែក​ជំនួប​មួយគូ​ទៀត Roma នឹងធ្វើ​ដំណើរ​ទៅ​ជួប FC Porto ក្នុងការ​ប្រកួត​ជើង​ទី​២ ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​នឹងត្រូវ​ទៅ​វគ្គ​បន្ត នៅ​ម៉ោង​ដំណាល់គ្នា​នេះដែរ​។ កាលពី​ជើង​ទី​១ ក្រុម​ពី​អ៊ីតាលី Roma បាន​យកឈ្នះ​ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់​ដោយ​លទ្ធផល ២-១៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com