កីឡាអន្តរជាតិ
អន្តរជាតិ
​អស្ចារ្យ​! ចាញ់​ប្រៀប​ជើង​ទីមួយ តែ Man Utd និង Porto វាយបក​បានសម្រេច​ដើម្បី​ឈានទៅ​វគ្គ​បន្ត​ UCL
07, Mar 2019 , 5:55 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League បាន​ផ្តល់នូវ​លទ្ធផល​ដ៏​រំភើប​ក្រុម​អ្នកគាំទ្រ Manchester United និង Porto​។ Manchester United ដែល​ចាញ់​ប្រៀប​នៅ​ជើង​ទីមួយ ២-០ បាន​តាម​វាយបក នៅ​ទឹកដី​របស់ Paris Saint Germain ក្នុង​ជើង​ទី​ពីរ​ជាមួយនឹង​លទ្ធផល ៣-១ មុនពេល​ដែល Porto ក៏បាន​យក​ទឹកដី​របស់ខ្លួន​ដើម្បី​វាយបក Roma វិញ​ផងដែរ ជាមួយនឹង​លទ្ធផល ៣-១ នៅ​ម៉ោង​បន្ថែម ក្រោយ​ចាញ់​ប្រៀប ២-១ នៅ​ទឹកដី​របស់​ក្លិប​អ៊ីតាលី​។​



វីដេអូជំនួយអាជ្ញាកណ្តាល (VAR) បាន​ដើរតួនាទីយ៉ាងសំខាន់សម្រាប់​ការប្រកួតនារាត្រីឈាន​ចូល​ថ្ងៃព្រហស្បតិ៍នេះ។ Romeu Lukaku រក​បាន២គ្រាប់នៅតង់ទីមួយ ខណៈ Juan Bernat រកបាន​១គ្រាប់សម្រាប់ម្ចាស់ផ្ទះ PSG។ ជិត​ដល់​បញ្ចប់ការប្រកួតទៅ​ហើយ VAR បាន​កាត់សេចក្តីថា Presnel Kimpembe បាន​យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ ដែលនាំឲ្យ Marcus Rashford ស៊ុត​បាល់ប៉េណាល់ទីនៅនាទី៩០+៤ ហើយជាលទ្ធផលដែលនាំឲ្យ Man Utd ឈានទៅវគ្គ​បន្ត ក្រោមរូបមន្តស៊ុតចូលច្រើន​ក្រៅទឹកដី។

ងាក​ទៅជំនួបនៅប្រទេសព័រទុយហ្គាល់ឯណោះវិញ VAR បាន​កំណត់ឈ្នះចាញ់នៅក្នុងការប្រកួតបន្ថែមម៉ោង។ Tiquinho Soares រកបានគ្រាប់នាំមុខសម្រាប់ម្ចាស់ផ្ទះ Porto ប៉ុន្តែប្រធាន​ក្រុម Daniele de Rossi ទាត់ប៉េណាល់ទីតាមស្មើសម្រាប់ Roma វិញនៅតង់ទីមួយ។ ឈាន​ដល់នាទី៥២ Moussa Marega បន្ថែមមួយគ្រាប់ទៀតឲ្យ Porto ដែលនាំឲ្យ​ការប្រកួត​បន្ថែម​១៥នាទីពីរដង ព្រោះជើងទីមួយ Roma មាន​ប្រៀប ២-១ ដូចគ្នា។ នៅនាទី​១១៧ Alex Telles បាន​ទាត់បាល់ប៉េណាល់នាំជ័យជម្នះ​សម្រាប់ Porto ក្រោយ VAR កាត់សេចក្តីថា Alessandro Florenzi បានបង្កកំហុស​លើ Fernando Santos នៅតំបន់គ្រោះថ្នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com