ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្ម័គ្រចិត្ត​សម្អាត​លូ​បឹងត្របែក​៖«​អ្នកខ្លះ​រិះគន់ តែ​មិន​បានធ្វើ​អ្វី​សោះ​» ​
09, Mar 2019 , 9:48 am        
រូបភាព
ភ្នំពេញ​៖ សកម្មភាព​ស្ម័គ្រ​ប្រមូល​សំរាម និង​សម្អាត​លូ​បឹងត្របែក​ដែល​ផ្តួចផ្តើម​ដោយ​យុវជន សាន ដា​រ៉ា​វីត មានការ​លើកទឹកចិត្ត​និង​ចូលរួម​កាន់តែច្រើន​មកដល់​ថ្ងៃទី​ប្រាំ​។ អ្នកស្ម័គ្រចិត្ត​ដើម្បី​សោភ័ណភាព​ទីក្រុង​នេះ​សង្ឃឹមថា នឹងមាន​ការគាំទ្រ​កាន់តែច្រើន​ក្នុងការ​សម្អាត​សំរាម​ទីក្រុង និង​ជំរុញ​ឲ្យ​មានការ​រក្សា​អនាម័យ ការ​វេច​ខ្ចប់​សំរាម​បាន​ត្រឹមត្រូវ និង​បញ្ឈប់​ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​ទៀត​ក្នុង​ទីក្រុង​។​



សកម្មភាព​បោសសម្អាត​សំរាម​នៅ​គោលដៅ​លូ​បឹងត្របែក​ឈានដល់​ថ្ងៃទី​ប្រាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ៨ ខែមីនា​។ អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នកស្ម័គ្រចិត្ត​ក៏​ចង់ឃើញ​មានការ​គាំទ្រ​កាន់តែច្រើន​ទៀត​ដែរ ដើម្បី​ឲ្យ​ប្រតិបត្តិការ​សម្អាត​សម្រាម​នេះ​អាច​សម្រេចបាន​ឆាប់រហ័ស​។   



អត្ថបទទាក់ទង


ដោយសារ​ទំនេរ​ពី​ការងារ កញ្ញា លីវ ស៊ូ​ឈី មក​ចូលរួម​ប្រមូល​សំរាម​នៅ​លូ​បឹងត្របែក​ជាមួយ​ក្រុម​ស្ម័គ្រចិត្ត​ដទៃទៀត​នៅ​ថ្ងៃទី ៨ ខែមីនា​នេះដែរ​។ ស៊ូ​ឈី ប្រាប់​សារព័ត៌មាន​ថ្មីៗ​(Thmey Thmey)​ថា ខ្លួន​ចង់ឃើញ​មានការ​ចូលរួម​កាន់តែ​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត និង​មាន​សោភណភាព​។​



នៅពេល​សារព័ត៌មាន​ថ្មីៗ សាកសួរ​យោបល់​ជុំវិញ​មតិ​រិះគន់​ខ្លះ​ចំពោះ​សកម្មភាព​ស្ម័គ្រចិត្ត​សម្អាត​លូ​បឹងត្របែក ស៊ូ​ឈី បាន​រៀបរាប់​ដោយ​សុទិដ្ឋិនិយម​ដូច្នេះ​ថា​៖« អ្វីដែល​យើង​ធ្វើ ហើយ​គិតថា​ល្អ យើង​ត្រូវធ្វើ​វា​។ អ្នកខ្លះ​ឃើញ​យើង​ធ្វើ ចាំតែ​និយាយ តែ​គេ​មិនបាន​ធ្វើ​អ្វី​ផង​។ យើង​មិនបាច់​ខ្វល់​ទេ ឲ្យ​តែ​យើង​សប្បាយចិត្ត​នឹងធ្វើ​វា​»​។



ដោយឡែក​លោក កែន ឧ​ត្ត​ម​វាសនា ដែលជា​ស្ម័គ្រចិត្ត​មួយរូប​ទៀត​នោះបាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បានរួម​ចំណែក​សម្អាត​ទី​ក្រុង​។ យុវជន​រូបនេះ​ក៏បាន​ឆ្លៀត​សំណូមពរ​ឲ្យ​ប្រជាជន​គ្រប់គ្នា​ចូលរួម​កាន់តែច្រើន​ក្នុង​សម្អាត​សំរាម វេច​ខ្ចប់ ទុកដាក់ និង​ចៀសវាង​បោះចោល​សំរាម​ពាសវាល​ពាសកាល​ដែរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com