កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pep ថា Man City នៅ​ខ្ចី​ជាង Schalke រីឯ​គ្រូ Juventus សង្ឃឹមលើ Ronaldo ពេល​ប៉ះ AT-Madrid យប់​នេះ​
12, Mar 2019 , 5:03 pm        
រូបភាព
Manchester City ត្រូវ​ទទួល​ស្វាគមន៍​ក្រុម Schalke 04 សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League ខណៈ Atletico Madrid ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី ដើម្បី​តទល់​ជាមួយ Juventus នៅ​រាត្រី​ថ្ងៃទី​១២ ខែមីនា វេលា​ម៉ោង ៣:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ។​

 
​កាលពី​ប្រកួត​ជើង​ទី​១ ក្នុង​ទឹកដី Schalke 04 ក្រុម​ពី​អង់គ្លេស Man City បាន​យកឈ្នះ ៣-២​។ ជ័យជម្នះ​ក្រៅ​ដី​ជាមួយនឹង​គ្រាប់​បាល់​៣​គ្រាប់​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Pep Guardiola មានប្រៀប​លើ​ក្រុម​ពី​អាល្លឺម៉ង់​ដ្បិត​ពួកគេ​ត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​ជើង​ទី​២​។​
 
​បើទោះជា​ក្រុម​មានប្រៀប​ក្តី ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​និយាយ​បែប​ដាក់ខ្លួន​ថា ក្រុម​លោក​ហាក់​នៅមាន​ភាព​ក្មេងខ្ចី​ជាង​គូប្រកួត Schalke សម្រាប់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។​
 
​លោក Guardiola លើកឡើងថា លោក​មិនអាច​បដិសេធ​បានទេ ចំពោះ​ភាពរឹងមាំ​របស់​ក្រុម​ដទៃ​ឬ​ដូចជា Schalke 04 នេះឡើយ​។ លោក​បាន​លើក​ឧទាហរណ៍​ដែល Manchester United អាច​វាយបក​យកឈ្នះ Paris St-Germain វិញ​បាន បើ​ទោះ​ក្រុម​យក្ស​បារាំង​ទទួលលទ្ធផល​នាំមុខ​នៅ​ជើង​ទី​១​ដល់​ទៅ ២-០ ទៅហើយ​ក្តី​។ លោក​លើក​ហេតុផល​អំពី​លទ្ធផល​របស់​ក្រុម​ទាំងពីរ​ថា Man Utd ជា​ក្រុម​ដែលមាន​ភាពចាស់ទុំ​ជាង PSG នៅ Champions League​។​
 
​ដោយឡែក​ក្នុងជំនួប​ដ៏​តានតឹង​មួយគូ​ទៀត​រវាង​ម្ចាស់ផ្ទះ Juventus និង AT-Madrid ។ ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដែល​បាន​ចំណាយលុយ​ច្រើនសន្ធឹក ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo មក​រួម​ក្រុម​រដូវ​កាល​នេះ បែ​ជា​រក​គ្រាប់​បាល់​មិនបាន​ពេល​ជួប AT-Madrid នៅ​ជើង​ទី​១ ព្រមទាំង​របូត​២​គ្រាប់​ថែមទៀត​។​
 
​យ៉ាងណាក៏ដោយ​បរាជ័យ ២-០ នៅក្រៅ​ដី​មិនបាន​ធ្វើ​ឲ្យ​លោក Massimiliano Allegri អ្នកចាត់ការ​ក្រុម​សេះបង្កង់​អស់សង្ឃឹម​នោះទេ និង​ថែមទាំង​ជឿជាក់​លើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ថា Ronaldo នឹង​អាចជួយ​ក្រុម​វាយបក​យកឈ្នះ​ក្រុម​ពី​អេ​ស្ប៉ា​ញ​នៅ​ទឹកដី​របស់ខ្លួន​បាន​នា​ជំនួប​ជើង​ទី​២​យប់​នេះ​។​
 
​លោក Allegri បញ្ជាក់ថា Ronaldo ជា​កីឡាករ​ដែលមាន​«​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​» នៅ Champions League៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester City
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com