ជាតិ
លោក សុខ សង្វារ​៖ មហាសេដ្ឋី​ចិន Jack Ma នឹង​មក​កម្ពុជា​នាឱកាស​ក្រោយ​ទៀត​
13, Mar 2019 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើដំណើរ​មកកាន់​រមណីយដ្ឋាន​អង្គរ​របស់លោក ជេ​ក ម៉ា (Jack Ma)  គ្រាន់តែ​ជា​លើកដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​នឹងមាន​លើក​ទី​២ ឬ​ទី​៣​បន្តទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ជូន​មហាសេដ្ឋី​ចិន​ពេញ​មួយថ្ងៃ [​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩] ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត​នៅ​តំបន់​អង្គរ ខេត្តសៀមរាប​។​

 
​លោក សុខ សង្វារ បាន​លើកឡើងថា​៖ «​លោក ជេ​ក ម៉ា ពិតជា​ស្ញើ​ច​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក បញ្ជាក់ថា លោក​នឹង​មកកាន់​រមណីយដ្ឋាន​អង្គរ​នាឱកាស​ក្រោយ​ទៀត​»​។​


 
​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​កត់សម្គាល់ថា លោក ជេ​ក ម៉ា ស្ថាបនិក​ក្រុមហ៊ុន Alibaba ជា​មនុស្ស​សុភាព​គួរ​ឲ្យ​គោរព ហើយ​លោក​បានផ្តល់​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ប្រាសាទខ្មែរ​។ លោក​បាន​សួរ​សំណួរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រាសាទ ក្នុង​ភាពជា​អ្នក​ចង់​ចេះដឹង​ពិតប្រាកដ​។​


 
​លោក ជេ​ក ម៉ា អតីត​គ្រូបង្រៀន​អង់គ្លេស ជា​មហាសេដ្ឋី​លំដាប់​ទី​២១​លើ​ពិភពលោក ដោយមាន​ទ្រព្យសម្បត្តិ ៣៧,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ប្រចាំឆ្នាំ​២០១៩ របស់​ទស្សនា​វ​ដ្តី Forbes​។ កាលពី​ឆ្នាំ​២០១៨ លោក​ជា​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន ហើយ​បាន​ធ្លាក់​មក​លេខ​ពីរ​វិញ​នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​លោក Ma Huateng ម្ចាស់​ក្រុមហ៊ុន Tencent Holdings ដែលមាន​បណ្តាញ​សង្គម WeChat ដ៏​ល្បីល្បាញ​។​


 
​បើតាម​លោក សុខ សង្វារ វត្តមាន​របស់លោក ជេ​ក ម៉ា ក៏ដូចជា បុគ្គល​ល្បីៗ​ផ្សេងទៀត​ក្នុង​ពិភពលោក​ក្នុងការ​មក​ទស្សនា​រម​ណី​យ​ដ្ឋា​ន​អង្គរ ពិតជា​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ កាន់តែ​ចាប់អារម្មណ៍ ហើយ​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ​បន្ថែមទៀត​៕
 

Tag:
 Jack Ma
  សុខ សង្វារ​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com